អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ប្រវត្តិឈ្មោះក្រុងកំពង់សោម ហើយក្រុង​-​ខេត្ត ព្រះសីហនុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទីអារ្យធម៌ខ្មែរ ថ្ងៃព្រហស្បតិ៍ ទី៥សីហា វិទ្យុ​ RFI យើង​ សូម​រៀបចំ​ប្រវត្តិឈ្មោះក្រុង កំពង់សោម ហើយក្រុង​-​ខេត្ត ព្រះសីហនុ។ កាល​​ពីដើម ​ ក្រុង​កំពង់សោម ​​ដាក់ឈ្មោះ​ដោយ​យក​តាម​ឆកសមុទ្រ​កំពង់សោម។ ឆកនេះ​លាតសន្ធឹង​ពីកោះពស់ ​នៃក្រុង​​ព្រះសីហនុ​​ ទៅ​ដល់ស្រុក​ស្រែអំបិល នៃខេត្ត​កោះកុង​​ ។ នេះបើតាម​ឯកសារ​ផ្លូវការរបស់រដ្ឋបាលខេត្ត។

និមិត្តសញ្ញា​នៅ​ខេត្ត​ព្រះសីហនុ។ រូបថត​របស់​រដ្ឋបាល​ខេត្ត។
និមិត្តសញ្ញា​នៅ​ខេត្ត​ព្រះសីហនុ។ រូបថត​របស់​រដ្ឋបាល​ខេត្ត។ © Ville de Sihanouk
ផ្សាយពាណិជ្ជកម្ម

អំលុង​ចុងទសវត្សរ៍​១៩៥០ គឺមានការ​បង្កើត​ក្រុង​ «កំពង់សោម » ​ តែ​ត្រូវប្តូរ​នាម​មកជា ​​« ព្រះសីហនុ » ​នៅ​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​នា​សម័យ​លន់ នល់ ក៏​ត្រូវប្តូរ​មកជា ក្រុង​កំពង់សោម វិញ។​ របត់​នយោបាយ​ស្រុក​ទេស​ផ្លាស់ប្តូរ​ជាបន្តបន្ទាប់​ ​តែ​​ ក្រុង​​កំពង់​សោម នៅរក្សា​ឈ្មោះ​បែបនេះដដែល​​ នៅក្នុងសម័យ​ខ្មែរក្រហម និងសម័យ​កម្ពុជាប្រជាមានិត​ ឬ​សម័យ​រដ្ឋកម្ពុជា។ ​ ទីបំផុត​ កំពង់សោម ក៏ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ ជាថ្មីទៀត មកដាក់​ជា  ​ព្រះសីហនុ វិញ នៅគ្រា​​​​ដែល​គេហៅថា ព្រះ​រាជាណាចក្រ​ទីពីរ នា​អំឡុង​ឆ្នាំ​១៩៩៣។​

​ចាប់​ពី​ឆ្នាំ​២០០៨ គឺក្រុង​ព្រះសីហនុ ត្រូវ​ឡើងឋានៈជា ខេត្ត ហើយមាន​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធរដ្ឋាបាលខ្លះ​ៗ មានការ​ពង្រីងដែន​ដី​​ និង​កែទម្រង់​មូលដ្ឋាន​មួយចំនួន​ៗ​។​ ​

ចំពោះ​​ពលរដ្ឋ​សាមញ្ញ និងជា​ភាសា​អ្នក​ស្រុក ក្នុង​ជីវភាព​ប្រចាំថ្ងៃ គេ​ច្រើន​និយម​និយាយថា កំពង់សោម​ៗ តាម​ទម្លាប់​ស្រួល​មាត់។ តែ​អ្នក​ខ្លះ បាន​និយាយថា ខេត្ត​និងក្រុង​ព្រះសីហនុ​ ដែរ ទៅតាម​ការចូលចិត្ត​រៀងៗខ្លួន​។

ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ អ្នក​ស្រុក​កំពង់សោម និងអ្នក​​និយមបទ​​ចម្រៀងចិន គឺ​បាន​ផ្តល់​ឈ្មោះ​មួយ​ទៀតឲ្យខេត្ត​នេះ គឺ​ « ដែនដីនៃក្តីសុបិន​ » ឬ « ខេត្ត​នៃក្តីសង្ឃឹម »។​

តាម​ផែនការ​ចក្ខុវិស័យឆ្នាំ២០៣០ ​គឺ​ ​ខេត្តព្រះសីហនុ ជា «ប៉ូលអភិវឌ្ឍន៍​នៅតំបន់ឆ្នេរ​»។​ ពោលគឺជា តំបន់សេដ្ឋកិច្ចពិសេសគំរូ ជាមជ្ឈមណ្ឌលអន្តរជាតិ ជា​ទីផ្សារអាស៊ាន និងទីផ្សារសកល ​។

បច្ចុប្បន្ន ខេត្តព្រះសីហនុ ចែកចេញជា២ក្រុង ៣ស្រុក មានសង្កាត់ចំនួន៦ ឃុំចំនួន២៣ ស្មើ១១១ភូមិ។ ​ផ្ទៃក្រឡាសរុបប្រមាណ ២.៦៥៩ គីឡូម៉ែត្រក្រឡា។ ​កោះធំ-តូចចំនួន ៣២ ឆ្នេរសមុទ្រប្រវែង  ១៧៥,៨ គីឡូម៉ែត្រ។ តាម​ជំរឿនប្រជាជន ឆ្នាំ​២០១៩ គឺ​ប្រជាពលរដ្ឋសរុបចំនួន ៣០២.៨៨៧ នាក់ ស្រី១១១.៣១២ នាក់ ហើយ​ដង់ស៊ីតេប្រជាជន ១១៣,៩១នាក់/គីឡូម៉ែត្រ​ការ៉េ។ នេះបើតាមទិន្នន័យ​ផ្លូវការ​របស់​ខេត្ត។​

សូមអញ្ជើញ​​ស្តាប់ខ្សែអាត់​សំឡេងទាំងស្រុង ដោយ​មាន​​ការ​ពន្យល់បន្ថែមផង ពីសំណាក់​លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ