អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​គេ​អាច​ទាក់ទង​ជាមួយ​យាន Voyager បាន​ដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យាន Voyager ដែល​ត្រូវ​បាន​គេ​បាញ់បង្ហោះ កាល​ពីឆ្នាំ១៩៧៧ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ ទៅដល់​ចម្ងាយ​រហូតដល់​ទៅ​រាប់ពាន់លាន​គីឡូម៉ែត្រ​ពីផែនដី។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​នៅតែ​អាច​ទាក់ទង និង​បញ្ជូន​ទិន្នន័យ​ទៅមក​ជាមួយ​ Voyager បាន។ តើ​ការទាក់ទង​​នៅ​ក្នុងរយៈចម្ងាយ​ដ៏​ឆ្ងាយ​នេះ​ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

យាន Voyager បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រព័ន្ធព្រះអាទិត្យ ទៅដល់​ចម្ងាយ​ប្រមាណ​ជា ២០ពាន់លាន​គីឡូម៉ែត្រ​ពីផែនដី
យាន Voyager បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រព័ន្ធព្រះអាទិត្យ ទៅដល់​ចម្ងាយ​ប្រមាណ​ជា ២០ពាន់លាន​គីឡូម៉ែត្រ​ពីផែនដី © NASA
ផ្សាយពាណិជ្ជកម្ម

នៅលើ​យាន Voyager ការទាក់ទង បញ្ជូន និង​ទទួល​ទិន្នន័យ​​ទៅមក​ជាមួយផែនដី ​ត្រូវ​ធ្វើ​តាមរយៈអង់តែនរាងជាថាស ដែល​មានមុខកាត់ ៣,៧ម៉ែត្រ ក៏ប៉ុន្តែ ដោយសារ​តែ​ធនធានថាមពល​នៅលើ​យាន​មាន​កម្រិត ដូច្នេះ Voyager អាច​បញ្ជូន​សញ្ញា​ដែល​មាន​កម្លាំង​ត្រឹម​ជាង​ ២០វ៉ាត់​តែ​ប៉ុណ្ណោះ។ ដើម្បីប្រៀប​ធៀប​ឲ្យងាយយល់ វិទ្យុ FM ធម្មតា​មួយ ដែល​​មានកម្លាំងផ្សាយ​ ១០​គីឡូវ៉ាត់ អាច​បញ្ជូន​សញ្ញា​បាន​​​ខ្លាំង​ជាង​រលកសញ្ញា ដែល​បញ្ជូន​ចេញ​ពី​យាន Voyager រហូតដល់​ទៅ ៥០០ដងឯណោះ។

បន្ថែម​ពីលើនេះ​ទៅទៀត ពី Voyager មកផែនដី គឺមាន​ចម្ងាយ​យ៉ាងឆ្ងាយ រហូតដល់​ទៅ​ជាង ២០ពាន់លាន​គីឡូម៉ែត្រ​ឯណោះ ហើយ​គេ​ដឹង​ថា រលកសញ្ញាវិទ្យុ ក៏ដូចជា​ពន្លឺដែរ កាលណា​ធ្វើ​ដំណើរ​ទៅកាន់តែឆ្ងាយ កម្លាំង​ក៏​ត្រូវ​ថយចុះ​ទៅតាម​នោះដែរ គឺថយចុះ​ដោយសមាមាត្រ​ទៅនឹង​ការ៉េ​នៃ​ចម្ងាយ (Inverse Square Law)។ ដូច្នេះ រលកសញ្ញា​​កម្លាំង ២០វ៉ាត់​ពេល​បញ្ជូន​ចេញ​ពី​យាន Voyageur ទម្រាំតែ​ធ្វើ​ដំណើរ​មកដល់​ផែនដី កម្លាំង​របស់​វា​ត្រូវ​ថយចុះ​យ៉ាងខ្សោយបំផុត គឺ​ប្រមាណ​ជា ២០ពាន់លាន​ដង​ខ្សោយជាងថាមពល​ដែល​ប្រើ​នៅ​ក្នុង​នាឡិកាប្រើ​ថ្ម​មួយ​ទៅទៀត។

ក៏ប៉ុន្តែ បើទោះជា​រលកសញ្ញា​ ដែល​បញ្ជូន​ចេញ​ពី Voyager នេះ​មាន​កម្លាំង​យ៉ាងខ្សោយ​បែបនេះ​ក៏ដោយ ក៏​គេ​នៅតែ​អាច​ទទួល​សញ្ញា​បាន​ដែរ តាមរយៈ​​​បណ្តាញ​ទំនាក់ទំនង​អវកាស​របស់​ណាសា ដែល​គេ​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេសថា « Deep Space Network » ហៅកាត់ថា « DSN »។

បណ្តាញ​ទំនាក់ទំនង​អវកាស​នេះ ត្រូវ​បាន​ទីភ្នាក់ងារ​ណាសា​សាងសង់ឡើង នៅ​ក្នុងទីតាំង ចំនួន​៣​ផ្សេងគ្នា នៅជុំវិញ​ពិភពលោក ដោយ​​​ពីទីតាំង​មួយទៅ​ទីតាំង​មួយ​មាន​ចម្ងាយ​ប្រហាក់ប្រហែលគ្នា គឺ​មួយ​នៅ​អាមេរិក មួយ​នៅ​អេស្ប៉ាញ និង​មួយទៀត​នៅ​អូស្រ្តាលី។

នៅទីតាំង​ទាំង ៣នេះ ត្រង់​ទីតាំង​នីមួយៗ គឺ​មានអង់តែន​​យ៉ាងតិច​ចំនួន ៤ ដោយ​ក្នុង​នោះ​មាន​អង់តែន​ដ៏​​ធំសម្បើម​មួយ​មាន​មុខកាត់​រហូតដល់​ទៅ ៧០ម៉ែត្រ អម​ដោយ​​​អង់តែន​ធុនមធ្យម​ ​ជាច្រើន​ផ្សេងទៀត​ ដោយ​អង់តែននីមួយៗ​មាន​មុខ​កាត់​ ៣៤ម៉ែត្រ។ ក្រៅពីមានមុខកាត់​ធំ ព្រមទាំង​​អាច​បង្វិលខ្លួន​ទៅតាម​ទិស​ដៅ​បាន​យ៉ាងសុក្រឹត អង់តែន​ទាំងនេះ​ក៏​មាន​បំពាក់ផងដែរ ដោយ​ឧបករណ៍​ដ៏ទំនើប ដែល​អាច​បញ្ជូន​សញ្ញា​បាន​ឆ្ងាយ និង​​អាច​ទទួលសញ្ញា​​​បញ្ជូន​ពី​យានដែល​នៅ​ឆ្ងាយៗ ដូចជា យាន Voyager នេះបាន។

ក៏ប៉ុន្តែ ទោះជាមាន​បណ្តាញ​ទំនាក់ទំនង​អវកាស​យ៉ាង​ទំនើប ដូចជា Deep Space Network នេះ​ក៏ដោយ គេ​ក៏មិន​អាច​នៅបន្តទាក់ទង​ជាមួយ​យាន Voyager នេះ​ជា​រៀងរហូត​បាន​នោះដែរ។ បញ្ហា គឺ​នៅត្រង់​ថា យាន Voyager មិនត្រឹមតែ​ធ្វើ​ដំណើរ​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​ផែនដី​នោះទេ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា សមត្ថភាព​ក្នុងការ​ផលិត​ថាមពល​អគ្គិសនី​នៅលើ Voyager ដែល​ជា​យាន​ដ៏​ចំណាស់​ជាង ៤០ឆ្នាំមកហើយ​នោះ ក៏​កាន់តែ​ធ្លាក់ចុះខ្សោយ​ផងដែរ ​ពីមួយថ្ងៃ​ពីមួយថ្ងៃ។

គិតមកទល់នឹង​ពេលនេះ ឧបករណ៍​វិទ្យាសាស្រ្ត​មួយចំនួន នៅលើ​យាន Voyager ត្រូវ​បាន​ណាសា​បញ្ឈប់​លែង​ឲ្យ​ដំណើរការ​​រួចទៅហើយ ដើម្បី​សន្សំសំចៃ​ថាមពល ហើយ​តាមការ​ព្យាករ គ្រប់​ឧបករណ៍​វិទ្យាសាស្រ្ត​ទាំងអស់​នៅលើ​យាន​ Voyager នឹង​ត្រូវ​បញ្ឈប់​ដំណើរការ នៅ​ត្រឹម​ឆ្នាំ២០២៥​ខាងមុខ។

ក៏ប៉ុន្តែ បើទោះជា​លែងមាន​ឧបករណ៍​ប្រមូលទិន្នន័យ​វិទ្យាសាស្រ្ត ក៏ប៉ុន្តែ Voyager នឹង​នៅតែ​បន្ត​ទាក់ទង​ជាមួយ​ផែនដី​បាន តាមរយៈ Deep Space Network ក្នុងរយៈពេល​ប្រមាណ​ជា ១០ឆ្នាំក្រោយ​មកទៀត គឺ​​រហូត​ទៅដល់​​អំឡុង​ឆ្នាំ២០៣៦ ទើប Voyager ​ត្រូវ​អស់​ថាមពល ដាច់ការ​ទាក់ទង​ទាំងស្រុងជាមួយ​នឹង​ភពផែនដី​របស់​យើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ