អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ណាសាគ្រោងបញ្ជូនយានពីរទៅកាន់ភពសុក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភពសុក្រ​ជាភព​ដែល​ស្ថិត​នៅ​ជិតផែនដី​ជាងគេ ក៏ប៉ុន្តែ អស់រយៈពេល​ ៣០ឆ្នាំមកហើយ ដែល​ណាសា​មិនដែល​បាន​បញ្ជូន​យាន​ទៅ​ទីនោះ។ ទើបតែ​ពេលនេះ ដែល​ណាសា​ប្រកាស​ឲ្យដឹង អំពី​គម្រោង​បញ្ជូន​យាន​ចំនួន​ពីរគ្រឿង ឲ្យ​ទៅកាន់​ភពសុក្រ នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០២៨ និង​ឆ្នាំ២០៣០​ខាងមុខ។

Artist impression of Davinci+ to Venus
Artist impression of Davinci+ to Venus © NASA
ផ្សាយពាណិជ្ជកម្ម

កាល​ពីថ្ងៃទី២​មិថុនា​កន្លងទៅនេះ ទីភ្នាក់ងារ​ណាសា​បាន​ប្រកាស​ឲ្យដឹង អំពី​គម្រោង​បញ្ជូន​យាន​ដល់ទៅ​ពីរគ្រឿងទៅកាន់​ភពសុក្រ នៅក្នុងចន្លោះ​ពីឆ្នាំ២០២៨ ទៅ​ឆ្នាំ២០៣០​ខាងមុខ។

យាន​គ្មាន​មនុស្សបើកទាំងពីរ​គ្រឿងនេះ មួយមានឈ្មោះ​ថា DAVINCI+ ហើយមួយទៀត មានឈ្មោះ​ថា VERITAS។

DAVINCI+ ជាប្រភេទយាន​ដែល​ត្រូវ​ចុះ​ទៅដល់​ដី​របស់​ភពសុក្រ ហើយ​មាន​បេសកកម្ម​ចម្បង​ៗ​ចំនួនពីរ។

ទីមួយ គឺ​សិក្សា​លម្អិត​អំពី​ធាតុផ្សំ​នៃ​បរិយាកាស​របស់​ភពសុក្រ ដើម្បី​​អាច​ស្វែងយល់ថា តើ​បរិយាកាស​នេះ​ចាប់កំណើត​ឡើង​ដោយ​របៀបណា? មាន​ការ​វិវឌ្ឍ​បែបណា​ខ្លះ​ទើប​អាច​ក្លាយ​ជា​ស្រទាប់បរិយាកាស​ដែល​ពេញ​ទៅដោយ​ឧស្ម័នផ្ទះកញ្ចក់​យ៉ាង​ក្រាស់ឃ្មឹក​ដូចជាពេល​បច្ចុប្បន្ន​នេះ? និង​ដើម្បី​កំណត់​ថា តើ​នៅលើ​​ភពសុក្រ​នេះ អាច​មាន​មហាសមុទ្រ​ដែរឬក៏​យ៉ាងណា​កាល​ពី​អតីតកាល។

ទីពីរ DAVINCI+ ដែល​បំពាក់​ទៅដោយ​កាមេរ៉ា​ទំនើប នឹង​ថតយក​រូបភាព​យ៉ាង​ច្បាស់​និង​លម្អិត​​បំផុត​ដែល​គេ​មិនធ្លាប់ធ្វើ ទៅលើសណ្ឋានដី​ដ៏​ចម្លែក​មួយ ដែល​រហូតមកទល់នឹង​ពេលនេះ គេសង្ស័យ​ថា​ វា​អាច​ជា​​សណ្ឋានដី​ដែល​មាន​រចនាសម្ព័ន្ធ​ជា​ទ្វីប និង​ផ្លាកតិចតូនិច ដូចជា​នៅលើ​ភពផែនដី​របស់​យើង។

យាន VERITAS វិញ គឺ​ជា​ប្រភេទ Orbiter ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី ហើយ​បេសកកម្ម​ចម្បង គឺ​សិក្សា​លម្អិត​ទៅលើ​សណ្ឋានដី បង្កើត​ជាផែនទី​ពេញលេញ​មួយ នៅ​ស្ទើរតែ​ទូទាំង​ភពសុក្រ​ទាំងមូល ព្រមទាំង​ប្រមូលទិន្នន័យផ្សេងទៀត ដើម្បី​អាច​ឲ្យ​គេ​កំណត់​ថា តើ​នៅលើ​ភពសុក្រ​នេះ នៅ​បន្ត​មាន​ភ្នំភ្លើង និង​ចលនា​ផ្លាកតិចតូនិច​សកម្ម​ដែរ​ឬ​ក៏​យ៉ាងណា?

ការសិក្សា​លម្អិត​ទៅលើ​ចំណុច​ទាំងនេះ មិនត្រឹមតែ​អាច​ឲ្យ​យើង​យល់​កាន់តែច្បាស់ អំពី​ភពសុក្រ​នោះទេ ក៏ប៉ុន្តែ រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត វា​ក៏​អាច​ឲ្យ​យើង​ស្វែងយល់​បានផងដែរ អំពី​ដំណើរវិវឌ្ឍ​នៃ​លក្ខខណ្ឌ​អំណោយផល​ជីវិត​ នៅលើ​ភពផ្សេងទៀត ជាពិសេស គឺ​នៅលើ​ផែនដី​របស់​យើង​ដោយ​ផ្ទាល់។

ប្រសិនបើ​​​កាល​ពី​ដើម​ដំបូងឡើយ ភពសុក្រ​ជា​ភព​ដែល​មាន​ទឹក និង​បរិយាកាស​ស្រដៀងគ្នា​​​ទៅនឹង​ភពផែនដី​របស់​យើង មុននឹង​ត្រូវ​វិវឌ្ឍ​ទៅ​ជា​ភព​​គ្របដណ្តប់​ពេញ​ទៅ​ដោយ​ឧស្ម័ន​ផ្ទះកញ្ចក់ ហើយ​​អាកាសធាតុ​ត្រូវ​ប្រែប្រួល​​រហូតឡើងកម្តៅដល់​កំពូល​ដូចជា​បច្ចុប្បន្ន​នេះ ដូច្នេះ អ្វីដែល​អាច​កើតឡើង​នៅលើ​ភពសុក្រ ក៏​វា​អាច​កើតឡើងបានដែរ នៅលើ​ភពផែនដី​របស់​យើង ហើយ​អ្វីដែល​យើងអាច​សង្កេតឃើញ​នៅលើ​ភពសុក្រ​បច្ចុប្បន្ន វា​អាច​ជា​សេណារីយ៉ូ​មួយ​នៃ​ដំណើរវិវឌ្ឍ​អាកាសធាតុ​លើ​ភពផែនដី​របស់​យើង នៅ​ក្នុងរយៈពេល​វែង​ខាងមុខ។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ