អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

មកស្គាល់ប៉ែកខាងក្នុងស្ថានីយ៍អវកាសអន្តរជាតិជាមួយតូម៉ាប៉េស្កេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ប្រៀបដូចជា​ផ្កាយរណប​ដ៏​ធំមួយ ដែល​វិល​ជុំវិញផែនដី ប៉ុន្តែប៉ែកខាងក្នុងវិញ គឺ​ជា​មន្ទីរពិសោធន៍​វិទ្យាសាស្រ្ត ដែល​អាច​ទទួល​អវកាសយានិក ពី ៣ ទៅ ៦នាក់ ​ឲ្យ​ស្នាក់​នៅ​ជាប់ជា​ប្រចាំ។ តើ​ខាង​ក្នុង​ស្ថានីយ៍អវកាស​នេះ​មាន​រូបរាងបែបណា? តើ​គេ​រស់​នៅលើ​នោះ​បាន​យ៉ាងដូចម្តេច (កន្លែងគេង បាយ ទឹក បង្គន់...)? តាមរយៈវីដេអូ​នេះ អវកាសយានិក​បារាំង តូម៉ា ប៉េស្កេ (Thomas Pesquet) ដែល​ធ្លាប់​ស្នាក់​នៅ​ទីនោះ ៦ខែ កាលពីពេលកន្លងមក ហើយ​បច្ចុប្បន្ន​កំពុងបំពេញបេសកកម្ម​​លើកទីពីរនៅទីនោះ ​នាំ​លោកអ្នក​ឲ្យ​ស្គាល់​​ប៉ែកខាង​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ។

អវកាសយានិក​បារាំង តូម៉ា ប៉េស្កេ (Thomas Pesquet) នៅក្នុង​ស្ថានីយ៍អវកាសអន្តរជាតិ
អវកាសយានិក​បារាំង តូម៉ា ប៉េស្កេ (Thomas Pesquet) នៅក្នុង​ស្ថានីយ៍អវកាសអន្តរជាតិ © ESA/NASA
ផ្សាយពាណិជ្ជកម្ម

ទិន្នន័យសង្ខេបអំពី​ស្ថានីយ៍អវកាសអន្តរជាតិ (International Space Station)

  • ទំហំ៖ បណ្តោយ ៧៣ម៉ែត្រ និង​ទទឹង​ស្លាប ១០៩ម៉ែត្រ
  • រយៈកម្ពស់៖ ៤០០គីឡូម៉ែត្រ
  • ល្បឿន៖ ២៨០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង (ជិត ៨គីឡូម៉ែត្រ​ក្នុង១វិនាទី) ធ្វើ​ដំណើរ​១ជុំផែនដី​ដោយ​ប្រើ​ពេល​ប្រមាណ​ជា ៩០នាទី
  • ថ្ងៃ-យប់៖ ក្នុងរយៈពេល ២៤ម៉ោង ស្ថានីយ៍អវកាស​អន្តរជាតិ​អាច​ធ្វើ​ដំណើរវិលជុំវិញ​ផែនដី​ចំនួន ១៦ដង ដែលមានន័យថា ២៤ម៉ោងនៅលើ​ដី មានថ្ងៃមានយប់​ដល់​ទៅ ១៦ដង នៅលើ​ស្ថានីយ៍អវកាស​អន្តរជាតិ ហើយ​អវកាសយានិក​ដែល​នៅលើ​នោះ អាច​មើលឃើញ​ថ្ងៃ​រះ ១៦ដង និង​ថ្ងៃលិច ១៦ដង
  • ផ្នែកដំបូងបង្អស់​នៃ​ស្ថានីយ៍អវកាស​អន្តរជាតិ​ត្រូវ​បាន​បាញ់បង្ហោះ នៅឆ្នាំ១៩៩៨ ហើយ​អាច​ចាប់ផ្តើម​ទទួល​អវកាសយានិក​ឲ្យ​ស្នាក់​នៅ​ជា​លក្ខណៈអចិន្រ្តៃយ៍​ចាប់ពីឆ្នាំ២០០០
  • គិតជាសរុប មាន​មនុស្ស ២៤២នាក់ មកពីប្រទេស​ចំនួន ១៩ផ្សេងគ្នា ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ៍អវកាស​អន្តរជាតិ
  • ពីលើ​ដីនេះ​ទៅ នៅពេល​យប់​ គេ​អាច​មើល​ឃើញ​ស្ថានីយ៍អវកាស​អន្តរជាតិ​ដោយ​ភ្នែកទទេ ដោយ​មើល​ឃើញ​ជា​ចំណុច​ភ្លឺប្រហាក់ប្រហែល​ផ្កាយព្រឹកតែផ្លាស់ទី​ក្នុងល្បឿន​លឿន​ឆ្លងកាត់ផ្ទៃមេឃ (ផ្កាយហោះ)។ ព័ត៌មាន​ទាក់ទង​នឹង​ទីតាំង និង​ពេល ដែល​ស្ថានីយ៍អវកាស​អន្តរជាតិ​ត្រូវហោះកាត់ មាន​នៅលើ​វេបសាយ​របស់​អេសា www.esa.int

ព័ត៌មានលម្អិតទាក់ទងនឹង​ស្ថានីយ៍អវកាសអន្តរជាតិ៖ https://www.nasa.gov/mission_pages/station/main/index.html

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ