អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីភ្លុយតុងត្រូវគេផាត់ចេញ​លែងចាត់ទុកជាភព?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីដំណើរដើមហេតុ ដែលនាំ​ឲ្យ​គេ​សម្រេច​ដក​ភ្លុយតុង​ចេញ​ពីតំណែង​ជា​ភពទី៩​ ក្នុង​ប្រព័ន្ធព្រះអាទិត្យ ដោយ​បញ្ចុះ​មកនៅ​ត្រឹមតែ​ជា​កូនភព (Dwarf Planet)។

© NASA
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ២០០៦ នៅពេលដែល​មហាសន្និបាត​សហភាព​តារាសាស្ត្រ​អន្តរជាតិ បោះឆ្នោត​អនុម័ត​កំណត់​និយមន័យ​ថ្មី​របស់​ភព អ្វីៗ​ដែល​យើង​ធ្លាប់​ស្គាល់​ អំពី​ប្រព័ន្ធព្រះអាទិត្យ​ តាំង​ពី​រាប់​ទសវត្សរ៍​កន្លងមក​នោះ​ក៏​ត្រូវ​ផ្លាស់ប្តូរ ហើយ​គ្រប់​សៀវភៅសិក្សា ដែល​គេតែងតែ​បង្រៀន​សិស្ស នៅ​គ្រប់ប្រទេស នៅទូទាំងពិភពលោក​តាំង​ពី​រាប់​សិបឆ្នាំមកហើយ​នោះ ក៏​លែង​អាច​ប្រើ​ការ​បាន​តទៅទៀត​ហើយ​ដែរ។ នេះ​ក៏​ដោយសារ​តែ​ចំនួនភព ក្នុង​ប្រព័ន្ធព្រះអាទិត្យ ដែល​គេតែងតែកំណត់​ថា មាន​ ៩ តាំង​ពីដើម​មក​នោះ ត្រូវ​នៅសល់​តែ ៨ ដោយ​ភព​ទី៩ គឺ ភ្លុយតុង ត្រូ​វ​បាន​គេ​ផាត់ចេញ លែងចាត់ទុក​ជា​ភព​។

ភ្លុយតុង​ គឺ​ជា​ប្រភេទ​ភពសិលា ចំណែក​ទំហំ​ក៏​តូចខ្លាំង ក៏ប៉ុន្តែ ស្ថិត​នៅ​ប៉ែក​ខាង​ក្រៅ កាន់តែ​ឆ្ងាយ​ពី​ណិបទូន​ទៅទៀត គឺ​នៅ​រហូតដល់​​តំបន់​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​​ខ្សែក្រវ៉ាត់​គុយពែរ។ នៅ​ក្នុង​តំបន់​នោះ ភ្លុយតុង​ក៏​មិនស្ថិត​នៅតែ​ឯង​នោះដែរ ផ្ទុយ​ទៅវិញ គឺ​នៅលាយឡំ​ជាមួយ​នឹង​បំណែក​តូចធំ​ជាច្រើន​ផ្សេងទៀត ហើយ​ចាប់​តាំង​ពី​ឆ្នាំ២០០២ តារាវិទូ​មួយក្រុម​នៅ​អាមេរិក បាន​រកឃើញ​បំណែក​កាន់តែ​ធំឡើងៗ នៅ​ក្នុង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ​នេះ ដោយ​បំណែក​ខ្លះ​មាន​ទំហំ​ធំ រហូត​អាច​ចេញ​​​រាងជាស្វ៊ែរ​ស្រដៀង​នឹង​ភ្លុយតុង។

របកគំហើញ​ដ៏​សំខាន់​មួយ ដែល​កំណត់​ជោគវាសនា​របស់​ភ្លុយតុង គឺ​ការ​រកឃើញ​​ អេរីស (Eris) នៅឆ្នាំ២០០៥។ អេរីស​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ​ដូចគ្នា ហើយ​មាន​ទំហំ​ប៉ុនគ្មាន​​ជាមួយ​នឹង​ភ្លុយតុង។

នៅពេលនោះ សំណួរ​ត្រូវ​ចោទឡើង​ថា តើ​គេ​ត្រូវ​ចាត់បញ្ចូល​​អេរីស​នេះ​ទៅ​ក្នុង​ប្រភេទ​​អ្វី? បើ​ភ្លុយតុង គឺ​ជាភព អេរីស​​ក៏​ចាំបាច់​ត្រូវតែ​ជា​ភព​ដូចគ្នា។ ចុះ​ដុំស៊្វែរសិលា​ផ្សេងទៀត ដែល​មាន​ទំហំ​និង​លក្ខណៈ​ស្រដៀងគ្នា ដែល​គេ​រកឃើញ នៅ​ក្នុង​ខ្សែក្រវ៉ាត់​គុយពែរ​នោះ ហើយ​ដែល​គេ​ប៉ាន់​ស្មាន​ថា​នឹង​អាច​រកឃើញ​ជាច្រើន​ផ្សេងទៀត​ទៅថ្ងៃអនាគត តើ​នឹង​ត្រូវ​ហៅថា​ជា​ភព​ដែរ​ឬ​ក៏​យ៉ាងណា​?

នៅពេលនោះហើយ ដែល​តារាវិទូ​ត្រូវ​ប្រឈម​នឹង​ជម្រើស​សំខាន់​ពីរ គឺ ឬមួយ​ចាត់ទុក​អ្វីៗ​ដែល​គេ​រកឃើញ​ស្រដៀង​នឹង​ភ្លុយតុង​ថា​ជា​ភពទាំងអស់ ហើយ​ប្រព័ន្ធ​ព្រះអាទិត្យ​នឹង​ត្រូវ​មាន​ភព​ដល់​ទៅ​ជាង ១០ ឬ​ក៏​អាច​កើនឡើង​ដល់ ២០ ឬ​​ក៏​អាច​កាន់តែ​ច្រើន​ជាងនេះ​ទៅទៀត​ក៏​អាច​ថា​បាន​នៅថ្ងៃ​អនាគត។ ឬមួយទៀត គេ​ត្រូវ​គិតពិចារណា​សើរើ​មើល​ឡើងវិញ អំពី​និយមន័យ​ថា តើ​អ្វីទៅ​ គឺ​ជា​ភព?

នៅខែសីហា​ឆ្នាំ២០០៦ មហាសន្និបាត​សហភាព​តារាសាស្ត្រ​អន្តរជាតិ (International Astronomical Union) ក៏​បាន​បោះឆ្នោត​អនុម័ត​និយមន័យ​ថ្មី ដោយ​កំណត់​ថា នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ ដើម្បី​អាច​ចាត់បញ្ចូល​ជា​ភពបាន ចាំបាច់​ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​ចំនួន​៣៖

ទីមួយ ត្រូវ​មាន​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ

ទីពីរ ត្រូវ​មាន​ម៉ាស់​គ្រប់គ្រាន់ ដែល​អាច​​​បង្កើត​ជា​រាង​ស្វ៊ែរ

ទីបី ត្រូវ​មាន​កម្លាំង​ទំនាញ​គ្រប់គ្រាន់ អាច​សម្អាត​តំបន់​ជុំវិញ​គន្លង​តារាវិថី​របស់​ខ្លួន ដោយ​មិន​ឲ្យ​មាន​បំណែក​អ្វីផ្សេងទៀត ក្រៅ​ពីព្រះចន្ទ​ដែល​ជា​តារារណប​របស់​ខ្លួន

លក្ខខណ្ឌ​ទី៣​នេះហើយ ដែល​ភ្លុយតុង​មិន​អាច​បំពេញ​បាន ហើយ​​ត្រូវ​បាន​គេ​ផាត់​ចេញ​​លែង​ចាត់ទុក​ថា​ជា​ភព​តទៅទៀត។ ក៏ប៉ុន្តែ នៅពេលនោះ សហភាព​តារាសាស្ត្រ​អន្តរជាតិ​ក៏​បាន​សម្រេច​បង្កើត​ប្រភេទ​ថ្មី​មួយទៀត សម្រាប់​ភ្លុយតុង គឺ​កូនភព ដែល​ហៅ​តាម​ភាសាអង់គ្លេស​ថា Dwarf Planets ហើយ​ត្រូវ​បាន​ចាត់បញ្ចូល​ទៅ​​ក្នុង​​ប្រភេទ​កូន​ភព​​នេះ ក្រៅ​ពី​ភ្លុយតុង ក៏មាន​ដែរ សេរេស (Ceres), អេរីស (Eris), ហោមេអា (Haumea) និង​ម៉ាកេម៉ាកេ (Makemake)៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ