អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បញ្ហាប្រឈម​នៃ​បំណែកអវកាស (សំរាមអវកាស)

ចុះផ្សាយ​នៅ​ថ្ងៃ៖

កំណើន​យ៉ាងលឿន​នៃ​ការ​បាញ់បង្ហោះផ្កាយរណប បូករួម​ជាមួយនឹង​បេសកកម្ម​អវកាស​ជាច្រើន​ផ្សេងទៀត ក៏ដូចជា ការ​បាញ់សាកល្បង​មីស៊ីល​ប្រឆាំង​ផ្កាយរណប ដែល​បណ្តា​ប្រទេស​ជាច្រើន​បាន​ធ្វើ​កាល​ពីពេល​ថ្មីៗនេះ វាបង្កើត​ឲ្យ​មាន​បញ្ហា​ចោទចម្បង​មួយ គឺ​បំណែកអវកាស (ឬសំរាមអវកាស) ​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី។

ការបុកទង្គិចគ្នា​ណាមួយ​នៅ​ក្នុង​ទីអវកាស វា​មិនត្រឹមតែ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ដល់​ឧបករណ៍​ដែល​ត្រូវ​បុកទង្គិចនោះទេ ក៏ប៉ុន្តែ បង្កើត​ឲ្យ​មាន​ជា​បញ្ហាកាន់តែធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត ទៅតាម​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ថា « Kessler Effect »
ការបុកទង្គិចគ្នា​ណាមួយ​នៅ​ក្នុង​ទីអវកាស វា​មិនត្រឹមតែ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ដល់​ឧបករណ៍​ដែល​ត្រូវ​បុកទង្គិចនោះទេ ក៏ប៉ុន្តែ បង្កើត​ឲ្យ​មាន​ជា​បញ្ហាកាន់តែធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត ទៅតាម​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ថា « Kessler Effect » © ESA
ផ្សាយពាណិជ្ជកម្ម

គិត​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២១​នេះ ជាង ៦០ឆ្នាំក្រោយការបាញ់បង្ហោះ​ Sputnik ការិយាល័យអង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​អវកាស​បាន​ប៉ាន់ស្មាន​ថា នៅ​ក្នុង​គន្លងតារាវិថី​ជុំវិញ​ភពផែនដី​ មាន​ផ្កាយរណប​ជាង ៧ពាន់​គ្រឿង ដោយ​រាប់ទាំង​ផ្កាយរណប​ដែល​កំពុង​មាន​ដំណើរការ និង​ទាំងផ្កាយរណប​ចាស់ៗ ដែល​លែង​មាន​ដំណើរការ ក៏ប៉ុន្តែ បន្ត​មាន​វត្តមាន​នៅ​ក្នុង​គន្លង​តារាវិថី។

ជាមួយ​នឹង​កំណើន​នៃ​តម្រូវការ​បច្ចេកវិទ្យាបច្ចុប្បន្ន គេ​រំពឹង​ថា ​ចំនួន​ផ្កាយរណបនឹង​ត្រូវកើនឡើង​កាន់តែ​ច្រើនជាងនេះ​ទៅទៀត ទៅថ្ងៃអនាគត ជាពិសេស តាមរយៈគម្រោង​ ​​បាញ់បង្ហោះផ្កាយរណប​តូចៗ​រហូតដល់​ទៅ​រាប់ម៉ឺន សម្រាប់​ផ្តល់​សេវាអ៊ីនធ័រនែត រួមមាន​ជាអាទិ៍ គម្រោង « Starlink » របស់​ក្រុមហ៊ុន SpaceX និងគម្រោង « Kuiper » របស់​ក្រុមហ៊ុន Amazon ។

បន្ថែម​ពីលើ​នេះ​ទៀត ការបាញ់សាកល្បង​មីស៊ីល​ប្រឆាំងផ្កាយរណប ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​ រួមមាន ឥណ្ឌា ចិន និង​រុស្ស៊ី ធ្លាប់​បាន​ធ្វើ​កាល​ពីពេលថ្មីៗ​នេះ គឺ​ជាចំណោទ​​ដ៏​ចម្បង​មួយ​បន្ថែមទៀត នៅក្នុង​បញ្ហា​បំណែក​អវកាស។

ទីភ្នាក់ងារណាសា​របស់​អាមេរិក និង​ទីភ្នាក់ងារអេសា​របស់​អឺរ៉ុប បាន​ប៉ាន់ស្មានថា នៅ​ក្នុងទីអវកាស​ជុំវិញ​ភពផែនដី​យើងពេល​បច្ចុប្បន្ននេះ ​មាន​បំណែក​អវកាស​ទំហំ​ចាប់​ពី​១សង់ទីម៉ែត្រ​ឡើង ​​រហូត​ដល់​ទៅ​ប្រមាណ​ជា កន្លះលានឯណោះ ហើយ​បំណែក​អស់ទាំងនេះ សុទ្ធតែ​​មានសក្តានុពល​អាច​​បង្ក​គ្រោះថ្នាក់ដល់​មនុស្ស​យើង។

ជាការពិតថា សម្រាប់​អ្នក​នៅលើ​ដី ប្រូបាប៊ីលីតេ​​នៃ​គ្រោះថ្នាក់​បង្ក​ដោយ​បំណែក​អវកាស គឺ​មាន​តិចតួច ដោយសារ​តែ​យើង​មាន​ស្រទាប់​បរិយាកាស​ជាខែលការពារ ក៏ប៉ុន្តែ នៅ​ក្នុង​ទីអវកាស​​ជុំវិញផែនដីវិញ វា​គឺ​ជា​រឿងផ្សេង។

គ្រប់អ្វីៗ​ទាំងអស់ ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថីជុំវិញផែនដី ត្រូវធ្វើ​ដំណើរ​ក្នុងល្បឿនគន្លងតារាវិថី (Orbital Velocity) ហើយ​នៅ​ក្នុង​គន្លង​តារាវិថី​ទាប (Low Earth Orbit) ល្បឿន​គន្លង​តារាវិថី​នេះ​មាន​រហូត​ដល់​ទៅ ប្រមាណ​ជា ៧គីឡូម៉ែត្រ​ក្នុង​មួយវិនាទី ពោលគឺ លឿនជាង​គ្រាប់​កាំភ្លើង​រហូតដល់​ទៅ ១០ដងឯណោះ។ ក្នុងល្បឿននេះ សូម្បីតែ​បំណែក​តូច​មួយ​ ទំហំ​ត្រឹម ១សង់ទីម៉ែត្រ ក៏​អាច​បង្ក​ការខូចខាតធ្ងន់ធ្ងរ​ផងដែរ ប្រសិនបើ​វា​ហោះបុកទង្គិច​ជាមួយ​យាន​អវកាស ឬ​ផ្កាយរណប។

ការបុកទង្គិចគ្នា​ណាមួយ​នៅ​ក្នុង​ទីអវកាស វា​មិនត្រឹមតែ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ដល់​ឧបករណ៍​ដែល​ត្រូវ​បុកទង្គិចនោះទេ ក៏ប៉ុន្តែ បង្កើត​ឲ្យ​មាន​ជា​បញ្ហាកាន់តែធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត ទៅតាម​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ថា « Kessler Effect » ពោលគឺ នៅក្រោយពេល​ដែលមាន​ការបុកទង្គិចគ្នាណាមួយ បំណែក​ដែល​កើតចេញ​ពី​ការ​បុកទង្គិចគ្នា​នេះ វាធ្វើ​ឲ្យ​ចំនួន​បំណែក​អវកាស​ត្រូវកើនឡើង ហើយ​ប្រូបាប៊ីលីតេ​ក៏​ត្រូវកើនឡើង ដែល​បំណែក​ទាំងនេះ​ត្រូវ​ទៅបុកទង្គិច​ជាមួយ​នឹង​វត្ថុផ្សេងទៀត បង្កើត​ឲ្យ​មាន​បំណែកអវកាសកាន់តែច្រើន និង​ប្រូបាប៊ីលីតេនៃ​ការបុកទង្គិចគ្នា​ពីមួយទៅមួយ​ក៏​ត្រូវកើនឡើង​។

​នៅ​ក្នុង​សម័យកាល​ដែល​អ្វីៗ​ត្រូវពឹងផ្អែក​ខ្លាំង​លើ​បច្ចេកវិទ្យា​ដូចជា​សព្វថ្ងៃនេះ ការខូចខាត​ផ្កាយរណប​ដែល​នៅ​ក្នុងទីអវកាស គឺ​អាច​បង្ក​នូវ​ផលប៉ះពាល់​​ដោយផ្ទាល់​​ទៅលើ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង ដែល​នៅលើ​ដី។ ក្នុងពេល​ជាមួយគ្នា វា​ក៏​ចោទ​ជា​បញ្ហា​ដ៏ចម្បងមួយផងដែរ ទៅលើសុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរអវកាស ទាំង​សុវត្ថិភាព​របស់​អវកាសយានិក​ដែល​មាន​វត្តមាន​ជាប់​ជាប្រចាំ នៅ​ក្នុង​ស្ថានីយ៍អវកាស​បច្ចុប្បន្ន ទាំងសុវត្ថិភាព​របស់​អវកាសយានិក នៅក្នុងគម្រោ​ងទៅកាន់​ព្រះចន្ទ និង​ភពអង្គារ​ ឬ​ទៅ​កន្លែងផ្សេងៗទៀត ទៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ