អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើទៅដល់ត្រឹមណាទើបផុតកម្លាំងទំនាញផែនដី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើហេតុអ្វីបាន​ជា​អវកាសយានិក​អណ្តែត​នៅ​ក្នុង​ស្ថានីយ៍អវកាសអន្តរជាតិ? តើ​មកពី​គ្មានកម្លាំងទំនាញផែនដី? តើនៅត្រឹមរយៈកម្ពស់​ប៉ុន្មាន ដែល​ជា​ព្រំដែន​នៃ​កម្លាំងទំនាញផែនដី? ហើយត្រឹមណា​ជាព្រំដែន រវាង​ភពផែនដី និង​ទីអវកាស?

© NASA
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ គេកំណត់​ជាលក្ខណៈអន្តរជាតិ​ថា ព្រំដែន រវាង​បរិយាកាសផែនដី និង​ទីអវកាស គឺ​ស្ថិត​នៅ​ត្រង់​ខ្សែបន្ទាត់​ដែលគេ​ឲ្យឈ្មោះ​ថា ការម៉ាន (Karman Line) ដែល​ស្ថិត​នៅ​​រយៈកម្ពស់ ១០០គីឡូម៉ែត្រ​​​ពីកម្រិតទឹកសមុទ្រ។ ក៏ប៉ុន្តែ នេះគ្រាន់តែ​ជា​ការសន្មត់​តែប៉ុណ្ណោះ ចំណែក​​គិត​ទៅតាម​លក្ខណៈវិនិច្ឆ័យ​បែបរូបវិទ្យា​វិញ ​វាមិនមែន​ជា​ខ្សែបន្ទាត់ព្រំដែន​​ដែល​ខណ្ឌចែកអ្វីពិតប្រាកដ​នោះទេ។

ជាការពិត​ថា គេ​កំណត់​យក​រយៈកម្ពស់ ១០០គីឡូម៉ែត្រ​នេះ​ជា​ព្រំដែន​រវាង​ផែនដី និង​ទីអវកាស ដោយសារ​តែ​ស្រទាប់បរិយាកាស​ភាគច្រើន​នៃ​ភពផែនដី​របស់​យើង​ គឺ​ប្រមូលផ្តុំគ្នា​នៅ​ក្រោម ១០០គីឡូម៉ែត្រ ក៏ប៉ុន្តែ វាក៏មិនមែនមានន័យថា ហួស​ពី​១០០គីឡូម៉ែត្រ​នេះទៅលែងមាន​បរិយាកាសសោះ​នោះដែរ។ ស្រទាប់បរិយាកាស​នៅតែមាន ថ្វីដ្បិតតែ​មាន​តិច គឺត្រឹមប្រមាណ​ជា ១% នៃ​បរិយាកាស​សរុប​លើ​ភពផែនដី ក៏ប៉ុន្តែ វាក៏មិនទទេ គ្មានម៉ូលេគុល​ខ្យល់​​សោះ​នោះដែរ។

កម្លាំងទំនាញផែនដីវិញ​ក៏មិនមាន​ព្រំដែនកំណត់​ថា នៅត្រឹមណា​ ស្ថិត​នៅ​ក្នុង​ឥទ្ធិពល​នៃ​កម្លាំងទំនាញផែនដី ហើយ​ទៅរយៈកម្ពស់​ត្រឹមណា​ត្រូវ​ផុត​កម្លាំងទំនាញ​ផែនដី​នោះទេ។ តាមការពិត​ទៅ បើ​និយាយ​​ជាលក្ខណៈទ្រឹស្តី កម្លាំងទំនាញ​ផែនដី​ គឺ​មិនមាន​ទី​បញ្ចប់​នោះទេ។

យើងដឹង​ថា យោងតាម​ទ្រឹស្តី​កម្លាំងទំនាញ​សកល​របស់​អ៊ីសាក់​ញូតុន កម្លាំងទំនាញ គឺ​វា​អាស្រ័យ​ទៅ​​លើ​ម៉ាស់ និង​ចម្ងាយ នៅក្នុងទំនាក់ទំនង​ជា​សមាមាត្រ​បញ្ច្រាស ដែលគេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Inverse Square Law » ហើយ​ដែល​មានន័យ​ថា កាលណា​គេ​ទៅដល់​រយៈចម្ងាយ​កាន់តែឆ្ងាយ ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ក៏​កាន់តែ​ត្រូវ​ថយចុះ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វាក៏​មិន​ថយចុះ​រហូតដល់​ចំណុច​សូន្យ​ទាំងស្រុង​នោះដែរ។

អ្នកខ្លះ​ប្រហែល​ជា​ចោទសួរថា បើ​សិន​ជា​កម្លាំងទំនាញផែនដី​មាន​ឥទ្ធិពល​ទៅដល់​យ៉ាង​ឆ្ងាយ​បែបនេះ ចុះ​ហេតុអ្វី​បាន​ជា​នៅត្រឹម​ស្ថានីយ៍អវកាស​អន្តរជាតិ ដែល​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ៤០០គីឡូម៉ែត្រ​ពីដី អវកាសយានិក និង​អ្វីៗផ្សេងទៀត ​សុទ្ធតែ​អណ្តែត​បាន​បែបនេះ?

អវកាសយានិក​ដែល​អណ្តែត​នៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ ​គឺ​មិនមែន​ដោយសារ​តែ​ចេញផុត​ពី​ដែន​កម្លាំងទំនាញ​ផែនដី​នោះទេ ក៏ប៉ុន្តែ អណ្តែត​ដោយសារ​តែ​ទាំង​អវកាសយានិក និង​ទាំង​ស្ថានីយ៍អវកាស​អន្តរជាតិសុទ្ធតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទន្លាក់សេរី ដោយ​ធ្លាក់​ជុំវិញផែនដី​ក្នុងល្បឿន​​ប្រមាណ​ជា ២៨០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ​​ដូចគ្នា។

ការអណ្តែត​នៅ​ក្នុង​អវកាស ដែល​យើងតែងតែ​និយាយ​តាម​ភាសាសមញ្ញ​ថា ជា​ស្ថានភាព « គ្មានកម្លាំងទំនាញ » តាមការពិត​ទៅ​ គឺ​គ្រាន់តែ​ជា​ស្ថានភាព « គ្មានទម្ងន់ » តែ​ប៉ុណ្ណោះ រីឯកម្លាំងទំនាញវិញ គឺ​នៅតែ​មាន​ ហើយ​ត្រឹម​ចម្ងាយ ៤០០គីឡូម៉ែត្រ ទំនាញផែនដី​គឺនៅ​មាន​កម្លាំងយ៉ាងខ្លាំងនៅឡើយ ដោយ​ថយចុះ​​ពី​កម្លាំងទំនាញ​នៅ​លើ​ដី​តែ​បន្តិចបន្តួចតែប៉ុណ្ណោះ៕

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ