អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីអឺរ៉ុបបាញ់រ៉ុកកែតអវកាសចេញពីដែនដីបារាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា “អេសា” មានប្រទេស​​សមាជិក​​ចំនួន ២២ ប្រទេស ក៏ប៉ុន្តែ សំណួរ​សួរថា តើ​ហេតុអ្វី​បានជាគេ​បោះទីតាំង​បាញ់បង្ហោះរ៉ុកកែតអវកាស នៅ​ក្នុងទឹកដី​​បារាំង? នៅបារាំង​នេះ​ទៀត​សោត ហេតុអ្វី​បាន​ជា​គេ​មិនធ្វើ​នៅ​ក្នុងដែនដី​​បារាំងនៅ​អឺរ៉ុប ហើយ​បែរជា​ទៅធ្វើ នៅក្នុងដែនដី​បារាំង​នាយសមុទ្រ ដែល​ស្ថិត​នៅ​ឯតំបន់​អាមេរិក​ខាង​ត្បូង​ឯណោះទៅវិញ?

រ៉ុកកែតធុន "អារីយ៉ាន ៦"
រ៉ុកកែតធុន "អារីយ៉ាន ៦" © ESA
ផ្សាយពាណិជ្ជកម្ម

តាមការពិតទៅ មជ្ឈមណ្ឌលអវកាស « គូរូ » ដែល​អេសា​ប្រើ​សព្វថ្ងៃនេះ​គឺ​ជា​មជ្ឈមណ្ឌល​អវកាស​របស់​ទីភ្នាក់ងារអវកាសបារាំង « Centre national d’études spatiales » ហៅកាត់ថា « CNES »។ មជ្ឈមណ្ឌល​អវកាស​ដែល​បាន​បង្កើតឡើង កាល​ពីឆ្នាំ១៩៦៤ ហើយ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​រួមគ្នា​ជាមួយទីភ្នាក់ងារ​អេសា ចាប់តាំងពីឆ្នាំ១៩៧៥។

ទីតាំង​នៃ​មជ្ឈមណ្ឌល​អវកាស​គូរូ​នេះ​មាន​ចំណុចអំណោយផល​ច​ម្បងៗ​ចំនួន​បី៖

ទី១ វា​ស្ថិត​នៅក្នុង​តំបន់ ដែល​មាន​ហានិភ័យ​គ្រោះធម្មជាតិ​ទាប ទាំង​គ្រោះរញ្ជួយដី ភ្នំភ្លើង និង​ព្យុះសង្ឃរា។

ទី២ ដែនដីហ្គីយ៉ាន​ទាំងមូល​​មាន​ដង់ស៊ីតេ​ប្រជាជន​ទាប ហើយ​ដែនដី​ភាគច្រើន​ត្រូវ​គ្របដណ្តប់​ទៅដោយ​ព្រៃត្រូពិច។ ដូច្នេះ វាមិនសូវ​ចោទ​ជា​បញ្ហា​ទាក់ទង​ទៅនឹង​សុវត្ថិភាព​របស់​ប្រជាជន នៅ​ក្នុងពេល​បាញ់បង្ហោះរ៉ុកកែត។ លើសពីនេះ​ទៅទៀត គូរូ ​គឺ​ជា​ទីតាំង​ដែល​ស្ថិត​នៅ​ជាប់នឹង​ឆ្នេរសមុទ្រ​អាត្លង់ទិច ហើយ​នៅត្រង់​ចំណុចកែងមួយ ដែល​​ទៅទិស​ខាងជើង និង​ទិសខាងកើត គឺ​សុទ្ធតែ​ជា​មហាសមុទ្រ​ធំល្វឹងល្វើយ ដែល​អាច​ឲ្យ​គេ​បាញ់​បង្ហោះ​រ៉ុកកែត​បាន​​ច្រើន​ទិសដៅ ចាប់តាំង​ពី​​ទិសខាងជើង សម្រាប់​គន្លងតារាវិថី​កាត់ពីលើ​តំបន់​ប៉ូល រហូត​ទៅដល់​​ទិស​ខាង​កើត សម្រាប់​គន្លង​តារាវិថី​កាត់​ពីលើ​ខ្សែអេក្វាទ័រ។

អំណោយផល​ចម្បង​ទី៣ ហើយ​ដែល​រឹតតែ​សំខាន់​ជាងគេ​ទៅទៀត គឺ​មជ្ឈមណ្ឌល​អវកាស​គូរូ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្បែរខ្សែអេក្វាទ័រ។ ការបាញ់បង្ហោះរ៉ុកកែតអវកាស​ចេញ​ពី​តំបន់អេក្វាទ័រ​មាន​ចំណុចអំណោយផល​ចម្បង​ចំនួន​ពីរ៖

ទីមួយ គឺ​កម្រិតល្អៀង​នៃ​គន្លងតារាវិថី ឬហៅតាមភាសា​អង់គ្លេស​ថា « Oribital Inclination »។ ផ្កាយរណបមួយចំនួន ជាពិសេស ផ្កាយរណប​ប្រើសម្រាប់​ព្យាករ​ឧតុនិយម និង​ផ្កាយរណប​ទូរគមនាគមន៍ មាន​គន្លងតារាវិថី​ដែលគេហៅតាមភាសា​អង់គ្លេស​ថា ​« Geostationary » ពោលគឺ វា​ស្ថិត​នៅ​ចំពីលើ​ចំណុចមួយ​នៃ​ផែនដី​ជាប់ជាប្រចាំ។ គន្លងតារាវិថី​បែបនេះ​ គឺ​វា​ត្រូវ​ស្ថិត​នៅ​ស្រប​នឹង​ខ្សែអេក្វាទ័រ ដូច្នេះ ផ្កាយរណប​ដែល​បាញ់បង្ហោះ​​​ចេញ​​ពី​តំបន់​ដែល​ស្ថិត​នៅក្បែរ​ខ្សែអេក្វាទ័រស្រាប់ វា​ងាយ​នឹង​ចូល​ទៅ​ក្នុង​គន្លងតារាវិថី ​Geostationary ដោយប្រើ​ថាមពល​តិចជាង​ការ​បាញ់បង្ហោះ​ពី​ទីតាំង​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្សែអេក្វាទ័រ។

អំណោយផលទីពីរ គឺល្បឿន។ ផែនដី​មាន​រាងជាស្វ៊ែរ ហើយ​វិល​ជុំវិញ​ខ្លួនឯង ដោយ​មួយជុំ​ប្រើ​រយៈពេល ២៤ម៉ោង។ ក៏ប៉ុន្តែ ល្បឿន​នៃ​ចលនា​វិលជុំវិញ​ខ្លួនឯង​នេះ វា​មិនដូចគ្នា​​នៅ​គ្រប់កន្លែង​​នោះទេ ដោយ​វា​ត្រូវ​ប្រែប្រួល អាស្រ័យ​ទៅលើ​ទីតាំង​នៅ​តាម​ខ្សែបណ្តោយ​ផែនដី។ នៅក្បែរតំបន់​ប៉ូល រង្វង់​នៃ​រង្វិល​ជុំ​របស់​ផែនដី​មាន​ទំហំ​តូច ដូច្នេះ ល្បឿន​នៃ​រង្វិល​ក៏​មាន​កម្រិត​ទាប ហើយ​កាលណា​គេ​ទៅកាន់តែ​ជិត​នឹង​ខ្សែអេក្វាទ័រ រង្វង់​នៃ​រង្វិល​ជុំ​របស់​ផែនដី​មាន​ទំហំ​កាន់តែ​ធំ ដូច្នេះ ល្បឿន​នៃ​រង្វិល​ក៏​កាន់តែ​លឿន។

ដើម្បីជាការប្រៀបធៀប មជ្ឈមណ្ឌលអវកាស​បៃកូនួរ​របស់​រុស្ស៊ី ដែល​មានទីតាំង​នៅប្រមាណ​ជា ៤៥ដឺក្រេ​ខាងជើង​ខ្សែអេក្វាទ័រ ចលនារង្វិល​ផែនដី​មានល្បឿន​ត្រឹមតែ​ ១ ១៧៤​គីឡូម៉ែត្រ​ក្នុងមួយម៉ោង, មជ្ឈមណ្ឌលអវកាស Cape Canaveral របស់​ណាសា ដែល​ស្ថិត​នៅប្រមាណ ២៨ដឺក្រេ​ខាងជើង​ខ្សែអេក្វាទ័រ មានល្បឿន ១ ៤៧២​គីឡូម៉ែត្រ​ក្នុងមួយ ចំណែក​មជ្ឈមណ្ឌល​អវកាស​គូរូ ដែល​ស្ថិត​នៅ​ត្រឹមតែ​ប្រមាណ​ជា ៥ដឺក្រេ​ខាងជើង​ខ្សែអេក្វាទ័រនោះ មាន​ល្បឿន​រហូតដល់​ទៅ​ ១៦៥៦​គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

នេះមានន័យថា នៅ​ឯមជ្ឈមណ្ឌល​អវកាស​គូរូ រ៉ុកកែត​ដែល​ស្ថិត​នៅ​លើ​ដី មិនទាន់​បាញ់​​ចេញ​ផងនោះ ត្រូវ​មាន​ល្បឿន​ដើម​រហូតដល់​ទៅ ១ ៦៥៦​គីឡូម៉ែត្រ​ក្នុងមួយម៉ោង​រួចជាស្រេច​ទៅហើយ។ ដូច្នេះ នៅពេល​ដែល​បាញ់ចេញពីដី ហើយ​បាញ់​សំដៅ​ទៅទិស​ខាង​កើត ស្រប​នឹង​ទិសដៅនៃ​រង្វិល​ផែនដី រ៉ុកកែត​ដែល​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​គូរូ ចំណេញ​ល្បឿនបាន ១៨៤គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ធៀប​នឹង​​រ៉ុកកែត​ដែល​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​របស់​ណាសា ហើយ​ចំណេញ​រហូត​ដល់​ទៅ​ ៤៨២​គីឡូម៉ែត្រ​ក្នុងមួយម៉ោងឯណោះ បើ​ធៀបនឹង​រ៉ុកកែត​ដែល​បាញ់​ចេញ​ពី​បៃកូនួរ។

ល្បឿនដើម​ដែល​លឿនស្រាប់បែបនេះ វា​ធ្វើ​ឲ្យ​រ៉ុកកែត​អាច​ធ្វើ​ដំណើរ​បាន​ដល់​ល្បឿន​គន្លង​តារាវិថី​ដោយ​ប្រើ​ថាមពល​តិចជាង ហើយ​ចំណាយលុយតិចជាង ឬ​អាច​ផ្ទុកទម្ងន់ (Payload) បាន​ធ្ងន់ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ