អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

Blue Origin៖ ក្រុមហ៊ុនអវកាសឯកជន​ដែលជាគូប្រជែងរបស់ SpaceX

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាទូទៅ កាលណា​និយាយ​អំពី​ក្រុមហ៊ុន​អវកាស​ឯកជន គេច្រើនតែ​និយាយ​អំពី​ក្រុមហ៊ុន SpaceX របស់​លោក អេឡុន មើស្ក៍។ ក៏ប៉ុន្តែ តាមការពិត​ទៅ នៅមាន​ក្រុមហ៊ុន​ឯកជន​ដ៏​សំខាន់​មួយទៀត ដែល​ត្រូវ​បាន​បង្កើតឡើង​តាំង​ពីមុន​ក្រុមហ៊ុន SpaceX ទៅទៀត ហើយ​បច្ចុប្បន្ន គឺ​ជា​គូប្រជែង​ដ៏​ចម្បង​នឹងគ្នា គឺ​ក្រុមហ៊ុន Blue Origin របស់​លោក ជែហ្វ បេសូស៍។

លោក ជែហ្វ បេសូស៍ កាលពីឆ្នាំ២០១៥ ក្នុងអំឡុងពេលប្រកាស​ អំពី​បោះទុនវិនិយោគ​ផលិត​រ៉ុកកែតអវកាស
លោក ជែហ្វ បេសូស៍ កាលពីឆ្នាំ២០១៥ ក្នុងអំឡុងពេលប្រកាស​ អំពី​បោះទុនវិនិយោគ​ផលិត​រ៉ុកកែតអវកាស AP - Phelan M. Ebenhack
ផ្សាយពាណិជ្ជកម្ម

លោក​ជែហ្វ បេសូស៍ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វករអេឡិចត្រូនិច និងវិទ្យាសាស្រ្ត​កុំព្យូទ័រ ពី​សកលវិទ្យាល័យ​ដ៏ល្បីមួយ​របស់​អាមេរិក គឺ​សកលវិទ្យាល័យ​ព្រីនស្តុន បាន​ចាប់ផ្តើម​អាជីព​ជា​ដំបូង ​ដោយ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុនខាងផ្នែក​បច្ចេកវិទ្យា បន្ទាប់មកទៀត ធ្វើការ​នៅ​ក្នុង​វិស័យ​វិនិយោគ មុននឹង​​លាឈប់​ពី​ការងារ ​ទៅ​បង្កើត​ក្រុមហ៊ុនផ្ទាល់​ខ្លួនឯង​ នៅឆ្នាំ១៩៩៤ គឺ​ក្រុមហ៊ុន Amazon។

៦ឆ្នាំក្រោយ​មក​ទៀត គឺ​នៅឆ្នាំ២០០០ ក្រោយ​ពី​ទទួលជោគជ័យ​ក្នុងមុខជំនួញ​ជាមួយ​ក្រុមហ៊ុន Amazon រហូត​​បាន​ក្លាយ​ជា​មហាសេដ្ឋី មាន​ទ្រព្យសម្បត្តិ​រាប់ពាន់លានដុល្លារ ​ លោក​ជែហ្វ បេសូស៍ ក៏​បាន​បង្កើត​ក្រុមហ៊ុន​អវកាស​ទៅតាម​ក្តីស្រមៃរបស់លោក គឺ​ក្រុមហ៊ុន Blue Origin ដោយ​បោះទុនប្រមាណ​ជា ៥០០លានដុល្លារ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង ហើយ​បន្ទាប់​មកទៀត ​ចាប់​ពី​ឆ្នាំ២០១៦ លោក​ជែហ្វ បេសូស៍ បានលក់​​​ភាគហ៊ុន​របស់​លោក​ក្នុង​ក្រុមហ៊ុន Amazon ប្រមាណ​ជា ១ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ដើម្បី​​​យក​លុយ​ទៅ​ចំណាយ​​ក្នុង​ក្រុមហ៊ុន Blue Origin។

គោលគំនិតចម្បង​របស់​លោកជែហ្វ បេសូស៍ ក្នុងការ​បង្កើត​ក្រុមហ៊ុន Blue Origin នេះឡើង គឺ​ចង់​ឃើញ​មនុស្សជាតិ​យើង​អាច​​វត្តមាន​ចេញ​ពី​ភពផែនដី ទៅកាន់​តែឆ្ងាយ​ក្នុង​ទីអវកាស។ ក៏ប៉ុន្តែ ដើម្បី​អាច​ទៅ​ដល់​គោលដៅ​នោះបាន ចំណុចចាប់ផ្តើម​ គឺ​គេចាំបាច់​ត្រូវតែ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីអវកាស​ក្លាយ​ជា​រឿង​សាមញ្ញធម្មតា​ និង​មាន​តម្លៃទាប។ ​ដើម្បី​ឲ្យ​ការធ្វើ​ដំណើរទៅទីអវកាស​មាន​តម្លៃទាប គេចាំបាច់​ត្រូវតែ​អភិវឌ្ឍបច្ចេកវិទ្យា​ផលិត​រ៉ុកកែត​និង​យានអវកាស ដែល​អាច​ប្រើ​បានច្រើនដង។ បច្ចេកវិទ្យារ៉ុកកែត​ប្រើបានច្រើន​ដង​នេះហើយ ដែល​ជា​ចំណុចផ្តោត​ចម្បង​របស់​ក្រុមហ៊ុន Blue Origin ជាមួយនឹង​ការអភិវឌ្ឍរ៉ុកកែត និង​យានអវកាស ដែលគេ​ឲ្យ​ឈ្មោះថា “New Shepard” ដោយយក​តាមឈ្មោះ​ Alan Shepard អវកាសយានិក​ទីមួយ​របស់​អាមេរិក ដែល​បាន​ធ្វើ​ដំណើរចេញ​ទៅទីអវកាស កាល​ពីឆ្នាំ១៩៦១។

នៅខែវិច្ឆិកា​ឆ្នាំ២០១៥ New Shepard បាន​ហោះ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ ដោយ​អាច​ហោះឡើង​ទៅដល់​រយៈកម្ពស់​ ១០០គីឡូម៉ែត្រ ពោលគឺ​ទៅផុត​ខ្សែបន្ទាត់ « ការម៉ាន » ដែល​ជា​​ព្រំដែន​រវាង​ផែនដី​និង​ទីអវកាស ហើយ​បន្ទាប់មកទៀត ទាំង​តួរ៉ុកកែត និង​យាន​ដែល​ផ្តាច់ខ្លួន​ចេញ​ពី​រ៉ុកកែត បាន​ចុះចត​មកលើ​ដីវិញ​ ដើម្បី​ទុកប្រើ​សាជាថ្មី។ ជោគជ័យ​នោះ​បាន​ធ្វើ​ឲ្យ​ Blue Origin ក្លាយ​ជា​ក្រុមហ៊ុន​អវកាស​ឯកជន​លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​ផលិត និង​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​ប្រភេទ​រ៉ុកកែត​អវកាស​ប្រើបាន​ច្រើន​ដង ពោលគឺ ទទួល​បាន​ជោគជ័យ​មុន​ក្រុមហ៊ុន SpaceX ទៅទៀត។ SpaceX ​បាន​ចុះចត​កំណាត់​ទីមួយ​នៃ​រ៉ុកកែតធុន Falcon9 ដោយជោគជ័យ​ជាលើកទីមួយ នៅខែធ្នូ​ឆ្នាំ២០១៥ ពោលគឺ ១ខែ​ក្រោយ​ក្រុមហ៊ុន Blue Origin។

ក៏ប៉ុន្តែ ចាប់តាំងពីពេលនោះមក គេឃើញថា នៅក្នុងពេល​ដែល​កម្មវិធីអវកាស​របស់​ក្រុមហ៊ុន SpaceX ចេះតែ​បន្ត​បោះជំហាន​យ៉ាងលឿន​ទៅមុខ ក្រុមហ៊ុន Blue Origin វិញ អ្វីៗ​ហាក់ដូចជាធ្វើ​ដំណើរទៅមុខ​យ៉ាងយឺតៗ ដេញតាមពីក្រោយ​គូប្រជែង​ ដែល​មក​ក្រោយ ​ខ្លួន​ទៅវិញ។

នៅឆ្នាំ២០១០ ក្រុមហ៊ុន Blue Origin ធ្លាប់​ត្រូវ​បាន​ទីភ្នាក់ងារ​ណាសា​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ពីរទៀត គឺ SpaceX និងប៊ូអ៊ីង ដើម្បី​ផលិត​រ៉ុកកែត និង​យានអវកាស ដើម្បី​ទទួលរ៉ាប់រង​ការដឹក​​អវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ គឺ​គម្រោង ដែល​គេ​ឲ្យឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Commercial Crew Program »។ ក៏ប៉ុន្តែ ក្រោយមក Blue Origin ត្រូវ​បាន​ណាសា​ផាត់ចេញ​ដោយទុកតែ​គម្រោង Crew Dragon របស់​ក្រុមហ៊ុន​ SpaceX និង​គម្រោង Starliner របស់​​ក្រុមហ៊ុនប៊ូអ៊ីង (ហើយ​ចុងក្រោយ​ទៅ គឺ SpaceX ដែល​បានសាកល្បង​ដោយ​ជោគជ័យ ក្នុងការ​បញ្ជូន​អវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ តាមរយៈយាន Crew Dragon កាល​ពី​ឆ្នាំ២០២០​កន្លងទៅ)។

នៅឆ្នាំ២០១៩ ក្រុមហ៊ុន Blue Origin ក៏បាន​ចូលរួមប្រកួតប្រជែង​ក្នុងគម្រោង​មួយទៀត​របស់​ណាសា គឺ​គម្រោង​សាងសង់​យាន ដើម្បី​ដឹកអវកាសយានិក​ទៅ​ចុះចតលើ​ដីព្រះចន្ទ ក្នុង​ក្របខណ្ឌ​នៃ​គម្រោងអារតេមីស។ ក៏ប៉ុន្តែ ជា​ថ្មី​ម្តងទៀត ក្រុមហ៊ុន Blue Origin ត្រូវ​ទទួល​បរាជ័យ ដោយ​ណាសា​សម្រេច​ជ្រើសរើស​យក​យាន Starship របស់​ក្រុមហ៊ុន SpaceX ចំណែក​គម្រោង​ « Blue Moon » របស់​ក្រុមហ៊ុន Blue Origin ត្រូវ​បាន​ណាសា​ផាត់ចេញ។

បច្ចុប្បន្ន​នេះ ក្រៅពី​គម្រោង​ទេសចរណ៍​អវកាស ដែល​កំពុង​បោះជំហាន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់ ក្រុមហ៊ុន Blue Origin ក៏​កំពុង​អភិវឌ្ឍបច្ចេកវិទ្យា​ដ៏​សំខាន់​មួយ​ទៀត​ផងដែរ គឺ​រ៉ុកកែត ដែលគេ​ឲ្យឈ្មោះ​ថា « New Glenn » ដោយ​យក​ឈ្មោះ​តាមលោក​ John Glenn អវកាសយានិកអាមេរិកដំបូងបង្អស់ ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​ក្នុងគន្លង​តារាវិថី​ជុំវិញ​ផែនដី កាល​ពីឆ្នាំ១៩៦២។

« New Glenn » ដែល​មាន​មុខកាត់​យ៉ាងធំ ដល់​ទៅ ៧ម៉ែត្រ ហើយ​ប្រវែង​រហូតដល់​ទៅ ៩៨ម៉ែត្រ គឺ​ជា​ប្រភេទ​រ៉ុកកែត​ ដែល​មានពីរកំណាត់ ដោយ​​​​កំណាត់ទីមួយ ក្រោយ​ពី​បាញ់​បង្ហោះ​រួច ​អាច​ត្រឡប់​មក​​ចុះចត​លើដីវិញ ដើម្បី​អាច​យក​ទៅប្រើ​ឡើងវិញ​បាន​ច្រើន​ដង។

ជាទូទៅ រ៉ុកកែត « New Glenn » នេះ ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​ជា​គូប្រជែង​ជាមួយ​នឹង​រ៉ុកកែត​ធុន Falcon Heavy និង Starship របស់​ក្រុមហ៊ុន SpaceX ក៏ប៉ុន្តែ ក្នុងពេល​ដែល Falcon Heavy និង Starship ធ្លាប់​ត្រូវបានគេ​បាញ់បង្ហោះ​សាកល្បង​ជាច្រើន​លើក​រួចមកហើយ​នោះ New Glenn វិញ ​នៅមិនទាន់​អាច​ហោះសាកល្បង​បាន​នៅឡើយ ដោយ​គម្រោង​បាញ់​បង្ហោះ​សាកល្បង កាល​ពីឆ្នាំ២០២០ ត្រូវ​គេ​លើកពេល​ទៅធ្វើ​នៅ​ចុងឆ្នាំ២០២២​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ