អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើយាន Voyager បានរកឃើញអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យាន Voyager មិនត្រឹមតែជាយានដែលធ្វើដំណើរទៅក្នុងទីអវកាសបានឆ្ងាយជាងគេបំផុត នោះទេ ក៏ប៉ុន្តែ ក៏បាននាំមកនូវចំណេះដឹងយ៉ាងច្រើនផងដែរ អំពីលំហ Interstellar ក៏ដូចជា អំពីប្រព័ន្ធព្រះអាទិត្យរបស់យើងដោយផ្ទាល់ ជាពិសេស អំពីភពធំៗទាំង ៤ នៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលកាលពីមុនសម័យកាល Voyager អ្នកវិទ្យាសាស្រ្តនៅមិនទាន់មានទិន្នន័យអាចសិក្សាយល់ដឹងបានច្រើននៅឡើយ។

© NASA
ផ្សាយពាណិជ្ជកម្ម

នៅពេលដែល​យាន ​Voyager ហោះកាត់​ភពព្រហស្បតិ៍ ទិន្នន័យ​ដែល​ប្រមូលបាននៅពេលនោះ បាន​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​អាច​យល់ដឹង​បាន​កាន់តែលម្អិត អំពី​ភពឧស្ម័ន​ដ៏សម្បើម​មួយនេះ ដោយ​នៅ​ក្នុងនោះ​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាច្រើន ដែល​គេ​មិនរំពឹង​ទុក​ពីមុន។

រឿងគួរឲ្យភ្ញាក់ផ្អើល​ទីមួយ គឺ​ទាក់ទងនឹង​ចំណុចក្រហម​ដ៏ធំលើ​ផ្ទៃភពព្រហស្បតិ៍ ដែល​គេ​ហៅតាម​ភាសា​អង់គ្លេស​ថា « Great Red Spot »។ ចំណុចក្រហម​នេះត្រូវបានគេ​សង្កេតឃើញ​មាន​ជាប់ជាប្រចាំ​នៅលើ​ភពព្រហស្បតិ៍​ តាំង​ពី​រាប់​រយ​ឆ្នាំមកហើយៗ តែងតែ​ជា​​អាថ៌កំបាំង​ដ៏ធំមួយ ដោយគេ​មិន​ដឹងដឹងច្បាស់​ថា​ជា​អ្វីពិតប្រាកដ។

រហូតទាល់តែ​ដល់ពេល​ដែល​យាន Voyager ហោះកាត់​យ៉ាងជិត​ភពព្រហស្បតិ៍ នៅឆ្នាំ១៩៧៩ ទើប​គេ​អាច​ដឹង​បានយ៉ាងច្បាស់​​ថា ចំណុចក្រហម​នេះ​គឺ​ជា​ព្យុះសង្ឃរា ប្រៀបដូចជាព្យុះសង្ឃរា​នៅលើ​ផែនដី​ដែល​គេ​មើល​ពី​ទីអវកាស​ដូច្នោះដែរ គ្រាន់តែ​ថា ខុសពីព្យុះសង្ឃរា​នៅលើ​ផែនដី ដែល​ភាគច្រើន​មាន​មុខកាត់​ត្រឹម​រាប់រយគីឡូម៉ែត្រ (ឬយ៉ាងច្រើន​បំផុត​ត្រឹម ២ពាន់គីឡូម៉ែត្រ) ហើយ​កើតមាន​ត្រឹមប៉ុន្មានថ្ងៃ (ឬយ៉ាងយូរបំផុត​ត្រឹមមួយខែ) ក៏ត្រូវ​បាត់ទៅវិញ ព្យុះសង្ឃរា ដែល​ជា​ចំណុចក្រហម​​នៅលើ​ភពព្រហស្បតិ៍​នោះ មាន​​ទំហំធំជាងមុខកាត់​​ផែនដី​របស់​យើងទាំងមូល​​រហូតដល់​ទៅ​ជិត ២ដង​ឯណោះ ហើយ​​ជា​ព្យុះ​ដែល​កើតមាន​ជាប់​ជាប្រចាំឥតដាច់ តាំង​ពី​២០០ ទៅ​ជាង ៣០០ឆ្នាំ​មុនមកម៉្លេះ។

នៅជុំវិញ​ភពព្រហស្បតិ៍​វិញ Voyager បាន​រកឃើញ​​​មាន​ខ្សែក្រវ៉ាត់​ព័ទ្ធជុំវិញ​ស្រដៀងនឹង​ភពសៅរ៍​ដែរ គ្រាន់តែ​ខ្សែក្រវ៉ាត់​នោះ​មាន​តិចតួច ដែល​គេ​មិន​អាច​មើល​ពីផែនដី​ទៅឃើញ។ បន្ថែមពីលើនេះទៅទៀត Voyager បាន​រកឃើញ​​ព្រះចន្ទថ្មីពីរបន្ថែមទៀត​នៅជុំវិញភពព្រហស្បតិ៍ ដែលគេ​មិនធ្លាប់​ដឹងពីមុន។ ចំណែក​ឯ​ក្នុង​ចំណោម​ព្រះចន្ទ​ធំៗ​ទាំង ៤ ដែល​រកឃើញ​ដោយ​កាលីលេ តាំង​ពី​ដើមសតវត្សរ៍​ទី១៧មកនោះ Voyager ក៏បាន​រកឃើញ​រឿង​ដ៏ចម្លែក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ នៅលើ​ព្រះចន្ទ​ចំនួន​ពីរ។

ទីមួយ គឺ​រកឃើញ​ថា មាន​ហេតុការណ៍ផ្ទុះភ្នំភ្លើង​នៅលើ​ព្រះចន្ទឈ្មោះ “អ៊ីយ៉ូ” (Io)។ នៅពេលនោះ គឺ​ជា​លើកដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត ដែលគេរកឃើញ​ហេតុការណ៍ផ្ទុះភ្នំភ្លើង នៅក្រៅភពផែនដី ហើយ​ការរកឃើញ​នោះ គឺ​ជា​ភស្តុតាង​បញ្ជាក់ថា ព្រះចន្ទ​ក៏​អាច​ដូចជា​ភពដែរ គឺ​អាច​​មាន​​ស្នូល ឬយ៉ាងហោចណាស់​ស្រទាប់ផ្នែក​ខាង​ក្នុង ដែល​មាន​សីតុណ្ហភាព​ខ្ពស់ និង​មាន​សណ្ឋានដី​សកម្ម​​អាច​បង្ក​ជា​ភ្នំភ្លើង​​បាន។

នៅលើ​ព្រះចន្ទមួយទៀត គឺ “អឺរ៉ុប” ឬហៅតាមភាសាអង់គ្លេស​ថា “យូរ៉ូប៉ា” រូបភាព ដែល​ថត​បាន​ដោយ Voyager បង្ហាញ​ឲ្យ​ឃើញ​ពី​ផ្ទៃដី​ដ៏រាបស្មើ​ ក៏ប៉ុន្តែ មាន​ស្នាមខ្វាត់ខ្វែង ដែល​ជា​តម្រ៉ុយ​នៃផ្ទាំងទឹកកកគ្រប់​នៅពាសពេញពីលើ ហើយ​ដែល​អាច​មាន​ទឹករាវ​នៅ​ពីខាងក្រោម។

ចេញពីភពព្រហស្បតិ៍ ទៅដល់​ភពសៅរ៍ របកគំហើញ​ដ៏​ចម្បង​បំផុត គឺ​ទាក់ទង​ទៅនឹង​ “ទីតង់” ព្រះចន្ទ​ដ៏ធំបំផុត​របស់​ភពសៅរ៍ និងជាព្រះចន្ទធំជាងគេ​លំដាប់ទីពីរ ក្នុង​ប្រព័ន្ធព្រះអាទិត្យ បន្ទាប់​ពី​ហ្កានីម៉ែដ។

Voyager-1 ហោះកាត់​ទីតង់ នៅថ្ងៃទី១២​វិច្ឆិកា ឆ្នាំ១៩៨០ ដោយហោះកាត់​ក្នុង​ចម្ងាយ​យ៉ាងជិត ត្រឹមតែ​ប្រមាណ​ជា ៤ពាន់គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។ ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ Voyager-1 នេះ បង្ហាញ​​អំពី​ស្រទាប់​បរិយាកាសយ៉ាងក្រាស់ នៅលើ​ទីតង់ ដោយ​បរិយាកាស​នោះ មាន​ធាតុផ្សំ ប្រមាណ​ជា ៩០% ជា អាសូត។ ស្រទាប់​បរិយាកាស​ដ៏ក្រាស់នេះ​បាន​បាំងជិត​មិន​ឲ្យ Voyager ថតបាន​រូបភាព​ផ្ទៃដី​ទីតង់​ដោ​យផ្ទាល់​នោះទេ ក៏ប៉ុន្តែ អាច​ប្រមូល​បាន​​ទិន្នន័យ​ អំពី​សម្ពាធ និង​សីតុណ្ហភាព ដែល​អាច​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​សន្និដ្ឋាន​ជា​បឋម​​ថា ក្រៅពីភពផែនដីរបស់​យើង ទីតង់​​ទំនង​ជា​ទីកន្លែងតែមួយគត់​ នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​​យើងនេះ ដែល​មាន​ទឹករាវ​នៅលើ​ផ្ទៃដី។ វត្តមាន​ទឹករាវ ដែល​ត្រូ​វ​បាន​​បញ្ជាក់​ ដោ​យភស្តុតាង​ច្បាស់លាស់ ២៥ឆ្នាំក្រោយ​មកទៀត នៅ​ពេល​ដែល​គេ​បញ្ជូន​បេសកកម្ម​កាស៊ីនី-ហ៊ុយហ្កិនស៍ ទៅ​ចុះចត​ដោ​យ​ផ្ទាល់ លើ​ដី​ទីតង់ នៅ​ឆ្នាំ២០០៥​កន្លងទៅ។

បេសកកម្ម​របស់ Voyager-1 ត្រូវ​បញ្ចប់​នៅ​ត្រឹម​ភពសៅរ៍​នេះ ដោយ​ក្រោយ​ពី​ហោះកាត់​ទីតង់ និង​ភពសៅរ៍​​រួច យាន Voyager 1 ត្រូវហោះ​​ចាក់ឡើងទៅលើ ចេញ​ពី​​ប្លង់​​នៃគន្លងតារាវិថី​របស់​ភព ហើយ​ហោះ​សំដៅ​ទៅ​ក្រៅ​​ប្រព័ន្ធព្រះអាទិត្យ។ ក៏ប៉ុន្តែ យានទីពីរ​នៅ​ក្នុង​បេសកកម្ម Voyager គឺ Voyager-2 បាន​បន្ត​ដំណើរ​ទៅហោះកាត់ និង​សិក្សា​លម្អិត​លើ​ភព​ចំនួន​ពីរទៀត នៅ​ប៉ែក​ខាង​ក្រៅ​បង្អស់​នៃ​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ហើយ​ដែល​គិតមកទល់​នឹង​សព្វថ្ងៃនេះ Voyager-2 គឺ​ជា​យាន​អវកាស​តែមួយគត់ ដែល​បាន​ហោះកាត់​ភពទាំងពីរនេះ​ ​គឺ​ភព​អ៊ុយរ៉ានុស និង​ណិបទូន។

ក្រោយ​ពី Voyager-2 ហោះកាត់​ភពណិបទូន នៅឆ្នាំ១៩៨៩ បេសកកម្ម​​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​​របស់ Voyager ត្រូវ​បិទបញ្ចប់ មុននឹង​ឈាន​ទៅ​ចាប់ផ្តើម​បេសកកម្ម​ថ្មីមួយទៀត គឺ​សិក្សា​អំពី​លំហ​ក្រៅប្រព័ន្ធព្រះអាទិត្យ (Voyager Interstellar Mission)។

ដើម្បី​សន្សំ​ថាមពល​ទុក​សម្រាប់​បេសកកម្ម Interstellar នេះ អ្នក​វិទ្យាសាស្រ្ត​បាន​សម្រេច​បិទឧបករណ៍​មិនចាំបាច់​មួយ​ចំនួន​លែង​ឲ្យ​ដំណើរការ ដោយ​ក្នុង​ចំណោម​ឧបករណ៍​ដែល​ត្រូវ​បញ្ឈប់​ដំណើរការ​​នោះ ​ក៏​មាន​ដែរ ម៉ាស៊ីន​ថតរូប។ ក៏ប៉ុន្តែ មុននឹង​បិទលែង​ឲ្យ​ដំណើរការ យាន Voyager-1 បាន​បង្វែរ​កាមេរ៉ា​សំដៅ​មក​ប៉ែក​ខាង​ក្នុង​នៃ​ប្រព័ន្ធព្រះអាទិត្យ ដើម្បី​ផ្តិត​យក​រូបភាព​ជា​លើកចុងក្រោយ។ រូបភាព​ ដែល​ថត​ពី​ចម្ងាយ​រហូតដល់​ទៅ ៦ពាន់លាន​គីឡូម៉ែត្រ​នោះ ថតឃើញ​ភពផែនដី​របស់​យើង​ត្រឹម​ជា​ចំណុចភ្លឺ​ដ៏​តូចមួយ​ ប្រហាក់ប្រហែល​នឹង​ផ្កាយមួយដួងតែប៉ុណ្ណោះ... ចំណុចភ្លឺ​ពណ៌ខៀវ ដែល​តារាវិទូ​ដ៏ល្បី​របស់​អាមេរិក គឺ​លោក Carl Sagan ដាក់​ឈ្មោះ​ឲ្យថា « The Pale Blue Dot »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ