អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

Voyager៖ យានអវកាស​ដែល​ធ្វើ​ដំណើរ​បាន​ឆ្ងាយបំផុត

ចុះផ្សាយ​នៅ​ថ្ងៃ៖

Voyager គឺជាយានដំបូងបង្អស់ ដែលអាចធ្វើដំណើររហូតចេញផុតពីប្រព័ន្ធព្រះអាទិត្យ ចូលទៅដល់លំហ ដែលគេឲ្យឈ្មោះថា Interstellar។ បេសកកម្មរបស់ Voyager ក៏បានជួយឲ្យអ្នកវិទ្យាសាស្រ្តអាចស្វែងយល់បានយ៉ាងច្រើនផងដែរ អំពីប្រព័ន្ធព្រះអាទិត្យរបស់យើង។

© NASA
ផ្សាយពាណិជ្ជកម្ម

យាន Voyager ​ត្រូវបានគេ​​បាញ់​បង្ហោះ​​​នៅ​ឆ្នាំ១៩៧៧ ដោយ​ Voyager-2 ត្រូវ​បាន​គេ​បាញ់បង្ហោះ​មុន នៅថ្ងៃទី២០ ខែ​សីហា ហើយ​ជាង​ពីរសប្តាហ៍​ក្រោយ​មកទៀត គឺនៅថ្ងៃទី៥ ខែកញ្ញា ទើប Voyager-1 ត្រូវ​បាន​គេ​បាញ់បង្ហោះ​ទៅតាម​ក្រោយ។ Voyager-1 នេះ ថ្វីដ្បិត​តែ​បាញ់បង្ហោះ​ក្រោយ​មែន ក៏ប៉ុន្តែ ធ្វើ​ដំណើរ​ក្នុងគន្លងមួយ ដែល​ត្រូវ​ទៅដល់​ភពព្រហស្បតិ៍​មុន​ Voyager-2 គឺ​ទៅដល់​​នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧៩ (២ឆ្នាំកន្លះ​ក្រោយ​បាញ់បង្ហោះ ក៏ប៉ុន្តែ ៤ខែមុន Voyager-2)។

Voyager-1 ហោះកាត់​ក្បែរភពព្រហស្បតិ៍ ក្នុងរយៈចម្ងាយ​យ៉ាងជិត គឺ​ត្រឹមតែ​ប្រមាណជា ២៨ម៉ឺន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពោលគឺ​ជិតជាងចម្ងាយ​រវាង​ផែនដី និង​ព្រះចន្ទ​ទៅទៀត។ ការហោះកាត់​ក្បែរ​បែបនេះ ធ្វើ​ឲ្យ​ Voyager-1 ត្រូវ​រងនូវ​កម្លាំង​ទំនាញ​យ៉ាងសម្បើម​របស់​ភពព្រហស្បតិ៍ ហើយ​តាម​យន្តការ Gravity assist កម្លាំង​ទំនាញ​នេះ​បាន​ជួយ​ឲ្យ​ Voyager-1 បង្កើន​ល្បឿន​រហូតដល់​ទៅ​ជិតទ្វេដង គឺ​អាច​ធ្វើ​ដំណើរ​ក្នុងល្បឿន​​ប្រមាណ​ជា ៧ម៉ឺន​គីឡូម៉ែត្រ​ក្នុងមួយម៉ោង សំដៅ​ទៅកាន់​ភពបន្ទាប់ គឺ​ភពសៅរ៍។

ក៏ប៉ុន្តែ បើទោះជា​នៅ​ក្នុង​ល្បឿន​យ៉ាងលឿន​បែបនេះ​ក៏ដោយ Voyager 1 ត្រូវ​ចំណាយពេល​រហូត​ដល់​ទៅ ២០ខែ (ជាង១ឆ្នាំកន្លះ) ទើប​អាច​ធ្វើ​ដំណើរ​ទៅដល់​ភពសៅរ៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨០។ នៅត្រង់​ភពសៅរ៍​នេះ Voyager 1 មិនត្រឹមតែ​ត្រូវ​តែ​ហោះកាត់​​ភពសៅរ៍​ដោយ​ផ្ទាល់​តែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ បេសកកម្ម​ដ៏​ចម្បង​មួយ​ទៀត គឺ​ហោះកាត់​ក្បែរ​ព្រះចន្ទ​ដ៏ធំ​របស់​ភពសៅរ៍ គឺ “ទីតង់” (Titan)។

ភាព​ចាំបាច់​នៃ​គន្លងផ្លូវ​ដែល​ត្រូវ​ហោះកាត់ក្បែរ​ទីតង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បេសកកម្ម​របស់ Voyager 1 ត្រូវ​បញ្ចប់​ត្រឹម​ភពសៅរ៍ ដោយ​ក្រោយ​ពី​ហោះកាត់​ទីតង់ ភពសៅរ៍​​រួច ឥទ្ធិពលនៃកម្លាំងទំនាញ​​បាន​ធ្វើ​ឲ្យ​​​គន្លងរបស់ Voyager 1 ត្រូវហោះ​​ចាក់ឡើងទៅលើ ចេញ​ពី​​ប្លង់​​នៃគន្លងតារាវិថី​របស់​ភព ហើយ​ហោះ​សំដៅ​ទៅ​ក្រៅ​​ប្រព័ន្ធព្រះអាទិត្យ។

Voyager 2 ​ហោះកាត់​ភពព្រហស្បតិ៍ នៅថ្ងៃទី៩ កក្កដា ឆ្នាំ១៩៧៩ ហើយ​បាន​ធ្វើ​ដំណើរ​មកដល់​ភពសៅរ៍ នៅថ្ងៃទី២៥ សីហា ឆ្នាំ១៩៨១ គឺ​ជិត ១០ខែ​ក្រោយ Voyager 1។ បន្ទាប់ពី​ហោះចេញ​ពី​ភព​សៅរ៍ Voyager-2 បាន​បន្ត​ដំណើរ​ទៅ​ហោះ​​កាត់​ភព​អ៊ុយរ៉ានុស នៅថ្ងៃទី២៤ មករា ឆ្នាំ១៩៨៦ ហើយជាង​៣ឆ្នាំ​ក្រោយ​មកទៀត ​ហោះកាត់​ភព​ណិបទូន នៅថ្ងៃ​ទី​២៥ សីហា ឆ្នាំ១៩៨៩ មុននឹង​បន្ត​ដំណើរ​ចេញ​ទៅ​ប៉ែក​ខាង​ក្រៅ​ប្រព័ន្ធព្រះអាទិត្យ ដោយចាក់ចុះ​ទៅ​ខាង​ក្រោម ផ្ទុយ​ពី​ទិសដៅ​របស់ Voyager 1។

មកទល់​នឹង​ពេលបច្ចុប្បន្ន​នេះ យាន​ទាំងពីរ​សុទ្ធតែ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រព័ន្ធព្រះអាទិត្យ ទៅដល់​លំហ ដែល​គេ​ឲ្យឈ្មោះ​ជាភាសាអង់គ្លេស​ថា Interstellar ដោយ Voyager 1 បាន​ចេញ​ពី​ប្រព័ន្ធព្រះអាទិត្យ កាល​ពី​ឆ្នាំ២០១២ ហើយ​​ធ្វើ​ដំណើរ​ទៅដល់​​​ចម្ងាយជាង ២៣ពាន់លាន​គីឡូម៉ែត្រ​ពីផែនដី (២១ម៉ោងនិង២៥នាទីពន្លឺ) ចំណែក Voyager 2 ចេញ​ពីប្រព័ន្ធព្រះអាទិត្យ នៅឆ្នាំ២០១៨ ហើយ​បច្ចុប្បន្ន​ស្ថិត​នៅចម្ងាយ​ប្រមាណ ២០ពាន់លានគីឡូម៉ែត្រ​ពីផែនដី (១៧ម៉ោងនិង៤៦នាទីពន្លឺ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ