អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើយើងអាចធ្វើអ្វីបាន​បើមាន​អាចម៍ផ្កាយ​ហោះសំដៅមកបុកផែនដី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីជាង ៦៦លានឆ្នាំមុន អាចម៍ផ្កាយដ៏ធំមួយបានហោះមកបុកផែនដី បានធ្វើឲ្យពពួកសត្វឌីណូស័រត្រូវស្លាប់ផុតពូជ បាត់ស្រមោលទាំងស្រុងពីលើភពផែនដី។ ចុះបើសិនជាមានអាចម៍ផ្កាយហោះសំដៅមកបុកផែនដីរបស់យើង​សាជាថ្មី តើមនុស្សយើងអាចធ្វើអ្វីបាន ដើម្បីចៀសវាងត្រូវជួបនឹងជោគវាសនាដូចជាសត្វឌីណូស័រ?

Handout NASA/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ផ្ទុយពី​សាច់រឿង​ក្នុង​​ខ្សែភាពយន្ត ដែល​គេ​អាច​បញ្ចៀស​គ្រោះថ្នាក់​ ដោយ​​យក​អាវុធ​នុយក្លេអ៊ែរ​ទៅ​ដាក់​បំផ្ទុះ​កម្ទេច​អាចម៍ផ្កាយ នៅក្នុង​ស្ថានភាពជាក់ស្តែងវិញ នេះ​អាច​មិនមែន​ជា​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាពនោះទេ ពីព្រោះ​ថា អាវុធ​នុយក្លេអ៊ែរ​នេះ​ទំនង​ជា​មិន​អាច​កម្ទេច​អាចម៍ផ្កាយ​បានទាំងស្រុង ផ្ទុយ​ទៅវិញ បាន​ត្រឹមតែ​ធ្វើ​ឲ្យ​អាចម៍ផ្កាយ​បែក​ជាច្រើន​ផ្នែក ដោ​យផ្នែក​នីមួយៗ​នៅតែមានទំហំ​ធំល្មម​ ហើយ​នៅតែ​អាច​ធ្លាក់មកលើផែនដី ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​យើង​បាន​ដដែល។

ហេតុដូច្នេះហើយ​បានជា​អ្នកវិទ្យាសាស្រ្ត​ផ្តោតអាទិភាព​ទៅលើ​​ដំណោះស្រាយ​ផ្សេង​មួយទៀត គឺ​ធ្វើយ៉ាងណា​​​​បង្វែរ​គន្លង​អាចម៍ផ្កាយ​ឲ្យ​ចៀស​ពី​ទិស ដែល​ត្រូវ​ហោះ​មក​បុកភពផែនដី ដោយ​នៅ​ក្នុងនោះ មាន​វិធី​មួយ ដែល​គេ​កំពុង​សិក្សាលម្អិត គឺ​ការ​បញ្ជូន​យាន​ឲ្យ​ទៅ​ហោះបុក​អាចម៍ផ្កាយ ដើម្បី​ប្រើ​ថាមពល​នៃ​កម្លាំងទង្គិច​​នេះ រុញ​អាចម៍ផ្កាយ​ឲ្យ​ចាក​ពី​គន្លងដើម។ វិធី​នេះ​ត្រូវបានគេ​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Deflection by Kinetic Impact » ហើយ​​បេសកកម្ម​សាកល្បង​មួយ​ ត្រូវ​បាន​ទីភ្នាក់ងារ​ណាសា​បាញ់បង្ហោះ កាល​ពីថ្ងៃ​ទី២៧ ខែវិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ។

បេសកកម្ម​នេះ មាន​ឈ្មោះ​ថា « Double Asteroid Redirection Test » (DART) ត្រូវ​បាន​បាញ់បង្ហោះ​ដោយ​ប្រើ​រ៉ុកកែតធុន Faclon​ 9 របស់​ក្រុមហ៊ុន SpaceX។ DART គោលដៅ​របស់ DART គឺ​អាចម៍ផ្កាយ ដែលគេឲ្យឈ្មោះថា “ឌីឌីម៉ូស” (Didymos) ដែល​មាន​គន្លង​តារាវិថី​រាងជាអេលីប (រាងមូលទ្រវែង) ដោយ​ចុងម្ខាង​ចេញ​ទៅហួស​គន្លង​របស់​ភពអង្គារ ចំណែក​ចុងម្ខាងទៀត​ចូល​មកដល់​ក្បែរគន្លង​របស់​ភពផែនដី។ អាចម៍ផ្កាយ​នេះ​ ថ្វីដ្បិតតែ​ស្ថិត​ក្នុង​ចំណោម​អាចម៍ផ្កាយ ដែលមាន​គន្លង​​ចូល​មក​​ក្បែរផែនដី ក៏ប៉ុន្តែ មិនបង្ក​គ្រោះថ្នាក់​ណា​មួយ​ដល់​ផែនដី​របស់​យើង​នោះទេ យ៉ាងហោចណាស់ ក្នុងរយៈពេល​ប៉ុន្មាន​រយ​ឆ្នាំ​ខាងមុខ។

ឌីឌីម៉ូស គឺ​ជា​ប្រភេទ​អាចម៍ផ្កាយភ្លោះ ដោយ​មួយ​ជា​អាចម៍ផ្កាយ​មេ មាន​ទំហំ​ប្រមាណ ៧៨០ម៉ែត្រ និង​មួយទៀត​ ទំហំ​ត្រឹមប្រមាណ​ជា ១៦០ម៉ែត្រ ស្ថិត​នៅ​ក្នុងគន្លង​វិលជុំវិញ​អាចម៍ផ្កាយមេ ប្រៀបដូចជា​ព្រះចន្ទ​ដែល​វិលជុំវិញភព។ អាចម៍ផ្កាយ ដែល​ជា​តារារណប ឬ​កូនព្រះចន្ទ​​របស់​ឌីឌីម៉ូសនេះ ​ត្រូវ​បាន​គេឲ្យឈ្មោះថា “ឌីម៉រហ្វូស” (Dimorphos)។ ឌីម៉រហ្វូសនេះហើយ​​ដែលយាន​ DART ត្រូវ​ហោះបុក ដើម្បី​​អាចសង្កេត និង​វាស់វែង អំពី​បម្រែបម្រួល​នៃ​គន្លងរបស់​វា ជុំវិញ​អាចម៍ផ្កាយមេ ឌីឌីម៉ូស។

DART នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅដល់​ប្រព័ន្ធអាចម៍ផ្កាយ​ឌីឌីម៉ូស នៅ​ខែកញ្ញា​ឆ្នាំ២០២២​ខាងមុខ នៅពេល​ដែល​អាចម៍ផ្កាយ​ភ្លោះ​នេះ​ធ្វើ​ដំណើរ​ចូល​មកត្រឹមចម្ងាយ​ប្រមាណ​ជា ១១លាន​គីឡូម៉ែត្រ​​​ពី​ភពផែនដី ដែល​ជា​រយៈចម្ងាយ​មួយ​​ជិតល្មម​មាន​អំណោយផល​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​យាន​ផង និង​ជាពិសេស​ជាងនេះ​ទៅទៀត វា​​ជា​រយៈចម្ងាយ​ជិត ដែល​អាច​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​​​ងាយស្រួល ក្នុងការ​ប្រើ​ប្រព័ន្ធរ៉ាដា និង​តេឡេស្កុប​ពីដី​នេះ​ទៅ ដើម្បី​តាមដាន​មើល​បម្រែបម្រួល​នៃ​គន្លង​របស់​អាចម៍ផ្កាយ។

ក្រៅពី​ការ​សង្កេត​ដោយ​ប្រព័ន្ធរ៉ាដា និង​តេឡេស្កុប​ពី​ដី DART ក៏​មាន​ភ្ជាប់​ទៅជាមួយផងដែរ នូវ​កូន​យាន​តូចមួយ​ភ្ជាប់​ដោយ​ប្រព័ន្ធ​កាមេរ៉ា ដោយ​កូន​យាន​នេះ​នឹង​ត្រូវ​ផ្តាច់​ខ្លួនចេញ មុន​នឹង​ DART ត្រូវហោះ​ទៅ​បុក​​អាចម៍ផ្កាយ « ឌីម៉រហ្វូស »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ