អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើតេឡេស្កុបជេមស៍វេប​ត្រូវ​គេ​បង្ហោះ​ទៅ​ក្នុង​គន្លង​តារាវិថី​ដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តេឡេស្កុបអវកាស​ជេមស៍វេប (James Webb Space Telescope) ដែល​មាន​ទំហំ​ធំជាង​ទីលាន​បាល់ទះ​ទៅទៀតនោះ នឹង​ត្រូវ​គេ​បាញ់​បង្ហោះ​ទៅដាក់​ក្នុង​គន្លង​តារាវិថី​បាន​ដោយ​របៀបណា? តើជេមស៍វេប​នេះ​នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​បែបណា? ចម្ងាយ​ប៉ុន្មាន​ពីផែនដី? ហើយ​តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទើប​អាច​ធ្វើ​ដំណើរ​ទៅដល់​គន្លង​តារាវិថីនោះ?

JWST Deployment
JWST Deployment © NASA
ផ្សាយពាណិជ្ជកម្ម

ជេមស៍វេប ដែល​គ្រាន់តែ​កែវ​មាន​មុខកាត់​ដល់​ទៅ ៦ម៉ែត្រ​កន្លះ ហើយមានទំហំសរុប រាប់ទាំង​ខែល​ការពារពន្លឺថ្ងៃ​រហូតដល់​ទៅ ២១ម៉ែត្រ គឺ​ជា​តេឡេស្កុប​អវកាស​ដ៏​ទំនើប ហើយ​ក៏​ជា​តេឡេស្កុប​ដ៏​ធំបំផុតមួយផងដែរ។ ដូច្នេះហើយ​បាន​ជា​ជេមស៍វេប​ត្រូវ​បាន​គេ​សាងសង់ឡើង​ជា​ផ្នែក​ដែល​អាច​បត់​ឲ្យ​នៅ​ទំហំតូចល្មម​អាច​ផ្ទុក​លើ​រ៉ុកកែតបាន។

រ៉ុកកែត​ដែល​គេប្រើ​ ដើម្បី​បាញ់បង្ហោះ​តេឡេស្កុប​ជេមស៍​វេបនេះ គឺ​រ៉ុកកែតធុន « អារីយ៉ាន-៥ » របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហើយ​ត្រូវ​បាញ់បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​គូរូ ស្ថិត​នៅ​ហ្គីយ៉ាន ដែនដី​នាយសមុទ្រ​របស់​បារាំង។ ការណ៍ដែលគេបាញ់បង្ហោះ​តេឡេស្កុប​ជេមស៍វេប ចេញ​ពី​មជ្ឈមណ្ឌលអវកាស​អឺរ៉ុបនេះ ម្យ៉ាង​ ដោយសារ​តែ​មជ្ឈមណ្ឌល​អវកាសគូរូ​មាន​ទីតាំង​អំណោយផល គឺ​នៅក្បែរ​ខ្សែអេក្វាទ័រ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​រ៉ុកកែត​អារីយ៉ាន ជា​ប្រភេទ​រ៉ុកកែត ដែល​មានមុខកាត់​ធំ​​​ត្រូវ​ទៅនឹង​ទំហំ​របស់​ជេមស៍វេប។

គិតចាប់តាំង​ពីពេល​បាញ់បង្ហោះ រហូត​ដល់​ពេល​ដែល​ជេមស៍វេប​ត្រូវ​ពន្លាត​ចេញ​ជា​រូបរាង​ពេញលេញ​ គេ​ត្រូវ​ចំណាយពេល​រហូតដល់​ទៅជិត៣សប្តាហ៍។ ហើយ​រហូត​ទាល់តែ​ប្រមាណ​ជា ៣០ថ្ងៃ​ក្រោយ​បាញ់បង្ហោះ ទើប​ជេមស៍វេប​ធ្វើ​ដំណើរទៅដល់​គោលដៅចុងក្រោយ នៅត្រង់​ចំណុច​ « ឡាក្រង់ទី២ » ឬ L2។

ចំណុចឡាក្រង់នេះ ដែល​យក​តាម​ឈ្មោះ​អ្នក​ប្រាជ្ញ​បារាំង​ ដើមកំណើតអ៊ីតាលី Joseph-Louis Lagrange ជា​ចំណុចពិសេសមួយ ដែល​មាន​តុល្យភាព រវាង​កម្លាំង​ទំនាញ​ព្រះអាទិត្យ និង​កម្លាំង​ទំនាញ​ផែនដី ធ្វើ​ឲ្យ​តេឡេស្កុបជេមស៍វេប ត្រូវ​ស្ថិត​ក្នុង​គន្លង​វិលជុំវិញ​ព្រះអាទិត្យ ក្នុងល្បឿន​ត្រូវគ្នា​នឹង​ផែនដី ហើយ​អាច​ស្ថិត​នៅត្រង់ទីតាំងនេះ​ជាប់​ជា​ប្រចាំ​ក្នុងរយៈពេល​យូរ ដោយ​មិនទាមទារ​កម្លាំងម៉ូទ័រ និង​ថាមពល​ច្រើន ដើម្បី​រក្សា​លំនឹង​នៃ​គន្លង​តារាវិថី។

នៅត្រង់​ចំណុច​ឡាក្រង់នេះ ​ចម្ងាយ រវាង​តេឡេស្កុប​ជេមស៍វេប និង​ផែនដី ក៏​ស្ថិត​នៅ​​ស្ថិរជាប់​ជាប្រចាំ​ត្រឹម ១លាន៥សែនគីឡូម៉ែត្រ ផ្តល់​ភាព​ងាយស្រួល​ក្នុងការ​​ភ្ជាប់ទំនាក់ទំនង និង​បញ្ជូន​ទិន្នន័យ​ រវាង​តេឡេស្កុប និង​សាលបញ្ជា​ដែល​នៅលើដី។

រឹតតែ​សំខាន់ជាងនេះ​ទៅទៀត ការ​ណ៍​ដែល​តេឡេស្កុបជេមស៍វេប​ស្ថិត​នៅ​ក្នុង​គន្លង​ជុំវិញ​ព្រះអាទិត្យ ត្រង់​ចំណុច « ឡាក្រង់ទី២ » នេះ គឺ​មានន័យថា ទាំងព្រះអាទិត្យ ទាំង​ផែនដី និង​ទាំងព្រះចន្ទ ត្រូវ​ស្ថិត​នៅ​ប៉ែក​ម្ខាង​ជាប់​ជាប្រចាំ គឺ​ប៉ែក​ដែល​មាន​ខែល​ការពារពន្លឺថ្ងៃ ក្នុងពេល​ដែល​កែវតេឡេស្កុប​ត្រូវ​បែរទៅប៉ែក​ម្ខាងទៀត គឺ​ទៅប៉ែក​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។

និយាយ​ដោយ​សាមញ្ញ គឺ​ប្រៀបដូចជា តេឡេស្កុបជេមស៍វេប​នេះ​ត្រូវ​បែរ​ទៅ​ផ្នែក​ខាង​យប់​ជាប់​ជា​ប្រចាំ អាច​ឆ្លុះ​សង្កេតមើល​ទៅ​ក្នុ​ងលំហ​អវកាស​ជាប់​ជា​ប្រចាំ ២៤ម៉ោង លើ​២៤ម៉ោង ដោយ​គ្មាន​ការ​រំខាន​ពី​ពន្លឺ ទាំង​ពន្លឺ​ដោយផ្ទាល់​ពីព្រះអាទិត្យ និង​ទាំង​ពន្លឺ​ដែល​ចាំងផ្លាត​ពី​ផែនដី និង​ព្រះចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ