អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​ប្រធានាធិបតី​ថ្មី​ចង់​អនុវត្ត​ទោស​ប្រហារជីវិត​ជា​ថ្មី និង​យល់ព្រម​ចរចា​ផ្ទាល់​ជាមួយ​ចិន

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ការ​ផ្ទេរ​អំណាច​ប្រធានាធិបតី​ពី​លោក​អាគីណូ​ទៅ​ឲ្យ​លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣០ មិថុនា​ខាង​មុខ។ តែ​ក្នុង​ពេល​រង់ចាំ​ថ្ងៃ​ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី លោក​ឌុយទែរតេ​បាន​បន្ត​ទម្លាយ​ឲ្យ​ដឹង​នូវ​វិធានការ​មួយ​ចំនួន ពិសេស​ទាក់ទង​នឹង​ការ​បង្រ្កាប​ឧក្រិដ្ឋជន និង​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ហ្វីលីពីន​កំពុង​ប្រឈម​មុខ​នឹង​ចិន។

លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ ប្រធានាធិបតី​ថ្មី​ហ្វីលីពីន
លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ ប្រធានាធិបតី​ថ្មី​ហ្វីលីពីន REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​យុទ្ធនាការ​ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី​ទេ តែ​ជា​យុទ្ធនាការ​ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត និង​ដែល​ត្រូវ​ចូល​អង្គុយ​កៅអី​ប្រធានាធិបតី​នៅ​ថ្ងៃទី៣០ មិថុនា​ខាង​មុខ។ នៅ​ក្នុង​សន្និសីទកាសែត​លើកទី១ នា​ថ្ងៃ​អាទិត្យ ទី១៥ ឧសភា លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​វិធានការ​សំខាន់​ចំនួន​ពីរ ទី១ វិធានការ​បង្រ្កាប​បទឧក្រិដ្ឋកម្ម និង​ទី២ វិធានការ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិនខាងត្បូង។

នៅ​ក្នុង​វិធានការ​បង្រ្កាប​បទឧក្រិដ្ឋកម្ម​ត្រូវ​បាន​លោក​ឌុយទែរតេ​បញ្ជាក់​ថា លោក​នឹង​ប្រើ​កណ្តាប់ដៃ​ដែក​ប្រឆាំង​នឹង​ឧក្រិដ្ឋជន ពិសេស​ការ​រត់ពន្ធ​គ្រឿងញាន ការ​ចាប់​រំលោភ លួចប្លន់ និង​ឃាតកម្ម។ នៅ​ក្នុង​ន័យ​នេះ លោក​ឌុយទែរតេ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​បំណង​ចង់​អនុវត្តន៍​ឡើង​វិញ​នូវ​ទោសប្រហារ​ជីវិត​ដែល​ហ្វីលីពីន​បាន​បោះបង់​ចោល​ក្នុង​ឆ្នាំ ២០០៦។ នៅ​ក្នុង​ការ​ប្រហារជីវិត​ឧក្រិដ្ឋជន​ទៀត​សោត លោក​ឌុយទែរតេ​ចង់​ឲ្យ​ព្យួរ ក ជា​ជាង​ប្រើ​កាំភ្លើង​បាញ់​ដើម្បី​សន្សំសំចៃ​គ្រាប់​កាំភ្លើង។

លោក​ឌុយទែរតេ​បាន​ព្រមាន​ទុក​ជា​មុន​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ឧក្រិដ្ឋជន​ណា​ដែល​ត​ដៃ ឬ​រឹងទទឹង។ ទន្ទឹម​គ្នា​នេះ លោក​ឌុយទែរតេ​ក៏​មាន​គម្រោង​ហាម​ឃាត់​មិន​ឲ្យ​បរិភោគ​ជាតិស្រវឹង​នៅ​តាម​ទីកន្លែង​សាធារណៈ​ចាប់​ពី​ម៉ោង ២ព្រឹក​រំលង​អាធា្រត្រ​ទៅ។ ចំណែក​កូនក្មេង​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដើរហើរ​ពេល​យប់​តែ​ម្នាក់​ដែរ ហើយ​បើ​ប៉ូលិស​បាន​រក​ឃើញ​ក្មេង​ណា​ដែល​ដើរ​ពេល​យប់​តែ​ឯង នោះ​ឱពុក ម្តាយ​នឹង​ត្រូវ​ជាប់​គុក​ពី​បទ​បបរបង់​កូន​ចោល។

ទាក់ទង​នឹង​វិធានការ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិនខាងត្បូង​ត្រូវ​បាន​លោក​ឌុយទែរតេ​ទម្លាយ​ឲ្យ​ដឹង​ថា លោក​នឹង​បន្ត​អនុវត្តន៍​នយោបាយ​ត្រួសត្រាយ​ដោយ​លោក​ប្រធានាធិបតី​អាគីណូ​ដែល​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ចិន។ តែ​ទ​ន្ទឹម​គ្នា​នេះ លោក​ឌុយទែរតេ​ក៏​មិន​បដិសេធ​ដាច់​ណាត់​ក្នុង​ការ​ចរចា​ផ្ទាល់​ជាមួយ​ចិន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ