អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ប្រវត្តិពាក្យ នគរ អង្គរ និង អង្គរវត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទី«អារ្យធម៌» នៅ​ថ្ងៃព្រហស្បតិ៍ ទី​១ ខែមេសា ហេង ឧត្តម សូម​លើកប្រធានបទស្តីពី «នគរ» «អង្គរ» និង «អង្គរវត្ត»។

រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​អធិប្បាយ​នេះ យើង​សូម​និយាយ​ត្រឹមតែ​ការ​វិវត្តរបស់​​ពាក្យ នគរ អង្គរ និង អង្គរវត្ត​ ​តែប៉ុណ្ណោះ។ នគរ ​​ក្លាយ​មកពី ភាសា​សំស្ត្រឹត ​​មាន​សេចក្តីថា ក្រុង និង រាជធានី។ ​វចនានុក្រមខ្មែរ ដឹកនាំ​រៀបចំ​ដោយ​សម្តេច ជួន​ ណាត​ ផ្សាយ​ដោយ​ពុទ្ធសាសានបណ្ឌិត្យ និងក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​ អ្នកស្រីបណ្ឌិតសាស្ត្រាចារ្យ ពៅ សាវរស​ ក៏បាន​លើកឡើង​ពន្យល់​ពាក្យ នគរ និង អង្គរ ​នេះច្រើន​ដែរ​។​ តឹងតាង​ដែល​មាន​លេចផុស​ពាក្យ «នគរ» ដំបូង​ៗគេ គឺ​​ឆ្លាក់ចារច្រើន​​លើថ្ម​​អំឡុង​សម័យ​សតវត្ស​រ៍​ទី​៧។​

ក្នុង​សម្ភាសន៍​​នេះ គ្រូ​បង្រៀន​ភាសា​វិទ្យា ​នៃ​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ លោក​ ហ៊ុន ឈុនតេង ​​លើកយក​​ផ្ទាំង​​អក្សរ​ថ្ម​ចំណាស់​មួយ មានកាលបរិច្ឆេទ​មុន​សម័​យអង្គរ មក​បង្ហាញ ដែល​មាន​សរសេរ​ពាក្យ «នគរ» ហើយ​​ដែល​អ្នក​ស្រាវជ្រាវ​ខ្លះថា ជា​នគរបុរី ឬអង្គរបុរី​។​

ក្នុង​សម័យ​អង្គរ​ សិលាចារឹក​ដែល​មាន​ចារ​ពាក្យ «នគរ» ច្រើន​​ គឺ​ផ្ទាំង​សិលាចារឹក​ ស្តុក​កក់ធំ K.235 ឆ្នាំ​១០៥២។ ជា​សិលាចារឹក​ដ៏ល្បីល្បាញ​  ដែល​​អ្នកប្រាជ្ញ Georges Cœdès, Pierre Dupont អ្នកស្រីបណ្ឌិត ពៅ សាវរស​ បាន​សិក្សាវិភាគ ហើយបុរាណវិទូ​ Eric Bourdonneau ក៏​លើកមកពិចារណា​ជាថ្មី នៅឆ្នាំ២០១៦។

ជាទូទៅ ​អ្នក​ស្រាវជ្រាវ​ខាងភាសា​វិទ្យា បាន​ឯកភាព​គ្នា​ ត្រង់ចំណុច​ថា «នគរ» ជា​ភាសាសំស្ត្រឹត អាច​វិវត្តសូរ មកជា «អង្គរ»​ ក្នុងភាសាខ្មែរ ដោយ​សម្រប​តាម​ទម្លាប់​និយាយ​របស់​មនុស្ស​ខ្មែរ។​ ក្នុង​បទសម្ភាសនេះ  ​​​គ្រូបង្រៀន​ភាសា​វិទ្យា ​លោក វ៉ាន់ វី ពន្យល់​ពីលក្ខណៈ​វិវត្ត​សូរសំនៀង​នេះ​​។

ដោយឡែក បើ​តាម​អ្នក​ស្រាវជ្រាវមួយ​ចំនួនតូច​ គេយល់ថា ពាក្យ​ «អង្គរ» នេះ គឺ​សរសេរ​ក្លាយ​ពី​ភាសា​បរទេស របស់​ពួក​អេស្ប៉ាញ ប័រទុយហ្គេ និងបារាំង ​ជាដើម​។​ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ បណ្ឌិត ញឹម សុធាវិន្ទ ​ជាគ្រូបង្រៀនអារ្យធម៌ខ្មែរ នៅស្រុកជប៉ុន អះអាងថា ​តាម​ពិត ពាក្យ​​ «អង្គរ​» មាន​តឹងតាង​​រួចស្រេច​​ទៅហើយ​ មុន​នឹង​ពួក​បរទេស​នោះ​ ចូល​មក​ដល់ទៅទៀត។

បើ​តាម​ឯកសារ​របស់​អ្នកស្រីបណ្ឌិតពៅ សាវរស​ គឺច្រើន​សតវត្សរ៍​​ក្រោយ​សម័យ​អង្គរ​ ទើប​គេឃើញ​មាន​សំណេរ​ពាក្យថា «អង្គរ» នៅលើសិលាចារឹក ​ ពោល​គឺ​នៅ​សម័យ​កណ្តាលសវតវត្សរ៍​ទី១៦-១៧។​

នាសព្វថ្ងៃសម័យទំនើប ពាក្យ «នគរ» និង «អង្គរ» គឺប្រើចម្រុះគ្នាយ៉ាងសម្បូរបែប។​

ចំណែក​ ពាក្យ​ថា «អង្គរវត្ត» វិញ គឺ​សំដៅដល់​ «ប្រាសាទ​អង្គរវត្ត» បច្ចុប្បន្ននេះ។ ​ពីដើម​ឡើយ គឺ​​សាសនឋាននេះ ស្ថាបនាកសាង​ឡើង ដើម្បីឧទ្ទិស​ដល់លទ្ធិ​ព្រហ្មញសាសនា។​ ក៏ប៉ុន្តែ ​សួរថា​ ហេតុអ្វី​​បាន​ជា​ពាក់ព័ន្ធ​នឹង​ វត្តអារាម ក្នុង​ពុទ្ធសាសនា​ទៅវិញ? លោក ហ៊ុន ឈុនតេង សូម​បកស្រាយ​ចំណុចនេះ នៅ​កៀក​ចុង​បញ្ចប់​នៃបទសម្ភាស។

សូម​អញ្ជើញ​ចុច​ស្តាប់​សំឡេង​ទាំង​ស្រុង​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ