អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សូយូសទៅស្ថានីយ៍អវកាស៖ ដំណាក់កាលហោះស្កាត់និងតភ្ជាប់ (Rendezvous and Docking)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​បាញ់បង្ហោះចេញ​ពីដី យានសូយូស​ហោះ​​ក្នុងគន្លងតារាវិថី​ជុំវិញផែនដី ក្នុងល្បឿន​រហូតដល់​ទៅ​ ២៨ ០០០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ពោលគឺ​ល្បឿន​ប្រហាក់ប្រហែល​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ។ សំណួរសួរថា តើធ្វើយ៉ាងណាទើបអាចឲ្យយានពីរ ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើងរហូតដល់ទៅ១០ដង អាចហោះស្កាត់ជួបគ្នា និងតភ្ជាប់គ្នា នៅក្នុងទីអវកាសបាន?

Soyuz-ISS Docking
Soyuz-ISS Docking © ESA
ផ្សាយពាណិជ្ជកម្ម

ការហោះស្កាត់ជួប​​នៅក្នុង​ទីអវកាស ដែល​គេ​ហៅ​ថា « Rendezvous » គឺ​ជា​ប្រតិបត្តិការ ដែល​ត្រូវ​ធ្វើឡើង រវាង​យាន​ពីរ ដោយយានទីមួយ គេ​ឲ្យ​ឈ្មោះតាមភាសា​អង់គ្លេស​ថា « Chaser » ក្នុងករណីនេះ គឺ​យាន​សូយូស ​ដែលត្រូវ​ផ្លាស់ទី ដើម្បី​ហោះ​ទៅ​ជួប​យានទីពីរ ដែល​ជាយានគោលដៅ ឬ « Target »​ ក្នុងករណីនេះ គឺ​ស្ថានីយ៍អវកាស​អន្តរជាតិ។

អ្វីដែល​យាន​សូយូស​ត្រូវធ្វើ គឺ​ត្រូវ​ធ្វើ​ដំណើរ​ឲ្យ​ដល់​រយៈកម្ពស់​ស្មើ​នឹង​ស្ថានីយ៍​អវកាស​អន្តរជាតិ ក៏ប៉ុន្តែ មិនមែន​ជា​ការ​ហោះឡើងដោយ​ត្រង់​តែម្តងនោះទេ គឺ​ត្រូវ​ធ្វើ​​ទៅតាម​យន្តការមួយ ដែលគេ​ឲ្យ​ឈ្មោះ​ ជា​ភាសា​អង់គ្លេស​ថា Hohmann Transfer ទៅតាមឈ្មោះ​របស់​អ្នកប្រាជ្ញ​អាល្លឺម៉ង់​នៅដើម​សតវត្សរ៍​ទី២០ គឺ Walter Hohmann។

នៅក្នុង​ការ​ផ្លាស់ប្តូរ​គន្លង​តារាវិថី តាមរយៈ​យន្តការ Hohmann Transfer គេ​​ត្រូវ​បញ្ឆេះម៉ូទ័រ​ ឬហៅ​ជាភាសា​អង់គ្លេស​ថា « Burn » ចំនួន​ពីរលើក។ លើកទីមួយ គឺដើម្បីពង្រីក​ចុងម្ខាងទៀត​នៃ​គន្លងតារាវិថី ឲ្យ​ដល់រយៈកម្ពស់​ដែល​គេ​ចង់​បាន ហើយ​នៅ​ពេល​ដែល​យាន​ធ្វើ​ដំណើរ​បាន​កន្លះជុំ ទៅដល់​ចុងម្ខាងទៀតនោះ គេ​​ត្រូវ​បញ្ឆេះម៉ូទ័រ​ជាលើកទី២ ដើម្បី​បង្កើន​រយៈកម្ពស់​ឲ្យបានស្មើ​គ្នា​ទាំងសងខាង។

នៅ​ក្នុងករណីហោះស្កាត់​ជួបគ្នា (Rendezvous) ​សូយូសមិន​ត្រឹមតែ​ត្រូវ​បង្កើន​គន្លង​តារាវិថី​ឲ្យ​ស្មើ​នឹង​គន្លង​របស់​​​ស្ថានីយ៍អវកាស​អន្តរជាតិ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ជាងនេះ​ទៅទៀត គេ​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​សូយូស​​​ទៅដល់​ចំពេល​ជាមួយ​នឹង​​ស្ថានីយ៍អវកាស​អន្តរជាតិ។ ដោយសារ​តែ​​ការធ្វើ​បែបនេះ​ទាមទារ​ឲ្យមាន​ការ​គណនា​យ៉ាងសុក្រឹត ហើយ​គេ​ក៏​មិន​អាច​ព្យាករ​ទុកជាមុន​ដោយ​សុក្រឹត​ អំពី​គន្លង​របស់​សូយូស​ក្រោយ​ពីបាញ់បង្ហោះភ្លាមៗ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Insertion Orbit » ដូច្នេះ គេ​មិន​បង្កើន​គន្លង​តារាវិថី ពី Insertion Orbit ទៅ​ដល់​គន្លង​របស់​ស្ថានីយ៍អវកាស​អន្តរជាតិ​តែម្តងនោះទេ ផ្ទុយ​ទៅវិញ គេ​ត្រូវ​ធ្វើ​ជា​ពីរ​ដំណាក់កាល ដោយ​ទីមួយ ត្រូវ​បង្កើន​គន្លង​តារាវិថី ពី Insertion Orbit ទៅ​គន្លង​តារាវិថី​មួយទៀត ស្ថិត​នៅ​រយៈកម្ពស់ ៣៧០គីឡូម៉ែត្រ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Phasing Orbit »។

នៅក្នុងដំណាក់កាល​ទី២ សូយូស​ត្រូវ​បញ្ឆេះម៉ូទ័រ (Burn) ចំនួន ៣លើក ដោយ​ពីរលើកដំបូង ឲ្យសូយូស​បង្កើន​គន្លង​តារាវិថី​ទៅដល់​ស្មើ​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ ចំណែក​ Burn លើកទី៣ គឺ​ដើម្បី​ឲ្យ​សូយូស​ មិន​ត្រឹមតែ​អាច​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជាមួយគ្នានោះទេ តែ​ជាងនេះ​ទៅទៀត អាច​មាន​ល្បឿន​ស្មើគ្នា​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ។

ក្រោយ​ពី​សូយូស​ធ្វើ​ដំណើរ​មក​ដល់​ក្បែរ​ស្ថានីយ៍អវកាស​អន្តរជាតិ ហើយ​មាន​ល្បឿន​ស្មើគ្នា​រួចហើយ ដំណាក់កាល​បន្ទាប់ គឺ​ Docking។

ជាដំបូង សូយូស​ត្រូវ​បង្ខិតខ្លួន​​បន្តិចម្តងៗ ឲ្យ​ចូល​ទៅ​ជិត​ស្ថានីយ៍អវកាស​អន្តរជាតិ​ ហើយ​នៅ​ពេល​ចូល​ទៅដល់​ចម្ងាយ​ប្រមាណ​ជា ៤០០ម៉ែត្រ​ពី​ស្ថានីយ៍ សូយូស​ត្រូវ​​ហោះ​វាង សំដៅ​ទៅកាន់​ច្រកទ្វារ ឬ Docking Port របស់​ស្ថានីយ៍អវកាស​អន្តរជាតិ រួចហើយ​តម្រង់​ក្បាល ឲ្យ​ Docking Port របស់​សូយូស និង Docking Port របស់​ស្ថានីយ៍​ត្រូវ​ស្ថិត​នៅ​ស្របគ្នា លើ​អ័ក្សតែមួយ។

ក្រោយ​ពី​ Docking Port ទាំងពីរ​ស្ថិត​នៅ​ស្របគ្នាហើយៗ សូយូស និង​ស្ថានីយ៍អវកាស​អន្តរជាតិ​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​ប្រមាណ​ ពី ១៥០ម៉ែត្រ ទៅ ១៨០ម៉ែត្រ​ពី​គ្នា គេ​ត្រូវ​ចាប់ផ្តើម​ដំណាក់កាល​ចុងក្រោយ គឺ​សូយូស​​​ចាប់ផ្តើម​ហោះ​ដោយ​យឺតៗ ក្នុងល្បឿនត្រឹមប្រមាណ​ជា ១០សង់ទីម៉ែត្រ​ក្នុងមួយវិនាទី ដើម្បី​ចូល​ទៅភ្ជាប់​ជាមួយនឹង​ស្ថានីយ៍អវកាស​អន្តរជាតិ មុននឹង​អាច​ចាប់ផ្តើម​នីតិវិធី​ត្រួតពិនិត្យ​សុវត្ថិភាព រួចហើយ​បើកទ្វារ ផ្ទេរ​អវកាសយានិក​ចេញ​ពី​សូយូស ចូល​ទៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ