អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើតេឡេស្កុបជេមស៍វេប​មាន​សមត្ថភាព​សិក្សា​ទៅលើ​អ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តេឡេស្កុប​អវកាស​ជេមស៍វេប (James Webb) ត្រូវ​បាន​បាញ់បង្ហោះ កាល​ពីថ្ងៃ​ទី២៥​ធ្នូ​២០២១ បានពន្លាតខ្លួន​ចេញ​ជា​រូបរាងពេញលេញ ហើយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅដល់​គោលដៅ​ នៅថ្ងៃទី២៣មករា​២០២២។ តើ​តេឡេស្កុប​ដ៏ទំនើប តម្លៃ​រហូតដល់​ទៅ ១០ពាន់លាន​ដុល្លារ​នេះ ហើយ​ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ មាន​សមត្ថភាព​ពិសេស​ប៉ុណ្ណា? អាច​ឲ្យ​គេ​សិក្សា​ទៅលើ​អ្វីខ្លះ?

© NASA
ផ្សាយពាណិជ្ជកម្ម

តេឡេស្កុបអវកាស​ជេមស៍វេប​នឹង​ផ្តោត​ការ​សិក្សា​ទៅលើ​ចំណុចសំខាន់ៗ​ចំនួន ៤៖ ចក្រវាលនៅ​ពេល​ទើបនឹង​ចាប់កំណើត​ឡើងដំបូង, ដំណើរវិវឌ្ឍ​នៃ​កាឡាក់ស៊ី, វដ្តនៃ​ជីវិត​របស់​ផ្កាយ និងលក្ខខណ្ឌ​នៃ​ជីវិត​លើ​​ភពក្រៅប្រព័ន្ធព្រះអាទិត្យ។

លក្ខណៈពិសេស​របស់​តេឡេស្កុបជេមស៍វេប ក្រៅពី​មាន​កម្លាំងខ្លាំង គឺ​ជំនាញ​ខាងចាប់​​ពន្លឺ​ប្រភេទ​អាំងហ្វ្រារូ។ តាមរយៈកញ្ចក់​ដែល​មាន​មុខកាត់​ធំ រហូតដល់ទៅ ៦ម៉ែត្រ​កន្លះ ដោយមាន​​ស្រោបមាស​ពីលើ​ បូករួម​ជាមួយ​នឹង​ឧបករណ៍វិទ្យាសាស្រ្ត​ទំនើបៗ​ ដែល​បំពាក់​លើ​នោះ ជេមស៍វេប​គឺ​ជា​តេឡេស្កុប​ ដែល​​អាច​​​ឆ្លុះមើលឃើញ​ផ្កាយ និង​កាឡាក់ស៊ី ដែល​ស្ថិត​នៅ​​ចម្ងាយ​រហូតដល់​ទៅ ១៣ពាន់៦រយលាន​ឆ្នាំពន្លឺឯណោះ​ពីភពផែនដី​របស់យើង។

ចម្ងាយ ១៣ពាន់៦រយលានឆ្នាំពន្លឺ គឺមានន័យថា ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ ឬ​កាឡាក់ស៊ី​អស់ទាំងនោះ ត្រូវ​ចំណាយពេល​រហូតដល់​ទៅ ១៣ពាន់៦រយលានឆ្នាំ ទើប​អាច​ធ្វើ​ដំណើរមក​ដល់​ភពផែនដី​ មក​ប៉ះនឹង​កញ្ចក់​របស់​​​តេឡេស្កុបជេមស៍វេប។ និយាយ​បញ្ច្រាស​ទៅវិញ ពន្លឺ​ដែល​មក​ប៉ះនឹង​កញ្ចក់​តេឡេស្កុប​ជេមស៍វេបនោះ ជា​ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ និង​កាឡាក់ស៊ី តាំងពី ១៣ពាន់៦រយលាន​ឆ្នាំមុន ដូច្នេះ រូបភាព​ដែល​ជេមស៍វេប​ឆ្លុះមើលឃើញនោះ គឺ​ជា​រូបភាពផ្កាយ និង​កាឡាក់ស៊ី ក្នុងទម្រង់​ដើម កាល​ពី ១៣ពាន់៦រយលាន​ឆ្នាំមុន ពោលគឺ ជាផ្កាយ និង​កាឡាក់ស៊ី ដំបូងៗបង្អស់ ដែល​កកើតឡើង ត្រឹមតែ​ប៉ុន្មានរយលាន​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​​ការ​ចាប់កំណើត​នៃ​ចក្រវាល ក្នុងហេតុការណ៍​ប៊ីកប៊ែង

ការណ៍ដែល​អាច​សង្កេតមើល​ផ្កាយ និង​កាឡាក់ស៊ី​​ដំបូងៗ​អស់ទាំងនេះ​អាច​នឹង​ជួយ​ឲ្យ​យើងស្រាយនូវ​ចម្ងល់​ចម្បងៗ​មួយ​ចំនួន ដូចជា​សំណួរ​ថា តើ​នៅក្នុងរយៈពេល​ប៉ុន្មាន ក្រោយ​ប៊ីកប៊ែង ទើប​​ផ្កាយ​ចាប់កំណើត​ឡើង? តើ​កាឡាក់ស៊ី​ដំបូងៗ​ចាប់កំណើតឡើង​តាំងពីពេលណា? តើ​ផ្កាយ និង​កាឡាក់ស៊ី​ដែល​កើតឡើង​ដំបូងៗ​នោះ មាន​ទម្រង់​បែបណាហើយ​បានឆ្លងកាត់​នូវ​ដំណើរវិវឌ្ឍ​យ៉ាងណា​ខ្លះ ទើប​អាច​ក្លាយ​ជា​ទម្រង់​ដូចជា​កាឡាក់ស៊ី​មីលគីវេ និង​កាឡាក់ស៊ី​ផ្សេងទៀត ក្នុង​ពេល​បច្ចុប្បន្ន? តើ​ហេតុអ្វី​បាន​ជា​ស្ទើរតែ​គ្រប់កាឡាក់ស៊ី​បច្ចុប្បន្ន​នេះ​មាន​ប្ល៊ែកហូលដ៏ធំសម្បើម (Supermassive black hole) នៅ​ចំកណ្តាល? តើ​ប្ល៊ែកហូល​អស់​ទាំងនេះ​មាន​ប្រភព​ចេញ​មកពីណា? កកើតឡើង​ដោយ​របៀបណា?

ជេមស៍វេប​ក៏​អាច​នឹង​ជួយ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​សិក្សា​បាន​កាត់តែ​លម្អិតច្បាស់​ផងដែរ អំពី​វដ្តនៃ​ជីវិត​របស់​ផ្កាយ ជាពិសេស សិក្សាលម្អិត អំពី​ការ​ចាប់កំណើត​របស់​ផ្កាយ និង​ការ​កកើតភព​ដំបូងៗ នៅ​ជុំវិញផ្កាយ​ដែលទើបនឹង​ចាប់កំណើត។

រហូតមកទល់នឹង​ពេលនេះ គេដឹង​ថា ផ្កាយ​ចាប់កំណើតឡើង ចេញ​ពី​​សារធាតុ​តូចល្អិត​ដែល​នៅ​ប្រមូលផ្តុំគ្នា​ប្រៀបដូចជា​ដុំពពក ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « ណេប៊ុយឡា » (Nebula)។ ដូច្នេះ​ហើយ​បានជា​នៅតាម​តំបន់ដែល​មាន​ផ្កាយ ឬ​បណ្តុំផ្កាយ (ក្លាស្ទ័រ) កំពុង​ចាប់កំណើត តែងតែ​ត្រូវ​ហ៊ុំព័ទ្ធ​ទៅដោយ​ធូលី​ដេដាស បាំង​មិន​ឲ្យ​តេឡេស្កុបទូទៅ​​អាច​ឆ្លុះមើល​ឃើញផ្កាយ និង​ភព ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កកើតដំបូងៗ​នោះបាន។ ​

ជាមួយ​នឹង​តេឡេស្កុបជេមស៍វេប បញ្ហា​នេះ​នឹង​លែងចោទ​ទៀតហើយ ពីព្រោះ​ថា សមត្ថភាព​ចាប់ពន្លឺ​អាំងហ្វ្រារូ នឹង​ធ្វើ​ឲ្យ​ជេមស៍វេប​អាច​ឆ្លុះមើល​ធ្លុះស្រទាប់​ល្អងធូលី​នៃ​ណេប៊ុយឡា ហើយ​អាច​ផ្តិត​យក​រូបភាព​កាន់តែច្បាស់ និង​លម្អិត អំពី​យន្តការ​នៃ​ការ​កកើត​ផ្កាយ ក៏ដូចជា​ដំណើរការ​កកើត​ភព នៅ​ជុំវិញផ្កាយ ដែល​ទើបនឹង​ចាប់កំណើត។

ចំណុចសំខាន់មួយទៀត ដែលគេ​​ទន្ទឹង​រង់ចាំ ពីលទ្ធផល​នៃ​ការ​សង្កេត​របស់​ជេមស៍វេប ហើ​យប្រហែល​ជា​រឿង​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ទូទៅ ជាង​ការចាប់កំណើតផ្កាយ កាឡាក់ស៊ី ឬចក្រវាលទៅទៀត គឺ​អាថ៌កំបាំង​ជុំវិញ​វត្តមាន​ជីវិត​ក្រៅភពផែនដី

អ្នកខ្លះ​ប្រហែល​ជា​គិត​ថា ជេមស៍វេប​មាន​កម្លាំងខ្លាំង រហូត​អាច​ឆ្លុះពង្រីក​មើល​ទម្រង់​នៃ​ជីវិត​នៅលើ​ភពផ្សេង​ដោយ​ផ្ទាល់ ក៏ប៉ុន្តែ តាមការពិត​ទៅ ជេមស៍វេប​មិន​មាន​សមត្ថភាព​អាច​ឆ្លុះមើល​អ្វីៗ ដែល​នៅលើ​ផ្ទៃដី​ភពផ្សេង​បាននោះទេ។ អ្វីដែល​ជេមស៍វេប​ត្រូវធ្វើ នៅ​ក្នុងការ​សិក្សា​ស្វែងរក​ជីវិត​ក្រៅភព​ គឺ​ប្រមូលទិន្នន័យលម្អិត​អំពី​ស្រទាប់​បរិយាកាស ដើម្បី​កំណត់​ធាតុផ្សំ​របស់​វា ហើយ​ការ​កំណត់​ធាតុផ្សំ​បរិយាកាស​នេះ គេ​អាច​ធ្វើ​ទៅបាន​តាមរយៈការ​សិក្សា​ទៅលើ​វិសាលគមន៍​នៃពន្លឺ តាមវិធីសាស្រ្ត​ដែល​គេ​ឲ្យឈ្មោះ​ថា « ស្ពិចត្រូស្កូពី »។

នៅពេលដែល​ភព​មួយ ធ្វើ​ដំណើរឆ្លងកាត់​ចំពី​មុខ​ផ្កាយ​ ប្រសិនបើ​ភព​នោះ​មាន​ស្រទាប់​បរិយាកាស ពន្លឺ​ដែល​ចេញ​ពីផ្កាយ​​ត្រូវ​ឆ្លងកាត់​តាម​ស្រទាប់បរិយាកាស ហើយ​មាន​ប្រតិកម្ម​ជាមួយ​នឹង​សារធាតុ​គីមី​ដែល​នៅ​ក្នុងនោះ។ គេ​ដឹង​ថា សារធាតុគីមី​នីមួយៗ ដែល​មាន​រចនាសម្ព័ន្ធអាតូមជាក់លាក់​ខុសៗគ្នា អាច​​ស្រូប​ពន្លឺ​ក្នុង​ហ្វ្រេកង់​​ខុសៗគ្នា។

ដូច្នេះ តាមរយៈ​ការសិក្សា​លម្អិត​ទៅលើ​វិសាលគមន៍​នៃ​ពន្លឺ ដែល​ឆ្លងកាត់តាម​ស្រទាប់​បរិយាកាស​របស់​ភពណាមួយ ជេមស៍វេប ដែល​​ជា​តេឡេស្កុប​មាន​កម្លាំងខ្លាំងផង ហើយ​ថែម​ទាំង​​មានបំពាក់ដោយឧបករណ៍វិភាគ​វិសាលគមន៍ពន្លឺ (Spectrograph)  ​ដ៏​ទំនើបផងនោះ ​នឹង​​អាច​ប្រមូលទិន្នន័យ​លម្អិត ឲ្យ​អ្នកវិទ្យាសាស្រ្ត​កំណត់​បានថា តើ​នៅ​ក្នុងស្រទាប់​បរិយាកាស​នោះ​មាន​សារធាតុ​គីមី​អ្វីខ្លះ? ហើយតាមរយៈចំណេះដឹង​​ទៅលើ​ស្រទាប់បរិយាកាស និង​ទម្រង់​នៃ​ជីវិត​នៅលើ​ភពផែនដី​របស់​យើង​នេះ អ្នកវិទ្យាសាស្រ្ត​អាច​នឹង​សិក្សាប្រៀបធៀបគ្នា ដើម្បី​កំណត់ថា តើ​នៅលើ​ភពណាមួយ​ ​មាន​​សារធាតុ​គីមី ដែល​ជា​ធាតុផ្សំ​នៃជីវិត, សារធាតុគីមី​ដែល​ចាំបាច់​សម្រាប់​បង្កើត​លក្ខខណ្ឌ​​​អំណោយផល​ដល់​ជីវិត ឬ​​សារធាតុ​គីមី​ដែល​បំភាយ​ដោយ​ភាវៈរស់​ក្នុងទម្រង់ណាមួយ​ដែរ​ឬ​ក៏​យ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ