អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

OSIRIS-REx ៖​ បេសកកម្មណាសាទៅចុះលើអាចម៍ផ្កាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពី​បេសកកម្ម​របស់​ណាសា ក្នុងការ​បញ្ជូន​យាន OSIRIS-REx ឲ្យ​ចុះ​​លើ​អាចម៍ផ្កាយ Bennu យក​សំណាក​បញ្ជូន​ត្រឡប់​មក​ផែនដីវិញ ដើម្បី​សិក្សា​លម្អិត។

© NASA
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យានអវកាស​ឈ្មោះ OSIRIS REx របស់​ទីភ្នាក់ងារ​ណាសា បាន​ចុះទៅដល់​ផ្ទៃដី​អាចម៍ផ្កាយ នៅ​ក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្រ្ត​មួយ ដើម្បី​យក​សំណាក​អាចម៍ផ្កាយ​មក​សិក្សា​លម្អិត។ អាចម៍ផ្កាយ​នេះ មាន​ឈ្មោះ​ថា Bennu ហើយ​ការ​សិក្សា​លម្អិត​លើ​អាចម៍ផ្កាយ​នេះ វា​មាន​សារៈសំខាន់ ដើម្បី​យល់ដឹង​ពី​ការ​គំរាម​កំហែង​របស់​វា​មក​លើ​ភពផែនដី​យើង​ផង និង​ដើម្បី​យល់ដឹង​កាន់តែ​លម្អិត អំពី​ប្រវត្តិ​របស់​ប្រព័ន្ធព្រះអាទិត្យ ក៏ដូចជា អំពី​ដើម​កំណើត​នៃ​ជីវិត​លើ​ភពផែនដី​របស់​យើង។

Bennu គឺ​ជា​អាចម៍ផ្កាយ​មួយ ក្នុង​​ចំណោម​អាចម៍ផ្កាយរាប់លាន នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង។ ក៏ប៉ុន្តែ មាន​ហេតុផល​ចម្បង​ពីរ ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ផ្តោត​អារម្មណ៍​ជាពិសេស​​លើ​អាចម៍ផ្កាយ Bennu។

ទីមួយ គឺដោយសារតែ​ Bennu ​សម្បូរទៅដោយ​កាបោន ដែល​ជា​សារធាតុ​គីមី​ដ៏ចម្បង សម្រាប់​ជីវិត​ផង ហើយ​​លើសពីនេះ​ទៅទៀត Bennu មាន​ធាតុផ្សំដែល​​មាន​អាយុកាល​ដ៏​ចំណាស់ តាំង​ពី​ប្រមាណ​​ជា ៤ពាន់៥រយលាន​ឆ្នាំមុន ពោលគឺ ជា​សារធាតុ​ដែល​បន្សល់​ទុក​តាំង​ពី​ពេល​កកើត​ប្រព័ន្ធ​ព្រះអាទិត្យ បន្ត​មក​ទល់​នឹង​សព្វថ្ងៃ​ដោយ​មិនមាន​អ្វីប្រែប្រួល​។ ដូច្នេះ ការ​សិក្សា​លម្អិត​ទៅលើ​អាចម៍ផ្កាយ Bennu នេះ អាច​ឲ្យ​យើង​យល់​បាន​កាន់តែ​ច្បាស់​ អំពី​ដើមកំណើត​នៃ​ប្រព័ន្ធព្រះអាទិត្យ ជាពិសេស ដើមកំណើត​នៃ​ជីវិត នៅលើ​ភពផែនដី​របស់​យើង។

ហេតុផល​ទីពីរ គឺ​ដោយសារ​តែ Bennu ស្ថិត​នៅ​ក្បែរ​ភពផែនដី​របស់​យើង ងាយ​នឹង​​ធ្វើការ​សិក្សា​បាន​លម្អិតផង ហើយ​ម្យ៉ាងទៀត វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភពផែនដី​របស់​យើង​ផងដែរ។

តាមគម្រោង យាន OSIRIS នេះ​ត្រូវ​ប្រមូល​យក​សំណាក​ ក្នុងចន្លោះ​ ពី ៦០ក្រាម ទៅ ២គីឡូក្រាម ហើយ​សំណាក​ដែល​ប្រមូល​បាន​ពី Bennu នេះ នឹង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ត្រឡប់​មក​កាន់​ភពផែនដី​វិញ នៅ​ចុងឆ្នាំ២០២៣​ខាងមុខ។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ