អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើគេ​ធ្វើដូចម្តេច​ទើបអាច​ដឹង​រូបរាងមីលគីវេបាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យើងដឹង​ជា​ទូទៅ​ថា កាឡាក់ស៊ី​មីលគីវេ គឺ​ជា​ប្រភេទ​កាឡាក់ស៊ី​មានរាង​ជាគូទខ្យង (Spiral galaxy) មាន​មុខកាត់​ជាង ១០ម៉ឺន​ឆ្នាំពន្លឺ ហើយ​ផែនដី និង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ស្ថិត​នៅ​តំបន់​មួយ ចម្ងាយ​ប្រមាណ​២ម៉ឺន៦ពាន់ឆ្នាំពន្លឺ​ពី​ចំណុចកណ្តាល​របស់​មីលគីវេ។ តើ​អ្នក​វិទ្យាសាស្រ្ត​ធ្វើ​ដូចម្តេច​ទើប​អាច​កំណត់​រូបរាង​មីលគីវេ​នេះ​បាន បើ​ខ្លួនយើងផ្ទាល់​ក៏​ស្ថិត​នៅ​ក្នុង​មីលគីវេនេះដែរ?

© NASA
ផ្សាយពាណិជ្ជកម្ម

ថ្វីដ្បិតតែ​ភពផែនដី​របស់​យើង​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ អ្នកវិទ្យាសាស្រ្ត​អាច​កំណត់​រូបរាង​របស់​មីលគីវេ​នេះបាន តាមរយៈ​ការ​កំណត់​ចម្ងាយ និង​ទីតាំង​របស់​ផ្កាយ នៅ​ក្នុង​មីលគីវេ ពោលគឺ វា​ស្រដៀងគ្នា​ទៅនឹង​ការណ៍​ដែល​មនុស្ស​យើង​អាច​កំណត់ចម្ងាយ និង​ទីតាំង​នៃ​ចំណុច​ដែលនៅលើដី ហើយ​គូសវាស​ចេញ​ជា​ផែនទី តាំង​ពី​ពេល​មិនទាន់មាន​បច្ចេកវិទ្យា​ថតរូបភាព​ពីលើ​អាកាសមកម៉្លេះ។ ​ភាពសុក្រិត​នៃ​ការកំណត់​រូបរាង​មីលគីវេ គឺ​វា​អាស្រ័យ​ទៅលើ​សមត្ថភាព​ក្នុង​ការ​កំណត់​ចម្ងាយ និង​ទីតាំង​របស់​ផ្កាយ។

នៅឆ្នាំ១៧៨៥ តារាវិទូ​​អង់គ្លេសដើមកំណើតអាល្លឺម៉ង់​ គឺ វីល្យាម ហឺស្ហិល (William Herschel) គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​បាន​ព្យាយាម​គូសផែនទី​កំណត់​រូបរាង​មីលគីវេ។ ក្រោយ​ពីបាន​ចំណាយពេល​ប្រមាណ​ជា​មួយឆ្នាំ សង្កេតមើលផ្កាយ​ជាប់​ជា​ប្រចាំ វីល្យាម ហឺស្ហិល ក៏​បានគូសចេញ​ជា​ផែនទី​កំណត់​រូបរាង​កាឡាក់ស៊ី​មីលគីវេ ក៏ប៉ុន្តែ រូបរាងមីលគីវេ ដែល​វីល្យាម ហឺស្ហិល​ គូសចេញឡើងនោះ ខុសពី​ទម្រង់​ដែល​យើងស្គាល់​បច្ចុប្បន្ន​យ៉ាង​ដាច់ស្រឡះ​ ដោយសារ​តែនៅ​ក្នុងពេលនោះ គេ​នៅមិនទាន់​មាន​វិធីសាស្រ្ត​កំណត់​ចម្ងាយ​ផ្កាយ​បាន​សុក្រឹត​នៅឡើយ ហើយ​តេឡេស្កុប​ក៏​មិនមាន​កម្លាំងគ្រប់គ្រាន់​អាច​មើល​ឃើញ​ផ្កាយ​ឆ្ងាយៗ​បាន​នៅឡើយ ជាពិសេស ផ្កាយ​ដែល​នៅ​ប៉ែក​ម្ខាងទៀត​របស់​កាឡាក់ស៊ីមីលគីវេ ដែល​មិន​ត្រឹមតែ​មាន​ចម្ងាយ​ដ៏ឆ្ងាយ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែម​ទាំង​ត្រូវ​បាំងផងដែរ ដោយ​តំបន់​កណ្តាល​មីលគីវេ ដែល​ជា​តំបន់​សម្បូរ​ទៅដោ​ផ្កាយ ធូលី និង​ឧស្ម័ន ក្នុង​ដង់ស៊ីតេខ្ពស់។

រហូត​ទាល់តែមកដល់​ដើមសតវត្សរ៍​ទី២០ បច្ចេកវិទ្យាតេឡេស្កុប​កាន់តែ​រីកចម្រើន ហើយ​វិធីសាស្រ្ត​ក្នុង​ការ​វាស់​ចម្ងាយ​ផ្កាយ​ក៏​កាន់តែ​សុក្រឹត ជាពិសេស វិធីវាស់ចម្ងាយផ្កាយ​​បង្កើតឡើង​ដោយ​លោកស្រី ហិនរីយេតា លេវីត (ឆ្នាំ១៩១២) តារាវិទូ​ក៏​ចាប់ផ្តើម​កំណត់​ចម្ងាយ និង​ទីតាំង​ផ្កាយ​នៅក្នុងមីលគីវេ​បាន​កាន់តែ​សុក្រឹត។

នៅឆ្នាំ១៩១៨ តារាវិទូ​អាមេរិក​ឈ្មោះ ហារឡូ ស្ហាព្លី (Harlow Shapley) បានវាស់​ឃើញ​ថា កាឡាក់ស៊ី​មីលគីវេ មាន​ទំហំ​ធំជាងអ្វី​ដែល​គេ​ធ្លាប់​គិតពីមុនយ៉ាងដាច់ឆ្ងាយ គឺ​មាន​មុខកាត់​រហូត​ដល់​ទៅ ១០ម៉ឺនឆ្នាំពន្លឺ ចំណែក​ប្រព័ន្ធព្រះអាទិត្យ​វិញ ក៏​មិនមែន​ស្ថិត​នៅ​ចំកណ្តាល​​នោះដែរ ផ្ទុយ​ទៅវិញ គឺ​ស្ថិត​នៅឯ​ជាយ ចម្ងាយ​ ៣ម៉ឺនឆ្នាំពន្លឺ​ពី​ចំណុចកណ្តាល (ប្រហាក់ប្រហែល​នឹង​ចម្ងាយ ២ម៉ឺន៦ពាន់ឆ្នាំពន្លឺ ដែលគេ​វាស់ឃើញ​បច្ចុប្បន្ន)។

នៅ​ឆ្នាំ១៩២៥ តារាវិទូ​អាមេរិក​មួយរូបទៀត គឺ​លោក​អ៊ែដវីន ហឺបល (Edwin Hubble) បានប្រើ​វិធីសាស្រ្ត​របស់​លោក​ស្រី ហិនរីយេតា លេវីត វាស់​ឃើញ​ថា អង់ដ្រូម៉ែដ ដែលពីមុន​ត្រូវបាន​គេ​សន្មត់ថា​គ្រាន់តែ​ជា​នេប៊ុយឡាមួយ នៅក្នុង​កាឡាក់ស៊ីមីលគីវេ​របស់​យើងនោះ តាមការពិតទៅ គឺ​ជា​កាឡាក់ស៊ី​មួយផ្សេង ហើយ​ចក្រវាល​របស់យើង​នេះ​ក៏​​មិនមែន​មាន​ទំហំ​​ត្រឹម​មីលគីវេ ដូចអ្វីដែល​មនុស្ស​យើង​ធ្លាប់​គិតពីមុនមកនោះដែរ។

ចាប់ពីពេលនោះមក អ៊ែដវីន ហឺបល បាន​រកឃើញ​កាឡាក់ស៊ី​ជាច្រើន​ផ្សេងទៀត ហើយ​ចេញ​ពី​ការ​សិក្សា​នេះ ហឺបល​កំណត់​បាន​ជា​រួមថា កាឡាក់ស៊ី​​ថ្វីដ្បិត​តែ​មាន​រូបរាង​ខុសប្លែកពីគ្នា ក៏ប៉ុន្តែ គេ​អាច​បែងចែក​កាឡាក់ស៊ី​ចេញ​ជាពីរទម្រង់ធំៗ គឺ​កាឡាក់ស៊ី​ទម្រង់​ជា​អេលីប (Elliptical) និង​កាឡាក់ស៊ីទម្រង់​ជា​គូទខ្យង (Spiral)។

ប្រភេទ​កាឡាក់ស៊ី​ដែល​កំណត់​ដោយ​អ៊ែដវីន​ ហឺបល​នេះ​ហើយ បូករួម​ជាមួយ​នឹង​រូបភាព​កាឡាក់ស៊ី​ផ្សេងៗ ដែល​គេ​អាច​ថតយក​រូបភាព​ពេញលេញ​ទាំងមូល​បាន ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​យក​មកធ្វើ​ជា​គោល ដើម្បី​កំណត់​រូបរាង​កាឡាក់ស៊ី​មីលគីវេ​របស់​យើង។

បន្ថែម​ពីលើ​នេះ​ទៅទៀត ចាប់ពី​អំឡុង​ឆ្នាំ១៩៥០ បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ទៀត​ត្រូវ​បាន​គេ​រកឃើញ​ រួមមាន​ជា​អាទិ៍ ​ការប្រើ​ Radio telescope គឺតេឡេស្កុប​ពិសេស​ដែល​ចាប់​ពន្លឺ​ក្នុង​រលកសញ្ញាប្រភេទ Radio wave ដែល​អាច​ឲ្យ​គេកំណត់បាន​អំពី​ទីតាំង និង​ចលនា​​នៃ​បណ្តុំ​ឧស្ម័ន​អ៊ីដ្រូសែន ដែល​បង្ហាញ​យ៉ាងច្បាស់ អំពី​ខ្នែង (Arms) របស់​មីលគីវេ ក្នុងទម្រង់​ជា​កាឡាក់ស៊ី​គូទខ្យង។

ចេញ​ពី​ការ​សង្កេតអស់​ទាំងនេះ​ហើយ ដែល​អ្នកវិទ្យាសាស្រ្ត​អាច​កំណត់​រូបរាង​កាឡាក់ស៊ី​មីលគីវេ ដូចដែល​យើង​ឃើញ​តាម​រូបភាព​រចនា​ដោយ​កុំព្យូទ័រ​​ពេល​បច្ចុប្បន្ននេះ។ ក៏ប៉ុន្តែ នេះ​ក៏​មិនប្រាកដ​ថា​ជា​រូបភាពចុងក្រោយ​ស្ថាពរ​របស់​មីលគីវេ​នោះដែរ។ វា​អាច​នឹង​មាន​ការប្រែប្រួល​ជា​បន្ត​ទៀត ទៅថ្ងៃអនាគត។ ប្រែប្រួល​ទៅតាម​​ដំណើរវិវឌ្ឍ​នៃ​បច្ចេកវិទ្យា ដែល​អាច​នាំ​ទៅ​ដល់​របកគំហើញ​ថ្មី​ណាមួយ​ ឬទិន្នន័យ​លម្អិត​បន្ថែម​ណាមួយផ្សេងទៀត ជាពិសេស ក្នុងពេល​បច្ចុប្បន្ន​នេះ គេ​កំពុង​រង់​ចាំ​ទិន្នន័យ​​ពី​យានអវកាស​ឈ្មោះ “ហ្កាយ៉ា” (Gaia) ដែល​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប “អេសា” បាញ់បង្ហោះ កាល​ពី​ឆ្នាំ២០១៣​កន្លងទៅ ដើម្បី​ប្រមូលទិន្នន័យ​ បង្កើត​ទៅជា​ផែនទី 3-D​ ដែល​កំណត់​យ៉ាង​​លម្អិត អំពី​ទីតាំង ក៏ដូចជា​ចលនា​របស់​ផ្កាយ នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ​របស់​យើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ