អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ Black Hole ចាប់កំណើតឡើងដោយរបៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​បន្តលើកឡើង​អំពី “ប្រហោងខ្មៅ” ឬ Black Hole តទៅទៀត ដោយ​ផ្តោត​លើ​សំណួរ​ថា តើ Black Hole នេះ ចាប់កំណើតឡើង​ដោយ​របៀបណា?

Black Hole
Black Hole © NASA
ផ្សាយពាណិជ្ជកម្ម

យន្តការ​នៃ​ការ​កកើត Black Hole ដែល​គេ​ស្គាល់​ទូទៅ​ច្រើន​ជាងគេ គឺ​ការ​កើត​ចេញ​ពី​ផ្កាយ ឬ​និយាយ​ឲ្យចំ គឺ​កើតចេញ​ពី​ការ​ស្លាប់​របស់​ផ្កាយ​ធំៗ ដែល​មាន​ម៉ាស់​ចាប់​ពី​ ២០ដង នៃ​ម៉ាស់​ព្រះអាទិត្យ​របស់​យើង​ឡើងទៅ ដែល​ត្រូវ​ផ្ទុះ​ទៅជា​ស៊ូពើណូវ៉ា ហើយ​បន្ទាប់​មក គ្រប់អ្វីៗ​ទាំងអស់ដែល​នៅ​សេសសល់​ក្នុង​ស្នូល​របស់​ផ្កាយ​​នឹង​ត្រូវ​ប្រមូលផ្តុំ​​ហាប់​ចូល​គ្នា រហូត​នៅសល់​ត្រឹមជា​ចំណុច Singularity ។ នៅ​ជុំវិញ​ Singularity នោះ មាន​រង្វង់​ព្រំដែន​មួយ ដែលគេហៅ​តាម​ភាសាអង់គ្លេស​ថា « Event Horizon » ហើយ​ដែល​គ្មាន​អ្វី​​ទាំងអស់ ​សូម្បីតែ​ពន្លឺ ដែល​អាច​គេចចេញ​ពី​កម្លាំង​ទំនាញ​នេះ​បាន។ នេះហើយ គឺ​ជាការ​ចាប់កំណើត​នៃ Black Hole។

គិតមកទល់ត្រឹមនេះ អ្វីៗ​ហាក់​ដើរស្របគ្នា រវាង​ទ្រឹស្តី និង​ការ​សង្កេតជាក់ស្តែង ក៏ប៉ុន្តែ ចំណោទ​ត្រូវ​ចោទឡើង នៅពេល​ដែល​អ្ន​កវិទ្យាសាស្រ្ត​ចាប់ផ្តើម​រកឃើញ Black Hole ដែល​មាន​ម៉ាស់​យ៉ាងសម្បើមៗ ដែលគេហៅ​ថា Supermassive Black Hole ដែល​ស្ថិត​នៅ​ចំកណ្តាលកាឡាក់ស៊ី​មីលគីវេ​របស់​យើង ក៏ដូចជា​គ្រប់កាឡាក់ស៊ី​ជាច្រើន​ផ្សេងទៀត។

Supermassive Black Hole ដែល​ស្ថិត​នៅ​កណ្តាល​កាឡាក់ស៊ី​មីលគីវេ​របស់​យើង​មាន​ម៉ាស់​ធំជាង​ព្រះអាទិត្យ​រហូតដល់​ទៅ​ប្រមាណ​ជា ៤លាន​ដងឯណោះ។ Black Hole ដែល​មាន​ម៉ាស់​កម្រិតនេះ គឺ​ប្រាកដណាស់ មិន​អាច​កើតចេញ​ពី​ការ​ស្លាប់​របស់​ផ្កាយ​បាននោះទេ ពីព្រោះ​ថា ផ្កាយ​ដែល​គេ​បានរកឃើញ​រហូតមកទល់​នឹងពេលនេះ មាន​ម៉ាស់​យ៉ាងច្រើន​បំផុត ត្រឹម​ ២៥៦ដងប៉ុណ្ណោះ​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ ពោលគឺ មានម៉ាស់​តិចជាង​ Supermassive Black Hole នៅ​ចំកណ្តាល​មីលគីវេ​ រហូតដល់ទៅជាង១ម៉ឺនដងឯណោះ។ Black Hole នៅ​ចំកណ្តាល​កាឡាក់ស៊ី​មីលគីវេ​នេះ ក៏​មិនមែន​ជា Black Hole ធំជាងគេ​នោះដែរ។

តាមការពិត​ទៅ រហូតមកទល់​នឹង​សព្វថ្ងៃនេះ Supermassive Black Hole ដ៏សម្បើមៗ​ ដែល​គេ​បាន​រកឃើញ គឺ​មាន​ម៉ាស់​ធំជាង​ព្រះអាទិត្យ​របស់​យើង ​រហូតដល់​ទៅ​រាប់សិបប៊ីលាន ឬ​រាប់សិបពាន់លាន​ដងឯណោះ។ ដូច្នេះ សំណួរ​ចោទឡើង​ថា តើ Supermassive Black Hole អស់​ទាំងនេះ​កើតឡើង​ដោយ​របៀបណា?

នៅឆ្នាំ២០១៥​នោះ តារាវិទូ​​ (តាមរយៈប្រព័ន្ធ LIGO ឬLaser Interferometer Gravitational-Wave Observatory)​ បាន​រកឃើញ​ភស្តុតាង​ អំពី​រលក​នៃ​កម្លាំង​ទំនាញ ដែល​កើតចេញ​ពី​ការ​រលាយ​ចូល​គ្នា​នៃ Black Hole ពីរ ដែល​មួយៗ​មាន​ម៉ាស់​ពី ៣០ ទៅ ៣៥ដង​នៃ​ម៉ាស់​ព្រះអាទិត្យ រួចហើយ​បង្កើត​ទៅជា Black Hole កាន់តែធំ ដែ​លមាន​ម៉ាស់​រហូតដល់​ទៅ​ជាង ៦០ដង​នៃ​ម៉ាស់​ព្រះអាទិត្យ។

ក្រោយៗមកទៀត បាតុភូត​ស្រដៀងគ្នា​នេះ​ត្រូវ​បាន​គេ​សង្កេតឃើញ​ជា​បន្តបន្ទាប់ ដោយក្នុងករណីខ្លះ ដូចជា​បាតុភូត​ដែល​គេ​រកឃើញ​​នៅ​ឆ្នាំ២០១៩ជាដើម Black Hole ដែលរលាយចូលគ្នា មួយៗ​មាន​ម៉ាស់​ក្នុងចន្លោះ​ពី​ជាង ៦០ដង ទៅ​ជាង ៨០ដង​នៃ​ម៉ាស់​ព្រះអាទិត្យ ដែល​ជា​ម៉ាស់​ធំ​ហួស​ពី​អ្វី​ដែល​គេ​ធ្លាប់​សង្កេតឃើញ ក្នុង​ចំណោម​ Black Hole ដែល​កើតចេញ​ពី​ស៊ូពើណូវ៉ា។ ហេតុដូច្នេះហើយ​បាន​ជា​អ្នក​វិទ្យាសាស្រ្ត​បាន​សន្និដ្ឋាន​ថា Black Hole ធំៗទាំងពីរ​នេះ​ កាល​ពីមុន ​ក៏​កើតចេញ​ពី​ការរលាយ​ចូល​គ្នា​នៃ Black Hole ដែរ ហើយតាមការពិតទៅ ​ការ​រលាយចូលគ្នា​តៗគ្នា​ពីមួយទៅមួយ​ រវាង Black Hole ពីតូច​ទៅ​ធំ​​បែបនេះហើយ ដែល​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់​កាល​មួយ បង្កើត​បាន​ទៅ​ជា​ Black Hole កាន់តែ​ធំឡើងៗ រហូត​​ក្លាយ​ទៅជា Supermassive Black Hole ដែលគេ​រកឃើញ​នៅ​ចំកណ្តាល​កាឡាក់សាក់ស៊ី​មីលគីវេ ក៏ដូចជា​កាឡាក់ស៊ី​ជាច្រើន​ផ្សេងទៀត៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាស

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ