អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិនៃ​ការ​រកឃើញខ្សែក្រវាត់អាចម៍ផ្កាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់​យើង ក្នុងចន្លោះ​ពី​ភពអង្គារ ទៅ​ភពព្រហស្បតិ៍ គឺ​តំបន់​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ខ្សែក្រវាត់អាចម៍ផ្កាយ" ប្រមូលផ្តុំ​ទៅដោយ​បំណែក​អាចម៍ផ្កាយ​តូចធំ​រហូត​ដល់​ទៅ​រាប់លាន។ តើ​មនុស្ស​យើង​ចាប់ផ្តើម​ដឹង​ពី​វត្តមាន​នៃ​ខ្សែក្រវាត់​អាចម៍ផ្កាយ​នេះ​តាំងពីពេលណា? តើ​អ្នកណា​ជា​អ្នក​រកឃើញ?

© NASA
ផ្សាយពាណិជ្ជកម្ម

កាលពី​ពេល​ដំបូង ​អ្នក​វិទ្យាសាស្រ្ត​ទើបនឹង​ស្គាល់​ភពត្រឹមតែ ៦ ប៉ុណ្ណោះ នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ គឺ​ភពផែនដី និង​ភព ៥ផ្សេងទៀត ដែល​សុទ្ធសឹង​តែ​ជាភព​ដែល​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​នៅ​ពេល​យប់ គឺ​ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និង​ភពសៅរ៍។

តាមរយៈ​រូបមន្ត​របស់​យូហាណេស កេព្ល័រ (Johannes Kepler) និង​ការគណនា​របស់ ​គ្រីស្យាន ហ៊យហ្គិនស៍ (Christiaan Huygens) គេ​អាច​ដឹង​បាន​អំពី​ចម្ងាយ​ពីភពមួយ​ទៅភពមួយ ក៏​ដូចជា​ចម្ងាយ រវាង​ភព​ទាំង៦ និង​ព្រះអាទិត្យ។ ក៏ប៉ុន្តែ មកទល់នឹង​ចុងសតវត្សរ៍​ទី១៧ គេចាប់ផ្តើម​កត់សម្គាល់ឃើញ អំពី​ភាពមិនប្រក្រតី​មួយ រវាង​ចម្ងាយ​​ភព​ដែល​គេ​គណនាឃើញ និង​ទ្រឹស្តី​របស់​តារាវិទូ​អាល្លឺម៉ង់​ពីររូប គឺ យ៉ូហាន ទីទុស (Johan Daniel Titius) និង យ៉ូហាន បូដ (Johan Elert Bode)។

យោងតាមទ្រឹស្តី​នេះ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Titius-Bode’s Law (ឬ​ហៅដោយខ្លី​ថា Bode’s Law) ចម្ងាយពីព្រះអាទិត្យ​ទៅ​ភព​ ទៅតាមលំដាប់លំដោយ​ពីភពមួយទៅភព​បន្ទាប់ ត្រូវ​កើនឡើង​ក្នុង​អត្រា​មួយថេរ ពោលគឺ រាប់ចេញ​ពី​ព្រះអាទិត្យ​ទៅ​​ភពសុក្រ​​​ត្រូវ​មាន​ចម្ងាយ​ប្រហែល​ពីរដង​នៃ​ចម្ងាយ​រវាង​ភពពុធ​និង​ព្រះអាទិត្យ, ភពផែនដី​​​ត្រូវ​មាន​ចម្ងាយ​ប្រហែល​ពីរដង​ភពសុក្រ, ភពអង្គារ​ត្រូវមាន​ចម្ងាយ​ប្រហែល​ពីរដង​ភពផែនដី ។ល។

នៅក្នុងការគណនា​ជាក់ស្តែងវិញ គេរកឃើញ​ថា ស្ទើរតែ​គ្រប់ភពទាំងអស់ ចាប់តាំង​ពីភពពុធ រហូត​ទៅដល់​ភពសៅរ៍ ​​សុទ្ធតែ​មាន​ចម្ងាយឃ្លាតពីគ្នា ​ត្រូវ​ទៅនឹង​ Bode’s Law ចម្លែកតែ​រវាង​ភពពីរ គឺ​​ភពអង្គារ និង​​ភពព្រហស្បតិ៍ ដែល​ឃ្លាតគ្នា​ឆ្ងាយខ្លាំង គឺឃ្លាតឆ្ងាយខ្លាំង​រហូតដល់​ទៅ​ជិត​ពីរដង លើសពីអ្វី​ដែលព្យាករ​ដោយ​ទ្រឹស្តី។

គម្លាតឆ្ងាយខុសប្រក្រតី​នេះ​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា នៅក្នុងចន្លោះ​ពី​ភពអង្គារ និង​ភពព្រហស្បតិ៍​នេះ ប្រាកដ​ជា​មាន​ភព​មួយផ្សេងទៀត ដែល​គេ​មិនទាន់​រកឃើញ​នៅឡើយ​ ហើយតារាវិទូ​​មួយក្រុម​នៅ​អាល្លឺម៉ង់​ក៏​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយឡើង ដែលគេ​ឲ្យឈ្មោះថា « ប៉ូលិសអវកាស » (Celestial Police) ដើម្បី​តាម​ប្រមាញ់​រក​ភពថ្មីនេះ។​

នៅទីចុងបំផុត​ទៅ អ្វីដែល​គេ​គិត​ថា​ជា​ភពដែល​គេ​កំពុង​តាម​ប្រមាញ់​នៅពេលនោះ ​ត្រូវ​បានរកឃើញ នៅ​ឆ្នាំ១៨០១ ​ដោយ​តារាវិទូ​អ៊ីតាលី ឈ្មោះ ជូសេពេ ពីយ៉ាតស៊ី ដែល​​នៅពេលនោះ នៅមិនទាន់​ក្លាយ​ជា​សមាជិក « ប៉ូលិសអវកាស » នៅឡើយ ហើយ​ភព​ដែល​ទើបនឹង​រកឃើញ​ថ្មី​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា « សេរេស » (Ceres)។

ក៏ប៉ុន្តែ អ្វីដែល​នៅតែ​ជា​រឿង​ចម្លែក គឺ​នៅត្រង់​ថា សេរេស ដែល​គេ​គិត​ថា​ជា​ភពថ្មី​នេះ មានទំហំ​តូចខ្លាំង។ តូចជាង​យ៉ាងដាច់ឆ្ងាយ​ពី​​ភពផ្សេងទៀតដែល​គេ​ធ្លាប់​ស្គាល់ ហើយ​មែនទែនទៅ ក្នុង​ទំហំ​ត្រឹមតែ​ជាង ៩០០គីឡូម៉ែត្រ សេរេស​មាន​ទំហំ​តូចជាង​ព្រះចន្ទ​រហូតដល់​ទៅ​​ជិតពីរដងឯណោះ។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​ក្នុងរយៈពេល​​​ប៉ុន្មាន​ឆ្នាំក្រោយៗ​មកទៀត ​បំណែក​តូចៗ​ជាច្រើន​ផ្សេងទៀត​ត្រូវ​បាន​គេ​រកឃើញ​ជា​បន្ត​បន្ទាប់ ក្នុងនោះ រួមមាន​ដូចជា​ Vesta, Pallas និង Juno ជាដើម ដែល​គេ​រកឃើញ នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ១៨០២ ទៅ​ឆ្នាំ១៨០៧ ​មាន​ទំហំ​រឹតតែ​​តូចជាង​សេរេស​ទៅទៀត​។

គិតមកត្រឹម​នឹង​ពាក់កណ្តាល​សតវត្សរ៍​ទី១៩ នៅពេល​ដែល​បំណែក​តូចៗ ដែល​គេ​រកឃើញ​នៅ​ក្នុងចន្លោះ ភពអង្គារ និង​ភពព្រហស្បតិ៍​មាន​កាន់តែច្រើនឡើង អ្នកវិទ្យាសាស្រ្ត​ក៏​ចាប់ផ្តើម​ដឹង​កាន់តែ​ច្បាស់​ថា ទាំងអស់​នេះ​មិនមែន​ជា​ភព​នោះទេ គឺ​គ្រាន់តែ​ជា​បំណែក​អាចម៍ផ្កាយតែ​ប៉ុណ្ណោះ ហើយ​ភព​ដែល​គេ​តាម​ប្រមាញ់​ទៅតាម​ការព្យាករ​ដោយ Bode’s Law នោះ តាមពិតទៅ ក៏​មិនមែន​ជា​ភព​តែមួយនោះដែរ ផ្ទុយ​ទៅវិញ គឺ​ជា​ម៉ាស់​សរុប​នៃ ​បំណែក​តូចធំ​ ដែល​ស្ថិត​នៅរ៉ាយប៉ាយ​​ ក្នុងគន្លង​ចន្លោះ ពី​ភពអង្គារ និង​ភពព្រហស្បតិ៍ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « ខ្សែក្រវាត់​អាចម៍ផ្កាយ »។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ