អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សូយូស៖ ដំណាក់កាលនៃការវិលត្រឡប់​ពី​ស្ថានីយ៍អវកាសអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការធ្វើ​ដំណើរ​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ​ត្រឡប់​មក​ផែនដី តាម​យាន​សូយូស ត្រូវ​ចំណាយ​ពេល​សរុប​ ៣ម៉ោង​កន្លះ ក៏ប៉ុន្តែ មុននឹង​ចាប់ផ្តើម​ដំណើរ​នេះ គេ​ត្រូវ​ត្រៀម​រៀបចំ​ជាមុន​ជាច្រើន​សប្តាហ៍ ជាពិសេស គឺ​ត្រៀម​ទីតាំង​សម្រាប់​យាន​ចុះចត និង​គណនា​គន្លង​ផ្លូវ ដែល​ត្រូវ​ធ្វើ​ដំណើរ ដើម្បី​អាច​ចុះចត​ឲ្យ​ចំទីតាំង​ដែល​បាន​កំណត់ ក្នុងល្បឿន ក៏ដូចជា​រង្វាស់​មុំសមរម្យ សម្រាប់​សុវត្ថិភាព​របស់​អវកាសយានិក។

គន្លង​របស់​យាន​សូយូស ក្រោយ​ពីផ្តាច់ខ្លួន​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ សំដៅ​មក​ចុះចត​លើ​ដីវិញ
គន្លង​របស់​យាន​សូយូស ក្រោយ​ពីផ្តាច់ខ្លួន​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ សំដៅ​មក​ចុះចត​លើ​ដីវិញ © ESA
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចេញ​ដំណើរ អវកាសយានិក ដែល​ដល់​វេន​ត្រូវ​វិលត្រឡប់​មក​ផែនដីវិញ ​ត្រូវ​ផ្ទេរ​ចេញ​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ ចូល​ទៅ​ក្នុង​យាន​សូយូស រួចហើយ​បិទទ្វារ​ទាំង​ពីរ មុននឹង​ចាប់ផ្តើម​ផ្តាច់ខ្លួន​ចេញ​ពីស្ថានីយ៍ ក្នុង​ដំណាក់កាល​ដែល​គេ​ឲ្យឈ្មោះ​ថា Undocking។

ការផ្តាច់ខ្លួន ឬ ​Undocking ត្រូវ​ធ្វើឡើង​ដោយ​សន្សឹមៗ ដោយ​សូយូស​ត្រូវ​រំកិលខ្លួន​ឃ្លាត​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ ក្នុងល្បឿន ក្នុងចន្លោះ​ពី​ ១២ ទៅ ១៥សង់ទីម៉ែត្រ​ក្នុងមួយវិនាទី។ ការរំកិលខ្លួន​ចេញ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​រុញ​ពី​មេកានិច​របស់​ច្រកទ្វារ ឬ Docking Port សុទ្ធសាធ ដោយ​នៅ​ក្នុង​អំឡុង​ពេល​ដំបូង​នោះ ​យានសូយូស​ស្ថិត​នៅ​កៀក​នឹង​ស្ថានីយ៍អវកាស​ខ្លាំងពេក នៅមិនទាន់​អាច​ប្រើ​ម៉ូទ័រ​បាន​នៅឡើយ។ រហូត​ទាល់តែ​ ៣នាទី​ក្រោយ​មក នៅពេល​ដែល​សូយូស​ចេញ​ទៅ​ដល់​ចម្ងាយ​ប្រមាណ​ជា ២០ម៉ែត្រ​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ ទើប​គេ​ចាប់ផ្តើម​បញ្ឆេះម៉ូទ័រ​​រយៈពេល ១៥វិនាទី ដើម្បី​ឲ្យ​សូយូស​ឃ្លាត​ចេញ​ពី​ស្ថានីយ៍អវកាស​ក្នុងល្បឿន​កាន់តែ​លឿន​រហូតដល់ ២គីឡូម៉ែត្រ​ក្នុងមួយម៉ោង ហើយ​ចេញ​ទៅ​ដល់​រយៈចម្ងាយ​មួយ ដែល​មាន​សុវត្ថិភាព​ពី​ការ​បុកទង្គិចគ្នា​ជាមួយ​ស្ថានីយ៍​អវកាស។

ដំណាក់កាលបន្ទាប់ គឺ​​ដំណាក់កាល​ដែល​គេ​ឲ្យឈ្មោះ​ថា Deorbit burn ដើម្បីបន្ថយល្បឿនយាន ឲ្យ​​ចេញ​ពី​គន្លង​តារាវិថី ហើយ​ធ្លាក់ចុះ​សំដៅ​ទៅកាន់​ស្រទាប់​បរិយាកាសផែនដី។ នៅក្នុងដំណាក់កាលនេះ សូយូសត្រូវ​បញ្ឆេះ​ម៉ូទ័រ​ ក្នុង​រយៈពេល​ដ៏ជាក់លាក់​មួយ គឺ​ ៤នាទីនិង៤៥វិនាទី ធ្វើ​ឲ្យ​យាន​​​ស្ថិត​ក្នុង​គន្លង​​​សមរម្យ​មួយ​ សំដៅ​ទៅ​កាន់​ស្រទាប់​បរិយាកាសផែនដី នៅ​ក្នុង​ដំណាក់កាល​​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Re-entry »។ ចាប់ពី​ពេល​បញ្ឆេះម៉ូទ័រ ក្នុងដំណាក់កាល Deorbit burn រហូត​ដល់​ពេល​យាន​សូយូស​ធ្វើ​ដំណើរ​ទៅដល់​ស្រទាប់​បរិយាកាស​ផែនដី ហើយ​ចុះចតលើដី គេ​ត្រូវ​ប្រើពេលគិតជាសរុប ​ប្រមាណ​ជា ៥៥នាទី។

ក៏ប៉ុន្តែ ប្រមាណ​ជា ៣០នាទី​មុន​​​ចូល​ទៅ​​ដល់​ស្រទាប់​បរិយាកាស ហើយ​​​​សូយូសចុះ​ទៅដល់​រយៈកម្ពស់​ប្រមាណ​ជា ១៤០គីឡូម៉ែត្រ​ពីដី សូយូស​ត្រូវ​បំបែក​ខ្លួន​ចេញ​ជា ៣ផ្នែក​ដាច់ពីគ្នា គឺ Orbital Module, Descent Module និង Service Module/Instrument Compartment។ ក្នុងចំណោម​ផ្នែក​ទាំង៣​នេះ មាន​តែ Descent Module មួយតែ​ប៉ុណ្ណោះ ដែល​ត្រូវ​ចុះចត​មកលើដីវិញ ចំណែក​ឯផ្នែក​ពីរផ្សេងទៀត​ត្រូវ​ធ្លាក់ចុះមកដែរ ក៏ប៉ុន្តែ ត្រូវ​ឆេះ​អស់ ដោយ​សារ​ការ​កកិត​នឹង​ស្រទាប់​បរិយាកាស។

Descent Module ក៏​ត្រូវរង​នឹង​កម្លាំង​កកិត​នឹង​ស្រទាប់​បរិយាកាស ធ្វើ​ឲ្យ​សីតុណ្ហភាព​ត្រូវ​កើនឡើង​ខ្លាំង​ដែរ ក៏ប៉ុន្តែ ផ្នែក​ដែល​មាន​ផ្ទុក​អវកាសយានិក​នេះ មាន​ខែល​ការពារ​កម្តៅ​នៅ​ពី​ខាង​ក្រោម ដែល​អាច​ការពារ​ទាំង​តួយាន​មិន​ឲ្យ​ផ្ទុះឆេះ និង​​អាច​ការពារ​ទាំង​អវកាសយានិក​ដែល​នៅ​ខាង​ក្នុង មិន​ឲ្យ​រង​នឹង​សីតុណ្ហភាព​ក្តៅខ្លាំង។

ភាពកកិត​នឹង​ស្រទាប់​បរិយាកាស​នេះ ក៏​វា​ធ្វើ​ឲ្យ​យាន​អាច​បន្ថយ​ល្បឿន​បាន​យ៉ាងច្រើន​ផងដែរ ហើយ​នៅពេល​ដែល​យាន​​ធ្លាក់ចុះ​មកនៅត្រឹម​រយៈកម្ពស់​ត្រឹមប្រមាណ​ជា ១០គីឡូម៉ែត្រ​ពីដី ល្បឿន​ដែល​កាល​ពី​នៅ​ក្នុង​ទីអវកាស​មាន​ដល់​ទៅ ២៨ ០០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ត្រូវ​ធ្លាក់​ចុះ​មកនៅត្រឹមតែ​ប្រមាណ​ជា ៨០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុងមួយម៉ោង។

ដើម្បី​បន្ថយ​ល្បឿន​ឲ្យ​ធ្លាក់ចុះ​មក​នៅ​កាន់តែ​ទាប​ជាងនេះ​ទៅទៀត ឆ័ត្រយោងជាច្រើន​នឹង​ត្រូវ​បើក​ជា​បន្តបន្ទាប់​ដោយស្វ័យប្រវត្តិ ដោយ​ឆ័ត្រ​យោងធំចុងក្រោយ (Main Parachute) ​ត្រូវ​បើក​ នៅ​រយៈកម្ពស់ ៨៥០០ម៉ែត្រ​ពីដី ហើយ​បន្ថយ​ល្បឿន​យាន​ឲ្យ​មកនៅត្រឹមប្រមាណ​ជា ២២គីឡូម៉ែត្រ​ក្នុងមួយម៉ោង (៦ម៉ែត្រ​ក្នុងមួយវិនាទី)។

ប៉ុន្មាននាទីក្រោយ​មកទៀត នៅ​រយៈកម្ពស់​ប្រមាណ​ជា ៥០០០ម៉ែត្រ​ពី​ដី ខែលការពារកម្តៅ​ត្រូវ​ផ្តាច់​ចេញ​ពី​តួយាន ហើយ​ឥន្ធនៈ ក៏ដូចជា អុកស៊ីសែន ដែល​នៅសល់​ក្នុង​ធុង ក៏​ត្រូវ​គេ​បំភាយចេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ផ្ទុះ​យាន នៅពេល​ចុះ​ទៅ​ដល់​ដី។

នៅពេល​ទៅដល់​កម្ពស់​ប្រមាណ​ជា ៧០សង់ទីម៉ែត្រ​ពីដី កូនរ៉ុកកែត​តូចៗ​ចំនួន ៦ ដែល​នៅ​ពីក្រោម​យាន​ត្រូវគេ​បញ្ឆេះឡើង ដើម្បី​បន្ថយល្បឿន​យាន​ឲ្យ​មកនៅត្រឹមតែ​ប្រមាណ​ជាង​ ១ម៉ែត្រ​ក្នុងមួយវិនាទី មុននឹង​​​ធ្លាក់ចុះ​សន្សឹមៗ​ទៅលើ​ដី នៅត្រង់​ទីតាំង ដែល​មាន​ក្រុម​សង្រ្គោះ​នៅ​រង់​ចាំ ដើម្បី​ជួយ​បើក​ទ្វារ និង​យក​អវកាសយានិក​ចេញ​ពី​យាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ