អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើអាចម៍ផ្កាយ « បេនូ » អាចហោះមកបុកផែនដីដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ទី១១ សីហា ២០២១​កន្លងទៅនេះ អ្នកវិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ណាសា​​បាន​​ចេញផ្សាយលទ្ធផល​សិក្សា​ទៅលើ​ទិន្នន័យ ដែល​យាន OSIRIS-REx ប្រមូលបាន​ពី​អាចម៍ផ្កាយ "បេនូ" (Bennu)។ តាមរយៈ​ទិន្នន័យ​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​យល់​បាន​កាន់តែ​ច្បាស់​ជាងមុន និង​អាច​ព្យាករ​អំពី​ប្រូបាប៊ីលីតេ ដែល​អាចម៍ផ្កាយ​បេនូ​នេះ​អាច​នឹង​ហោះមក​បុកទង្គិចផែនដី​នៅ​ពេល​ខាងមុខ។

អាចម៍ផ្កាយ​ឈ្មោះ "បេនូ" (Bennu) ដែល​ណាសា​ធ្លាប់​បញ្ជូន​យាន​ OSIRIS-REx ឲ្យ​ទៅចុះចត កាល​ពី​ឆ្នាំ២០២០
អាចម៍ផ្កាយ​ឈ្មោះ "បេនូ" (Bennu) ដែល​ណាសា​ធ្លាប់​បញ្ជូន​យាន​ OSIRIS-REx ឲ្យ​ទៅចុះចត កាល​ពី​ឆ្នាំ២០២០ © NASA/Goddard/University of Arizona
ផ្សាយពាណិជ្ជកម្ម

Bennu ដែល​ត្រូវ​បាន​គេ​រកឃើញ កាល​ពី​ឆ្នាំ១៩៩៩ ធ្វើ​ដំណើរ​វិល​ជុំវិញ​ព្រះអាទិត្យ ក្នុង​គន្លង​រាងជាអេលីប ដែលចុងម្ខាង​ស្ថិត​នៅ​ចន្លោះ​ភពផែនដី​និង​ភពអង្គារ ចំណែក​ចុងម្ខាង​ទៀតចូល​មក​ខាង​ក្នុងឆ្លងកាត់​​គន្លងផែនដី ចូល​រហូត​ទៅដល់​ចន្លោះ​ រវាង​ផែនដី និង​ភព​សុក្រ ដែល​គន្លង​នេះ ធ្វើ​ឲ្យ Bennu ត្រូវ​​ហោះកាត់​ក្បែរភពផែនដី​នៅ​រៀងរាល់ ៦ឆ្នាំម្តង។

Bennu គឺ​ជា​អាចម៍ផ្កាយ​ធុន​មធ្យម ដែល​មាន​ទំហំ​ប្រមាណ​ជា ៥០០ម៉ែត្រ ហើយ​ថ្វីដ្បិត​តែ​វា​តូចជាង​ឆ្ងាយ​ពី​អាចម៍ផ្កាយ ដែល​សម្លាប់​សត្វឌីណូស័រ កាល​ពី​ជាង ៦៦លាន​ឆ្នាំមុន ក៏ប៉ុន្តែ វា​មាន​ទំហំ​ធំល្មម​គ្រប់គ្រាន់ ដែល​អាច​នឹង​បង្ក​គ្រោះមហន្តរាយធ្ងន់ធ្ងរ​ដល់​ភពផែនដីរបស់​យើង។

អ្នកវិទ្យាសាស្រ្ត​បាន​ព្យាករ​ថា នៅ​ឆ្នាំ២១៣៥​ខាងមុខ បេនូ​នឹង​ហោះ​កាត់ក្បែរ​ភពផែនដី​យ៉ាង​ជិតបំផុត គឺ​ហោះ​កាត់​ត្រឹម​ចម្ងាយ​តែប្រមាណ​ជា​ពាក់កណ្តាល​ប៉ុណ្ណោះ នៃ​ចម្ងាយ​រវាង​ផែនដី និង​ព្រះចន្ទ។ គេ​ដឹង​ថា ការ​ហោះកាត់​នៅពេលនោះ បើទោះជា​មក​ដល់​ចម្ងាយ​យ៉ាងជិត ក៏ប៉ុន្តែ បេនូ​នឹង​មិនបង្ក​គ្រោះថ្នាក់​ណា​មួយ​ដល់​ភពផែនដី​របស់​យើង​នោះទេ។ អ្វី​ដែល​ជា​ក្តីកង្វល់​របស់​អ្នក​វិទ្យាសាស្រ្ត គឺបារម្ភ​ខ្លាច​​នៅពេល​​ហោះកាត់នោះ ​បេនូ​ត្រូវ​រង​នូវ​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ផែនដី ​វា​ធ្វើ​ឲ្យ​គន្លង​របស់​វា​ត្រូវ​ប្រែប្រួល​ខុសពី​សភាព​ដើម ហើយ​អាច​​​នឹង​នាំ​វា​ឲ្យ​ហោះមក​​បុកផែនដី​របស់​យើង នៅ​ពេលជាច្រើន​ឆ្នាំ​ក្រោយៗ​មកទៀត។

តាមរយៈ​ទិន្នន័យ​ដែល​គេប្រមូល​បានដោយ​​យាន​អវកាស ឈ្មោះ OSIRIS REx របស់​ទីភ្នាក់ងារ​ណាសា ដែល​បាន​ចុះទៅដល់​ផ្ទៃដី​អាចម៍ផ្កាយ​បេនូ កាល​ពី​​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​កន្លងទៅ អ្នកវិទ្យាសាស្រ្ត​របស់​ណាសា​បាន​ព្យាករ​ថា វា​ជា​រឿង​ដែល​អាច​ទៅរួច​ដែល​ថា Yarkovsky effect នេះ​អាច​នឹង​ធ្វើ​ឲ្យ​​គន្លង​របស់​បេនូ​ត្រូវ​ប្រែប្រួល ហើយ​នៅ​ឆ្នាំ២១៣៥ ត្រូវ​​​ហោះកាត់​ភពផែនដី​​​ក្នុង​រយៈចម្ងាយ​​មួយ ត្រង់ចំណុច​ ដែល​គេ​ឲ្យឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Gravitational key hole » ធ្វើ​ឲ្យ​បេនូ​ត្រូវ​រង​នូវ​ឥទ្ធិពល​កម្លាំង​ទំនាញផែនដី​ល្មម​អាច​នឹង​នាំ​វា​ឲ្យ​មក​បុកផែនដី នៅចុងសតវត្សរ៍​ទី២២​ខាងមុខ គឺ​ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២១៨២។ ក៏ប៉ុន្តែ ប្រូបាប៊ីលីតែ​ដែល​បេនូ​ហោះមកបុកផែនដី​នៅពេលនោះ គឺ​មាន​មិនច្រើន​នោះទេ គឺ​ត្រឹមតែ ០,០៣៧%​ ប៉ុណ្ណោះ ហើយ​បើគិត​​ជា​រួម នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ៣០០ឆ្នាំ​ខាងមុខនេះ គឺ​ចាប់ពីពេលនេះ​រហូត​ទៅដល់​ឆ្នាំ២៣០០ ប្រូបាប៊ីលីតែ​ដែល​បេនូ​អាច​ហោះ​មក​បុកផែនដី​របស់​យើង​ក៏​មានមិនច្រើន​ប៉ុន្មាន​នោះដែរ គឺ​មាន​ត្រឹមតែ ០,០៥៧%​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ