អានតួអត្ថបទ
ចិន-អាមេរិក-តៃវ៉ាន់

ចិន​កោះហៅ​ទូត​អាមេរិក​មក​តវ៉ា​រឿង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

រដ្ឋាភិបាល​ចិន​បាន​ឲ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ខ្លួន​បាន​កោះហៅ​មន្រ្តី​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​​​មក​ជួប ដើម្បី​ធ្វើការ​តវ៉ា​ជាផ្លូវការ ចំពោះ​សេចក្តីសម្រេច​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។ ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​លុបចោល​វិញ​នូវ​កិច្ចសន្យា​លក់​គ្រឿងសព្វាវុធ​នេះ ដោយ​បាន​ព្រមាន​ថា នឹង​ដាក់​ទណ្ឌកម្ម​ដល់​ក្រុមហ៊ុន​ណា​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​នេះ។

នាវា​ចម្បាំង perry របស់​អាមេរិក​ដែល​មាន​បំពាក់​ដោយ​មីស៊ីល ប្រឆាំង​មីស៊ីលដែល​តៃវ៉ាន់បញ្ជារ​ទិញ​ពី​អាមេរិក
នាវា​ចម្បាំង perry របស់​អាមេរិក​ដែល​មាន​បំពាក់​ដោយ​មីស៊ីល ប្រឆាំង​មីស៊ីលដែល​តៃវ៉ាន់បញ្ជារ​ទិញ​ពី​អាមេរិក ©
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា​លក់​គ្រឿងសព្វាវុធ ទៅ​ឲ្យ​តៃវ៉ាន់ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​​រហូតដល់​ទៅ​ជិត ២ពាន់​លាន​ដុល្លារ ហើយ​ក្នុងនោះ​ក៏​មាន​នាវាចម្បាំង​ដ៏ទំនើប​ចំនួន ២គ្រឿង​ផងដែរ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិកបញ្ជូន​ទៅ​សុំ​ភ្លើងខៀវ​ពី​សភា កាលពីថ្ងៃ​ពុធ​ម្សិលមិញ ហើយ​គេ​រំពឹង​ថា ការអនុម័ត​គម្រោង​លក់​គ្រឿងសព្វាវុធ​នេះ​ទំនង​ជា​នឹង​មិន​ចោទ​ជា​បញ្ហា​​អ្វី​ធំដុំ​នោះទេ ពីព្រោះ​ថា បច្ចុប្បន្ន​នេះ សភា​អាមេរិក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​សាធារណរដ្ឋ ដែល​ជា​ទូទៅ​គាំទ្រ​ការ​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។

ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​នេះ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តបវិញ​ភ្លាមៗ ដោយ​បាន​កោះហៅ​មន្រ្តី​ទូត​អាមេរិក​ឲ្យ​ទៅ​ជួប ដើម្បី​ធ្វើការ​តវ៉ា ហើយ​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​អាមេរិក​ថា ការលក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​កោះតៃវ៉ាន់​នេះ គឺ​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ លើ​វិធាន​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​ជាពិសេស គឺ​ជា​ការ​បំពាន​ទៅលើ​​អធិបតេយ្យភាព​ និង​សន្តិសុខ​ជាតិ​របស់​ចិន។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​ចេញផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រសួង​ការបរទេស​ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​លុបចោលវិញ​នូវ​គម្រោង​លក់​អាវុធ​គ្រឿងសព្វាវុធ​នេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ភាព​ប្រេះឆា នៅ​ក្នុង​ទំនាក់ទំនង​អាមេរិក-ចិន។ លើសពីនេះ​ទៅទៀត ចិន​ក៏​បាន​ព្រមាន​ផងដែរ​ថា​នឹង​ដាក់ទណ្ឌកម្ម​ទៅលើ​រាល់​ក្រុមហ៊ុន​ណា ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​កោះតៃវ៉ាន់​នេះ។

គួរបញ្ជាក់ថា តាំងពីដើម​រៀងមក ថ្វីដ្បិត​តែ​តៃវ៉ាន់​ស្ថិត​នៅ​ក្រោម​របបគ្រប់គ្រង​ដាច់ដោយឡែក តែ​ចិន​តែងតែ​ទាមទារ​ឲ្យ​គ្រប់ប្រទេស​ទាំងអស់​គោរព​នូវនយោបាយ “ចិនមួយ” ពោលគឺ តៃវ៉ាន់ គ្រាន់តែ​​ជា​ខេត្តមួយ​របស់​ចិនប៉ុណ្ណោះ មិនមែន​ជា​ប្រទេស​ឯករាជ្យ​នោះទេ។ សហរដ្ឋ​អាមេរិក​វិញ​ ចាប់តាំង​ពី​ឆ្នាំ​១៩៧៩​មក ក៏​បាន​ទទួល​ស្គាល់​នយោបាយ​ចិនមួយ​នេះ​ដែរ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បន្ត​រក្សា​ទំនាក់ទំនង​ពិសេស​ជាមួយ​កោះតៃវ៉ាន់ ជាពិសេស សភា​អាមេរិក​បាន​បង្កើត​ច្បាប់​មួយ ដាក់​កាតព្វកិច្ច​ឲ្យ​រដ្ឋាភិបាល​​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។

ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់​ចិន មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​លើកឡើង​ថា ការលក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​កោះតៃវ៉ាន់​នៅពេលនេះ គឺ​ជា​អ្វី​ដែល​អាមេរិក​តែងតែ​ធ្លាប់​ធ្វើ​តាំងពីដើម​រៀងមក ហើយ​វា​មិនមែន​ជា​ការ​ចាកពី​នយោបាយ​ចិនមួយ​​នោះទេ ហើយ​ថា អាមេរិក​នៅតែ​ចាត់ទុក​ទំនាក់ទំនង​ទ្វេភាគី​ជាមួយចិន ជា​ទំនាក់ទំនង​ដែល​មាន​សារៈសំខាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ