អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តេឡេស្កុបអវកាសជេមស៍វេប​មាន​លក្ខណៈពិសេស​អ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តេឡេស្កុបអវកាស​ជេមស៍វេប (James Webb Space Telescope) ដែល​គេ​គ្រោង​បាញ់បង្ហោះ នៅចុងឆ្នាំ២០២១​នេះ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​តេឡេស្កុប​ដ៏​ទំនើប​បំផុត​មួយ ហើយ​ដែល​អ្នក​វិទ្យាសាស្រ្ត​កំពុង​ទន្ទឹង​រង់ចាំ ដើម្បី​អាច​ប្រើ​តេឡេស្កុប​នេះ​សិក្សា​លម្អិត​ទៅលើ​ចក្រវាល រាប់ចាប់តាំង​ពី​ការ​សង្កេត​មើល​ផ្កាយ និង​កាឡាក់ស៊ី​ដំបូងៗ​ក្រោយ​ហេតុការណ៍​ប៊ីកប៊ែង រហូត​ដល់​ការ​សិក្សា​លម្អិត​ទៅលើ​ធាតុផ្សំ​នៃ​បរិយាកាស​លើ​ភព​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ។

តេឡស្កុបអវកាសជេមស៍វេប (James Webb Space Telescope)
តេឡស្កុបអវកាសជេមស៍វេប (James Webb Space Telescope) © NASA
ផ្សាយពាណិជ្ជកម្ម

តេឡេស្កុបអវកាស​ជេមស៍វេប (James Webb) ជាគម្រោង​រួមគ្នា រវាង​ទីភ្នាក់ងារ​អវកាស​អាមេរិក​​ណាសា ទីភ្នាក់អវកាស​អឺរ៉ុប​អេសា និង​ទីភ្នាក់ងារ​អវកាស​កាណាដា។ សាងសង់​ក្នុង​គម្រោង ដែល​ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ ១០ពាន់​លានដុល្លារ តេឡេស្កុបជេមស៍វេប មានកែវ​ដែលមាន​មុខកាត់​រហូតដល់​ទៅ ៦ម៉ែត្រកន្លះ ពោលគឺ ធំជាង​កែវ​តេឡេស្កុប​ហឺបល​ដល់​ទៅ ៦ដងឯណោះ។

ក្រៅពីមាន​មុខកាត់កែវ​ធំ​អាច​ចាប់ពន្លឺ​បាន​ច្រើន​នេះ តេឡេស្កុប​ជេមស៍វេប​នៅមាន​លក្ខណៈពិសេស​ចម្បងមួយទៀត គឺ​អាច​ចាប់ពន្លឺអាំងហ្វ្រារូ (Infrarouge/Infrared) នៅ​ក្នុង​ហ្វ្រេកង់​យ៉ាងទាបដែល​តេឡេស្កុបហឺបល​មិន​អាច​ចាប់បាន។ សមត្ថភាព​ក្នុងការ​ចាប់ពន្លឺ​ក្នុង​ហ្វ្រេកង់​យ៉ាងទាប​នេះ វាជា​ចំណុច​សំខាន់ ដើម្បី​ឆ្លុះមើល​ផ្កាយ និង​កាឡាក់ស៊ី ដែល​នៅ​ឆ្ងាយៗ​ រហូត​ដល់​ជាយ​នៃ​ចក្រវាល​ដែល​គេហៅថា Observable Universe ហើយ​អាច​ឲ្យ​យើង​សង្កេត និង​សិក្សាស្វែងយល់ អំពី​ការ​កកើត​ផ្កាយ និង​កាឡាក់ស៊ី​ដំបូងៗ​បំផុត នៅមិនយូរប៉ុន្មាន​ក្រោយ​ហេតុការណ៍ប៊ីកប៊ែង។

តេឡេស្កុបជេមស៍វេប​នេះ​ក៏​មាន​សមត្ថភាព​ផងដែរ ក្នុងការ​សិក្សា​លម្អិត ដើម្បី​កំណត់​ធាតុផ្សំ​នៃ​បរិយាកាស​នៅលើ​ភព​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ ដែល​នេះ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ នៅ​ក្នុងការ​សិក្សា អំពី​លទ្ធភាព​នៃ​វត្តមាន​ជីវិត​ក្រៅភពផែនដី។

តាមគម្រោង តេឡេស្កុប​ជេមស៍វេប​​នឹង​ត្រូវ​គេ​បាញ់បង្ហោះ នៅថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២១ ដោយ​ប្រើ​រ៉ុកកែត​អារីយ៉ាន-៥ (Ariane-5) បាញ់ចេញ​ពី​មជ្ឈមណ្ឌលអវកាស​គូរូ ក្នុង​ដែនដី​ហ្គីយ៉ាន​របស់​បារាំង។ ជេមស៍វេប​នឹង​ត្រូវ​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១,៥លាន​គីឡូម៉ែត្រ​ពីផែនដី (ឆ្ងាយ​ជាង​ចម្ងាយរវាង​ផែនដី​និង​ព្រះចន្ទ​រហូតដល់​ទៅ៤ដង)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ