អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

យានសូយូសទៅស្ថានីយ៍អវកាស៖ ដំណាក់កាលបាញ់បង្ហោះ (Launch Sequence)

ចុះផ្សាយ​នៅ​ថ្ងៃ៖

សូយូស​ជា​កម្មវិធីអវកាសរបស់​រុស្ស៊ី ហើយ​ជា​កម្មវិធីអវកាស​ដ៏​ចំណាស់​បំផុត​មួយ ដែល​ចាប់កំណើត​តាំងពី​សម័យកាល​ប្រជែងអវកាស​ក្នុងសង្រ្គាម​ត្រជាក់ ហើយ​នៅ​បន្ត​មាន​ដំណើរការ​មកទល់នឹងសព្វថ្ងៃ។ ក្នុង​ចន្លោះ​ពីឆ្នាំ២០១១ ដល់​ឆ្នាំ២០២០ សូយូស​នេះ​គឺ​ជា​យាន​អវកាស​តែមួយគត់ ដែល​រ៉ាប់រង​ការ​ដឹកអវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។ តើការបាញ់បង្ហោះ​យានសូយូស​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ មាន​ដំណើរការ​ទៅ​យ៉ាងដូចម្តេចខ្លះ?

យានអវកាស "សូយូស" (Soyuz) របស់​រុស្ស៊ី
យានអវកាស "សូយូស" (Soyuz) របស់​រុស្ស៊ី © ESA
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ “សូយូស”​នេះ មិនមែន​សំដៅតែទៅលើ​តួយាន​អវកាសមួយ​នោះទេ តែ​​​សំដៅទាំងទៅលើ​យាន និងទាំង​​តួរ៉ុកកែត​ដែល​គេ​ប្រើ​ដើម្បី​បាញ់បង្ហោះយាន។ យានអវកាស​នេះ​ទៀត​សោត​ក៏​ត្រូវ​បែងចែក​ជាពីរផងដែរ គឺ​យាន​សម្រាប់​​ដឹកអវកាសយានិក ហៅថា “សូយូស” ចំណែក​ប្រភេទយាន​សូយូសមួយទៀត​ដែល​ដឹកតែ​សម្ភារៈ គេហៅថា “ប្រូហ្គ្រែស” (Progress)។

​នៅក្នុង​បេសកកម្ម​ដឹកអវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាសអន្តរជាតិ ​យានសូយូស​ត្រូវ​គេ​បាញ់បង្ហោះ​​ ចេញ​ពី​មជ្ឈមណ្ឌលអវកាស​ “បៃកូនួរ” ស្ថិត​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ដោយ​ប្រើ​រ៉ុកកែត​សូយូស។

ដំណាក់កាល​ដំបូង គឺ​ការហោះឡើងពី​ទីតាំងបាញ់បង្ហោះ ដែល​គេ​ហៅ​ជាភាសា​អង់គ្លេស​ថា « Lift off » ហើយ​ដើម្បី​មាន​កម្លាំងគ្រប់គ្រាន់ អាច​រុញ​រ៉ុកកែត​ឲ្យ​ហោះឡើងទៅបាន នៅ​ក្នុង​ដំណាក់កាល​នេះ រ៉ុកកែត​សូយូស​ត្រូវ​ប្រើ​​​ម៉ូទ័រ​ដែល​នៅ​កណ្តាល​ផង ហើយ​បូក​រួម​ជាមួយ​នឹង​​ប៊ូស្ទ័រ​ទាំង៤ ដែល​នៅ​ជុំវិញ ដែល​គេ​ត្រូវ​រាប់ថា​ជា “កំណាត់ទី១” (1st stage)។

នៅពេល​ហោះចេញ​ពីដី ពីដំបូង សូយូស (ក៏ដូចជា​រ៉ុកកែតអវកាសផ្សេងទៀតដែរ) ត្រូវហោះត្រង់ទៅលើ មុននឹង​បត់ក្បាល​សំដៅ​ទៅ​ទិស​ខាងកើត ស្រប​ទៅតាមទិសនៃ​រង្វិលផែនដី (Gravity Turn)។

៤៥វិនាទីក្រោយ​បាញ់ចេញពីដី (T+45) រ៉ុកកែតសូយូស​ធ្វើ​ដំណើរ​ទៅដល់​រយៈកម្ពស់ ១១គីឡូម៉ែត្រ ហើយ​បង្កើនល្បឿន​ដល់ ១៦៤០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ នេះ​ជា​ចំណុច ដែល​គេច្រើន​តែ​ហៅថា « MAX-Q » មកពីពាក្យពេញថា « Maximum Dynamic Pressure » ពោលជា​ចំណុចដែល​តួរ៉ុកកែត​ត្រូវរងនូវ​កម្លាំង​សម្ពាធ​ខ្លាំង​បំផុត​ពី​ភាព​កកិត​នឹង​ស្រទាប់​បរិយាកាស។

ជិត២នាទីក្រោយបាញ់ចេញពីដី សូយូស​ធ្វើ​ដំណើរទៅដល់​រយៈកម្ពស់ ៤០គីឡូម៉ែត្រ ហើយប្រព័ន្ធសុវត្ថិភាព ដែល​លែងចាំបាច់​ទៀតហើយ​នោះ​​ក៏​ត្រូវ​ផ្តាច់ចេញ ហើយ​ប៉ុន្មានវិនាទីក្រោយ​មកទៀត ប៊ូស្ទ័រ​ទាំង៤ ដែល​ប្រើ​អស់ឥន្ធនៈក៏​ត្រូវពន្លត់ម៉ូទ័រ បន្ទាប់​មក ​ផ្តាច់ខ្លួនចេញ ហើយ​ធ្លាក់ចុះ​មកដីវិញ ដោយ​ត្រូវ​ធ្លាក់ នៅ​ចម្ងាយ​ប្រមាណ​ជា ៣៥០គីឡូម៉ែត្រ ពី​ទីតាំង​បាញ់ ​​ក្នុង​តំបន់​វាលរហោស្ថាន ដែល​មិនមាន​មនុស្ស​រស់នៅ ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​នៅលើ​ដី។

ក្នុងអំឡុងពេលនោះ រ៉ុកកែត​សូយូស​បន្ត​​បង្កើន​ល្បឿន​ទៅមុខ ដោយប្រើ​​តែ​ម៉ូទ័រ​ដែល​នៅ​កណ្តាល​ ដែល​គេ​ហៅថា​ “កំណាត់ទី២” (2nd Stage)។

ប្រមាណ​ជិត ៣នាទី ក្រោយ​បាញ់បង្ហោះ នៅពេល​ដែល​រ៉ុកកែត​ហោះចេញ​ទៅ​ផុតស្រទាប់​បរិយាកាសផែនដី សម្បក​ដែក​ដែលស្រោបពីក្រៅយាន​ក៏​ត្រូវ​ផ្តាច់ចេញ ហើយ​ប្រមាណ​ជា ២នាទី​ក្រោយ​មកទៀត (ជិត ៥នាទី​ក្រោយ​បាញ់បង្ហោះ) ម៉ូទ័រ​នៃ​កំណាត់​ទី៣​ចាប់ផ្តើម​ដំណើរការ ហើយ​​កំណាត់ទី២​ក៏​ត្រូវផ្តាច់ចេញ។ ដើម្បី​ចៀសវាង​ការ​បន្សល់​នូវ​កាកសំណល់​ក្នុង​ទីអវកាស ​កំណាត់​ទី២​នេះ ក៏ដូចជា សម្បកស្រោបយាន សុទ្ធតែ​ត្រូវ​ធ្លាក់​ចុះ​ទៅដីវិញ ទៅតាម​គន្លង​ស្រដៀងគ្នា​ទៅនឹង​ប៊ូស្ទ័រនៃ​កំណាត់​ទី១។

នៅពេល​ផ្តាច់​កំណាត់​ទី២នោះ រ៉ុកកែត​ធ្វើ​ដំណើរ​ទៅដល់​រយៈកម្ពស់ ១៧០គីឡូម៉ែត្រ ហើយ​មាន​ល្បឿន ១៣ ២៥០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

ប្រមាណ ៩នាទីក្រោយ​បាញ់បង្ហោះ កំណាត់ទី៣​ ដែល​ជា​កំណាត់ចុងក្រោយ​ត្រូវពន្លត់ម៉ូទ័រ ហើយ​ផ្តាច់​ខ្លួន​ចេញ ដោយ​ទុកតែ​តួយាន ហើយ​ប្រមាណ​ជា ១នាទីក្រោយ​មក​ទៀត អង់តែន និង​ផ្ទាំង​សូឡា ដែល​នៅ​ជាប់នឹង​តួយាន​ក៏​ចាប់ផ្តើម​បើក​ចេញ។

​គិតមក​ដល់​ត្រឹម​ដំណាក់កាលនេះ យានសូយូស​បាន​ចូល​មក​ដល់​គន្លង​តារាវិថី ក្នុង​រយៈកម្ពស់ ប្រមាណ​ ២២០គីឡូម៉ែត្រ​ពីដី ដែល​ជា​គន្លងតារាវិថី​បណ្តោះអាសន្ន​មួយ មុននឹង​ទៅដល់​ស្ថានីយ៍អវកាស​អន្តរជាតិ នៅ​ក្នុង​ដំណាក់កាល​បន្ទាប់ ដែល​គេ​ឲ្យ​ឈ្មោះ​តាមភាសា​អង់គ្លេសថា « Rendezvous and Docking »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ