អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេសកកម្ម Hera របស់​អេសា ក្នុងគម្រោងរួមជាមួយណាសា​ដើម្បីការពារផែនដីពីអាចម៍ផ្កាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានអវកាសមួយគ្រឿង ឲ្យហោះសំដៅទៅបុកអាចម៍ផ្កាយ ដើម្បីសាកល្បងមើល អំពីប្រសិទ្ធភាពនៃការបង្វែរគន្លងអាចម៍ផ្កាយ តាមវិធីសាស្រ្ត ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Deflection by kinetic impact។ បេសកកម្ម DART (Double Asteroid Redirection Test) គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃគម្រោងសាកល្បងបច្ចេកវិទ្យាបង្វែរគន្លងអាចម៍ផ្កាយ ដែលធ្វើឡើងរួមគ្នា រវាងទីភ្នាក់ងារណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប “អេសា”។

ESA Asteroid Impact Mission
ESA Asteroid Impact Mission © ESA
ផ្សាយពាណិជ្ជកម្ម

តាមគម្រោង Hera នឹង​ត្រូវ​អេសា​បាញ់បង្ហោះ​ដោយ​ប្រើ​រ៉ុកកែត​ធុន Ariane-6 បាញ់ចេញ​ពី​មជ្ឈមណ្ឌលអវកាស​គូរូ ហើយ​ត្រូវបាញ់បង្ហោះ នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៤​ខាងមុខ ពោលគឺ ជាង​មួយឆ្នាំ​ក្រោយ​ពេល​ DART របស់​ណាសា​បាន​ហោះបុក​កូនអាចម៍ផ្កាយ “ឌីម៉រហ្វូស” ដែល​តាមគម្រោង ត្រូវកើតឡើង នៅចុងឆ្នាំ២០២២។

Hera មាន​បំពាក់​​ដោយ​ប្រព័ន្ធគោរចរ​ស្វ័យប្រវត្តិ ​កាមេរ៉ា​ថតរូប ប្រព័ន្ធរ៉ាដា​ដោយ​ប្រើ​កាំរស្មីឡាស៊ែរ ម៉ាស៊ីនស្គែន​អាំងហ្វ្រារូ ព្រមទាំង​កូនផ្កាយរណប ឬ CubeSat ចំនួនពីរគ្រឿង ដែល​នឹង​ត្រូវ​ផ្តាច់ខ្លួនចេញ​ពី​តួយាន រួចហើយ​ហោះទៅ​ដល់​រយៈចម្ងាយ​យ៉ាងជិត​ទៅនឹង​ឌីម៉រហ្វូស​ មុននឹង​ចុះចត​ដោ​យផ្ទាល់​លើ​ផ្ទៃដី​របស់​អាចម៍ផ្កាយ។

បេសកកម្ម​ចម្បងៗ​របស់ Hera និង​កូនផ្កាយរណប​ទាំងពីរ​គ្រឿងនេះ គឺ​ប្រមូលទិន្នន័យ ដើម្បី​​​សិក្សាមើល​យ៉ាងលម្អិត ទៅលើ​​រណ្តៅ​លើ​ផ្ទៃដីអាចម៍ផ្កាយ ដែលបន្សល់ទុក​ដោយ​ការ​បុកទង្គិច​ជាមួយ​​ DART, កំណត់​អំពី​​រចនាសម្ព័ន្ធ ធាតុផ្សំ និងសណ្ឋានដី​ និង​ជាពិសេស​ជាងនេះ​ទៅទៀត គឺ​​វាស់មើល​យ៉ាងសុក្រិត អំពី​ទម្រង់ ទំហំ និង​ម៉ាស់​របស់​ឌីម៉រហ្វូស។

ទិន្នន័យ​អស់​ទាំងនេះ បូករួម​ជាមួយនឹង​ទិន្នន័យ​ទាក់ទង​នឹង​បម្រែបម្រួល​នៃ​គន្លងរបស់​ឌីម៉រហ្វូស ក្រោយ​ការ​បុកទង្គិច​ជាមួយ DART វាមានសារៈសំខាន់ ដើម្បី​អាច​ឲ្យ​គេ​កំណត់​បាន​ច្បាស់លាស់​ថា តើ​​ការ​បុកទង្គិច​ជាមួយ​យាន DART ដែល​មាន​ម៉ាស់ ៥០០គីឡូក្រាម និង​ហោះក្នុងល្បឿន ៦ពាន់៦រយម៉ែត្រ​ក្នុងមួយវិនាទី​នេះ អាច​ធ្វើ​ឲ្យ​អាចម៍ផ្កាយ​ដែល​មានទំហំ និង​ម៉ាស់​ប៉ុន​ឌីម៉រហ្វូសនេះ​នឹង​ត្រូវ​ប្រែប្រួល​គន្លង​ត្រឹម​កម្រិតណា?​ តើ​ការបុកទង្គិចនេះ​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធខាងក្នុងអាចម៍ផ្កាយ​ត្រូវ​ប្រែប្រួល​ត្រឹម​កម្រិតណា ជាពិសេស ចង់ដឹង​ថា តើ​កម្លាំងទង្គិចត្រឹមកម្រិតណា ដែល​ជា​កម្លាំង​សមល្មម​​អាច​ធ្វើ​ឲ្យ​អាចម៍ផ្កាយ​ប្រែប្រួល​គន្លង​ តែ​មិនខ្លាំងហួសហេតុ ដែល​ធ្វើ​ឲ្យ​អាចម៍ផ្កាយ​ត្រូវ​បែកជាច្រើន​ផ្នែក តែ​រក្សា​គន្លង​ដដែល ឬ​ផ្លាស់ប្តូរ​គន្លងដែរ តែ​មិនគ្រប់គ្រាន់ អាច​ចៀសផុត​ពី​ការ​បុកទង្គិច​ជាមួយផែនដី។

និយាយជារួមទៅ គោលដៅ​ចម្បង​នៃ​បេសកកម្ម​ DART របស់ណាសា និង​បេសកកម្ម Hera របស់​អេសា គឺ​ដើម្បី​ប្រមូលទិន្នន័យ​លម្អិត​គ្រប់ជ្រុងជ្រោយ ដើម្បី​កំណត់​ថា តើ​គេ​ពិតជា​អាច​​ប្រើយាន​ឲ្យ​ហោះបុកអាចម៍ផ្កាយបែបនេះ ដើម្បី​បង្វែរ​គន្លង​អាចម៍ផ្កាយ​ឲ្យ​ចៀស​ពី​ការ​ហោះបុកផែនដី​បាន​ដែរ​ឬ​ក៏​យ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ