អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិតេឡេស្កុប៖ ពី​កាលីលេ​មកដល់​ជេមស៍វេប

ចុះផ្សាយ​នៅ​ថ្ងៃ៖

តេឡេស្កុប​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ដែល​បានដើរតួនាទី​យ៉ាង​ចម្បង នៅ​ក្នុង​ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្ស​យើង ទៅលើ​ចក្រវាល។ តើ​តេឡេស្កុប​ចាប់កំណើតឡើង​តាំងពីពេលណា? អ្នកណា​ជា​អ្នក​បង្កើត? តើតេឡេស្កុប​មាន​ដំណើរវិវឌ្ឍ​យ៉ាងណាខ្លះ?

© ESA
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ គេតែងតែនាំគ្នា​និយាយ​ថា តេឡេស្កុប​ត្រូវ​បាន​បង្កើតឡើង​ដំបូង ដោយ​អ្នក​ប្រាជ្ញអ៊ីតាលី គឺ​កាលីលេ ក៏ប៉ុន្តែ តាមការពិត​ទៅ គំនិត​នៃ​ការ​បង្កើត​តេឡេស្កុបនេះ មាន​តាំង​ពី​មុន​កាលីលេ​ទៅទៀត ដោយ​អ្នក​ដែល​បាន​សុំចុះកម្មសិទ្ធិបញ្ញា​លើ​ការ​បង្កើត​តេឡេស្កុប​នេះ​មុន​គេ (ឆ្នាំ១៦០៨) គឺ​ជាងផលិតវ៉ែនតា​ម្នាក់ នៅ​ហូឡង់ ឈ្មោះ​ថា ហានស៍ លីភើហី (Hans Lipperhey)។​

កាល​ពី​ដំបូងនោះ គេនៅមិនទាន់​បែកគំនិត​យក​តេឡេស្កុបនេះ​ទៅប្រើ នៅក្នុង​វិស័យ​តារាសាស្រ្ត​នៅឡើយ។ រហូតទាល់តែ​ប្រមាណ​ជាមួយឆ្នាំក្រោយមក​ទៀត (ឆ្នាំ១៦០៩) កាលីលេ​ ដែល​បានឮដំណឹង​ អំពី​ការ​បង្កើត​តេឡេស្កុប នៅ​ហូឡង់នោះ ក៏​បាន​រចនា និង​ផលិតតេឡេស្កុបឡើង​ដោយខ្លួនឯង ព្រមទាំង​បាន​កែលម្អ​ឲ្យ​កាន់តែល្អ អាច​ពង្រីករូប​បាន​រហូត​ដល់​ទៅ ២០ដង ហើយ​កាលីលេ​ គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត ដែល​បាន​យក​តេឡេស្កុប​នេះ​ទៅប្រើ ដើម្បី​ឆ្លុះមើលអ្វីៗ​ដែល​នៅលើមេឃ។

ការឆ្លុះមើល​ដោយប្រើតេឡេស្កុបនេះ បានធ្វើ​ឲ្យ​កាលីលេ​អាច​សង្កេតឃើញ​រឿងចម្លែកៗជាច្រើន ដែល​គេ​មិនធ្លាប់​ដឹងពីមុន រាប់ចាប់តាំង​ពីសណ្ឋានដីដែល​ពោរពេញ​ទៅដោយ​ស្នាម​រណ្តៅ​រាប់មិនអស់​នៅលើ​​​ព្រះចន្ទ​របស់​យើង រហូតទៅដល់​ការ​រកឃើញ​ព្រះចន្ទ​​ជុំវិញភពផ្សេង​ ជាលើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ព្រះចន្ទ​ធំៗ​ចំនួន ៤ នៅជុំវិញ​ភពព្រហស្បតិ៍។

បន្ថែម​ពីលើនេះ​ទៅទៀត តាមរយៈតេឡេស្កុប កាលីលេ​ក៏​អាច​សង្កេតឃើញផងដែរ​ថា ភពសុក្រ ដែល​យើងមើលទៅ​ឃើញ​ជា​ចំណុចភ្លឺ​ រាងមូល​ ដូចជា​ផ្កាយមួយដួង​នោះ តាមការពិត​ទៅ មានមានរូបរាង​ជា​រង្វង់ពេញនោះទេ គឺមាន​រាង​ត្រឹម​ជាចំណិត​ប៉ុណ្ណោះ ដោយ​​ទំហំ​នៃ​ចំណិត​នេះទៀតសោត ​ត្រូវ​ប្រែប្រួល ពី​ពេលមួយទៅពេលមួយ ស្រដៀងគ្នា​​ទៅនឹង​ចំណិត​ព្រះចន្ទ​របស់​យើង​។

ចេញ​ពី​ការ​សង្កេតនោះ កាលីលេ​ក៏​បាន​សន្និដ្ឋាន​ថា ការណ៍​ដែល​យើងមើលទៅ​ឃើញ​ភពសុក្រ​មាន​​រាងជាចំណិត​នោះ គឺ​ដោយសារ​តែ​ភពសុក្រ​មាន​ចលនា​វិលជុំវិញព្រះអាទិត្យ ហើយ​នោះ​គឺ​ជា​ភស្តុតាង​យ៉ាងជាក់ច្បាស់​​បញ្ជាក់ អំពី​ទ្រឹស្តី​របស់​តារាវិទូ​ប៉ូឡូញ​ ឈ្មោះ នីកូឡា កូពែរនិច ដែល​អះអាង​ថា ភពផែនដី​មិនមែន​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ដូច​ជា​ជំនឿ​ចាស់​បុរាណ​តាំងពី​​រាប់ពាន់​ឆ្នាំ​មុននោះទេ។

អ្វីដែល​កាលីលេ​បាន​រកឃើញ តាមរយៈតេឡេស្កុប​នៅពេលនោះ គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​បំផុត​មួយ​ ​នៅ​ក្នុង​បដិវត្តន៍​នៃ​តារាសាស្រ្ត​សម័យ​ទំនើប។ ហើយ​នៅក្នុងរយៈពេល​ជាច្រើន​ឆ្នាំក្រោយៗមកទៀត តេឡេស្កុបត្រូវបាន​គេ​កែលម្អ​ឲ្យ​កាន់តែ​ល្អ ហើយ​​យក​ទៅប្រើ​ជាទូទៅ នៅ​ក្នុង​វិស័យ​តារាសាស្រ្ត។

ទោះជាយ៉ាងណា ​តេឡេស្កុប​នៅសម័យកាលនោះ​មាន​ប្រសិទ្ធភាព​នៅ​ក្នុងដែនកំណត់មួយ ដែល​​​មិន​អាច​ឲ្យ​គេ​​ពង្រីករូបភាព​​បាន​​​ធំ និង​ឆ្លុះមើល​បាន​ឆ្ងាយ​ប៉ុន្មាននោះទេ។

គេត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ១៦៦៨ ទើប​​​តេឡេស្កុប​ប្រភេទ​ថ្មី​មួយទៀ​តត្រូវ​បាន​គេរកឃើញ​ ហើយ​អ្នក​ដែល​បាន​រកឃើញ​តេឡេស្កុប​ថ្មី​នេះ គឺ​អ្នក​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ អ៊ីសាក់ ញូតុន។

ផ្ទុយ​ពីតេឡេស្កុប​សម័យ​កាលីលេ ដែល​ប្រើកែវធំ​នៅខាងមុខ​ឲ្យ​ពន្លឺ​ឆ្លងកាត់ (Refraction) តេឡេស្កុប​របស់​ញូតុន​វិញ ប្រើ​យន្តការ​ចំណាំងផ្លាត (Reflection) ដោយ​ដាក់កញ្ចក់​ធំ​ នៅ​ខាង​ក្រោយ (Primary mirror) ឲ្យ​ទទួលពន្លឺ រួចហើយ​ចាំងផ្លាត​ត្រឡប់​​ទៅ​កញ្ចក់តូច​ដែល​នៅខាងមុខ (Secondary mirror) មុននឹង​ចាំងផ្លាតបន្ត​ទៅ​ចំហៀង សំដៅទៅកន្លែងដែល​គេ​ដាក់ភ្នែកមើល។

តេឡេស្កុប​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជាភាសាអង់គ្លេស​ថា « Reflecting telescope » ឬ​ « Newtonian telescope » ហើយ​ជា​ប្រភេទ​តេឡេស្កុប​ដែលគេ​​ប្រើ​ច្រើន​ជាងគេ នៅ​ក្នុង​វិស័យ​តារាសាស្រ្ត​មកទល់នឹង​សព្វថ្ងៃ​នេះ ដោយ​​តេឡេស្កុបធំៗ​នៅទូទាំងពិភពលោក​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ស្ទើរតែ​ទាំងអស់​ គឺសុទ្ធសឹងជា​​ប្រភេទ « Newtonian telescope » នេះ។

ទោះជាយ៉ាងណា ​តេឡេស្កុប​អស់​ទាំង​នេះ ថ្វីដ្បិតតែ​មាន​ទំហំ​ធំ ក៏ប៉ុន្តែ ដោយសារតែ​មាន​ទីតាំង​នៅលើ​ដី ប្រសិទ្ធភាព​របស់​វា​​ក៏នៅតែមាន​ដែន​កំណត់​​ដែរ ដោយសារតែ​ពន្លឺ ដែល​មកពី​ទីអវកាស​ មុននឹង​មកដល់​កញ្ចក់តេឡេស្កុប គឺ​ត្រូវ​ឆ្លងកាត់​ស្រទាប់​បរិយាកាសផែនដី ដែល​បង្កើត​ឲ្យ​មាន​ការរំខាន​ មិន​អាច​ឆ្លុះមើល​ឃើញ​រូបភាព​ច្បាស់ ជាពិសេស រូបភាព​ផ្កាយ ឬ​កាឡាក់ស៊ី ដែល​នៅ​ឆ្ងាយៗ​ពី​យើង។

ដើម្បី​ចៀសផុតពី​ការ​រំខាន​ដោយ​ស្រទាប់​បរិយាកាស​នេះហើយ ទើប​គេ​បង្កើត​ជា​តេឡេស្កុប​អវកាស​ឡើង​ ដែលភាគច្រើន​ជា​ប្រភេទ​ « Newtonian telescope » ដែរ ក៏ប៉ុន្តែ ត្រូវ​​បាញ់បង្ហោះ​ ​ទៅដាក់​ក្នុង​ទីអវកាស​ផុត​ពី​ស្រទាប់​បរិយាកាស​ផែនដី។ ​តេឡេស្កុប​អវកាស​ទាំងនេះ​​ រួមមានជាអាទិ៍ ​តេឡេស្កុប​អវកាស​ហឺបល, Spitzer, Kepler និង​តេឡេស្កុប​​អវកាស​ដ៏ធំ​និង​ទំនើប​ថ្មី​ចុងក្រោយ គឺ​ជេមស៍វេប ដែល​ទើបនឹង​ត្រូវ​បាន​គេ​បាញ់បង្ហោះ កាល​ពីថ្ងៃទី២៥ធ្នូ​កន្លងទៅថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ