អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទីភ្នាក់ងារ​ណាសា​បញ្ជូន​យាន "លូស៊ី" ទៅហោះកាត់​អាចម៍ផ្កាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសៅរ៍ ១៦តុលាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានគ្មានមនុស្សបើកមួយគ្រឿង ឈ្មោះ “លូស៊ី” (Lucy) ឲ្យទៅហោះកាត់ និងសិក្សាលម្អិត អំពីបំណែកអាចម៍ផ្កាយ ដែលស្ថិតនៅក្នុងគន្លងតារាវិថីជាមួយនឹងភពព្រហស្បតិ៍។ យាន "លូស៊ី" នេះ នឹង​ត្រូវ​ហោះកាត់​អាចម៍ផ្កាយ​ចំនួន ៧ នៅ​ក្នុង​បេសកកម្ម​ដែល​មាន​រយៈពេល ១២ឆ្នាំ។

Jonathan WALTER AFP
ផ្សាយពាណិជ្ជកម្ម

“លូស៊ី” គឺ​ជា​ឈ្មោះ​ផូស៊ីល​គ្រោងឆ្អឹង​​មួយ​នៃ​មនុស្ស​អម្បូរ “អូស្ត្រាឡូពីតែក” ដែល​គេ​បាន​រកឃើញ នៅ​ក្នុង​ប្រទេស​អេត្យូពី កាល​ពីឆ្នាំ១៩៧៤។ លូស៊ី ដែល​មាន​អាយុកាល​រហូតដល់​ទៅ​ជាង ៣លានឆ្នាំ គឺ​ជា​គ្រោងឆ្អឹង​មនុស្ស​បុរាណ​ដ៏​ចំណាស់​បំផុត ដែល​គេ​បាន​រកឃើញ ហើយ​ជា​ផូស៊ីល​ដ៏​សំខាន់​មួយ ដែល​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​អាច​សិក្សា​ស្វែងយល់​​កាន់តែ​ច្បាស់​ អំពី​ដើម​កំណើត និង​ដំណើរវិវឌ្ឍ​នៃ​តំណពូជ​របស់​មនុស្ស​យើង។

ទីភ្នាក់ងារ​ណាសា​បាន​យកឈ្មោះ “លូស៊ី” នេះ ទៅ​ដាក់​ឲ្យ​យានអវកាស​ដែល​ទៅ​សិក្សា​អំពី​អាចម៍ផ្កាយ​នេះ គឺ​ដោយសារ​តែ​គេ​គិត​ថា ផូស៊ីល​នៃ​គ្រោងឆ្អឹង​អាច​ជួយ​ឲ្យ​យើង​សិក្សា​ស្វែងយល់ អំពី​ដំណើរវិវឌ្ឍ​របស់​មនុស្ស​យ៉ាងណា អាចម៍ផ្កាយ​​ក៏​អាច​​ជួយ​ឲ្យ​អ្ន​កវិទ្យាសាស្រ្ត​​សិក្សា​ស្វែងយល់ អំពី​ដំណើរវិវឌ្ឍ​នៃ​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​បែបនោះដែរ ពីព្រោះ​ថា អាចម៍ផ្កាយ គឺ​ជា​បំណែក​ដែល​​នៅសេសសល់ តាំង​ពី​ការ​កកើត​ប្រព័ន្ធព្រះអាទិត្យ តាំង​ពី​ជាង ៤ពាន់លាន​ឆ្នាំមុន។

នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ អាចម៍ផ្កាយ​មួយផ្នែក ស្ថិត​នៅ​ប្រមូលផ្តុំគ្នា ក្នុងតំបន់មួយ ស្ថិត​នៅ​ចន្លោះ រវាង​ភពអង្គារ និង​ភព​ព្រហស្បតិ៍ ហើយ​ដែល​គេ​ឲ្យឈ្មោះ​ថា “ខ្សែក្រវ៉ាត់​អាចម៍ផ្កាយ”។ ក៏ប៉ុន្តែ ក៏មាន​ដែរ​អាចម៍ផ្កាយ​ជាច្រើន​ផ្សេងទៀត ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជាមួយ​នឹង​ភពព្រហស្បតិ៍ ដោយ​ប្រមូលផ្តុំគ្នា​​ជា​ពីរផ្នែក មួយ​​​នៅត្រង់​ចំណុចឡាក្រង់ “L4” ស្ថិត​នៅ​ខាង​មុខ​ភពព្រហស្បតិ៍ និង​មួយទៀត​ស្ថិត​នៅ​ត្រង់​ចំណុចឡាក្រង់ “L5” ខាងក្រោយ​ភពព្រហស្បតិ៍។

អាចម៍ផ្កាយ​នៅ​ក្នុង​ចំណុចឡាក្រង់​ទាំងពីរ​នេះហើយ ដែល​ជា​គោលដៅ ដែល​​​យាន “លូស៊ី” ត្រូវហោះកាត់​ និង​សិក្សា​លម្អិត ដោយ​នឹង​ត្រូវ​ហោះកាត់​អាចម៍ផ្កាយ​ទាំងអស់ ចំនួន ៧ នៅ​ក្នុងរយៈពេល​ ១២ឆ្នាំ​ខាងមុខ។ ដើម្បី​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ដល់​គន្លង​ភពព្រហស្បតិ៍ ហើយ​អាច​​ហោះកាត់​អាចម៍ផ្កាយ នៅ​ក្នុង​តំបន់​ទាំងពីរ​នេះ​បាន លូស៊ី​ត្រូវការ​​ជា​ចាំបាច់​នូវ​ជំនួយ​ពី​កម្លាំង​ទំនាញផែនដី ទៅតាម​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “Gravity Assist”។

ក្រោយ​ពីហោះកាត់​អាចម៍ផ្កាយ នៅ​តំបន់ឡាក្រង់រួច បេសកកម្ម​របស់​លូស៊ី​នឹង​ត្រូវ​បិទបញ្ចប់ ក៏ប៉ុន្តែ បើទោះជា​លែង​មាន​ដំណើរការតទៅទៀត​ហើយ​ក៏ដោយ លូស៊ី​​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី ​វិល​ជុំវិញ​ព្រះអាទិត្យ​​តទៅមុខទៀត ជារៀងរហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ