អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ថូម៉ាស់ ហបស៍ (១៥៨៨-១៦៧៩)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​ទស្សនវិទូ​ដ៏​ល្បីមួយរូបទៀត គឺ​ទស្សនវិទូ​អង់គ្លេស ថូម៉ាស់ ហបស៍ (Thomas Hobbes)។

រូបគំនូរ​បង្ហាញ​ពី​ទស្សនវិទូ ថូម៉ាស់ ហបស៍ (Thomas Hobbes)
រូបគំនូរ​បង្ហាញ​ពី​ទស្សនវិទូ ថូម៉ាស់ ហបស៍ (Thomas Hobbes) Public Domain
ផ្សាយពាណិជ្ជកម្ម

ថូម៉ាស់ ហបស៍ ​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​ទស្សនវិទូ​នយោបាយ​ដ៏​ល្បីៗ​ នៅ​ក្នុង​សម័យ​ទំនើប រួមជាមួយ​នឹង នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel), ចន ឡក (John Locke), ម៉ុងតេសគីយើ (Montesquieu), ហ្សង់ហ្សាក់ រូសូ (Jean-Jacques Rousseau)... ស្នាដៃ​ដ៏​ល្បីល្បាញ​បំផុត​របស់​ថូមាស់ ហបស៍ គឺ​សៀវភៅ ដែល​មាន​ចំណងជើង​ជា​ភាសាបារាំង​ថា “Léviathan” ដែល​ជា​មូលដ្ឋាន​គ្រឹះ នាំទៅ​ដល់​ការ​បង្កើត​ទ្រឹស្តី ដែល​គេ​ឲ្យ​ឈ្មោះ​ថា “កិច្ចសន្យាសង្គម” (Contrat social)។ កិច្ចសន្យា​ដែល​ជា​មូលដ្ឋាន​នៃ​អំណាច​របស់​រដ្ឋ។

ថូម៉ាស់ ហបស៍ កើតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៥៨៨ នៅ​ក្រុង​តូចមួយ ស្ថិតនៅចម្ងាយ​ប្រមាណ​ជា​ជាង ១០០គីឡូម៉ែត្រ​ខាងលិច​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។ គេ​ដឹងតិចតួចណាស់ អំពី​ដំណើរជីវិត​ពី​កុមារភាព​របស់ហបស៍ ដោយ​គេ​គ្រាន់តែ​ដឹង​ថា ឪពុក​របស់​​ហបស៍ គឺ​ជា​បុព្វជិតគ្រិស្តសាសនា។ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​បុព្វជិត​ផ្សេងទៀត រហូត​ដល់​មាន​ការ​វាយតប់គ្នា​ ឪពុក​របស់​ហបស៍​ក៏​បាន​រត់គេចខ្លួន​ចោល​ផ្ទះ​សម្បែង ដោយ​ទុក​ហបស៍​​ឲ្យ​រស់នៅ​ជាមួយ​នឹង​ឪពុកធំ។

ថូម៉ាស់ ហបស៍ ទទួល​បាន​នូវ​ការ​អប់រំ រហូតដល់ថ្នាក់​ឧត្តមសិក្សា ដោយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ពី​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​របស់​អង់គ្លេស គឺ​សកលវិទ្យាល័យ​អកស្វត (Oxford)។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា ហបស៍​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ ធ្វើការ​ឲ្យ​ត្រកូល​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​មួយ​នៅ​អង់គ្លេស ហើយ​តាមរយៈ​ការងារ​នេះ​ហើយ ដែល​នាំ​ឲ្យ​​ហបស៍​​បង្កើត​នូវ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​នឹង​ក្រុម​អ្នក​ដែល​មាន​គំនិត​គាំទ្រ​រាជានិយម​អង់គ្លេស។ ហបស៍​ខ្លួនឯង​ផ្ទាល់​ក៏​មាន​គំនិត​ទោរទន់​ទៅ​​ខាង​រាជានិយមផងដែរ ហើយ​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទាំងទៅលើ​គោលគំនិត និង​ដំណើរជីវិត​​របស់​ហបស៍។

នៅ​ក្នុង​អំឡុង​ពេលនោះ អង់គ្លេស​កំពុង​ឆ្លងកាត់​នូវ​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​ជម្លោះ​ រវាង​ក្រុម​អ្នក​រាជានិយម និង​ក្រុម​អ្នក​សភា​និយម។ នៅ​ពេលនោះ ហបស៍​បាន​សរសេរ​សៀវភៅ ដែលមាន​ខ្លឹមសារ​គាំទ្រ​អំណាច​របស់​ព្រះមហាក្សត្រ​អង់គ្លេស។ សៀវភៅនេះ​មិន​ត្រូវ​បាន​បោះពុម្ពផ្សាយ​ជា​សាធារណៈនោះទេ ក៏ប៉ុន្តែ ខ្លឹមសារ​សៀវភៅ​​ត្រូវ​បាន​ក្រុមរាជានិយម​លើក​យក​ទៅ​ធ្វើ​ជាសំអាង នៅ​ក្នុង​ការ​ជជែក​ដេញដោលគ្នា​ ជាមួយ​នឹង​ក្រុម​សភា​និយម។

នៅ​ឆ្នាំ​១៦៤០ នៅ​ពេល​ដែល​មើលឃើញ​ថា អំណាច​របស់​សភា​អង់គ្លេស​ចាប់ផ្តើម​កើនឡើងខ្លាំង ហើយសៀវភៅ​ដែល​មាន​ខ្លឹមសារ​ការពារ​អំណាច​របស់​ស្តេច​​ក៏​ត្រូវ​បាន​លេចធ្លាយ​ជា​សាធារណៈ ហបស៍​ក៏​បាន​រត់​​ភៀសខ្លួន​​ទៅ​ប៉ារីស ហើយ​រស់នៅ​ទីនោះ​អស់រយៈពេល ១១ឆ្នាំ គឺ​រហូត​ដល់​ក្រោយ​ពេល​ដែល​សង្រ្គាម​ស៊ីវិល​អង់គ្លេស​ត្រូវ​បញ្ចប់ នៅ​ឆ្នាំ១៦៥១។

កាលពី​ពីដំបូងឡើយ ហបស៍​​បាន​ផ្តោត​ការ​សិក្សា​​​ទៅលើ​ផ្នែក​រូបវិទ្យា ក៏ប៉ុន្តែ បន្តិចម្តងៗ លោក​បាន​បង្វែរ​ចំណាប់អារម្មណ៍​ទៅ​លើ​ផ្នែក​ទស្សនវិជ្ជា​វិញ ហើយ​ចំណាប់​អារម្មណ៍​ទៅលើ​ទស្សនវិជ្ជា ជាពិសេស ទស្សនវិជ្ជា​នយោបាយ បាន​កើនឡើង​កាន់តែ​ខ្លាំង នៅ​ពេល​ដែល​ហបស៍​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង​ប៉ារីស។

នៅ​ប៉ារីស ហបស៍​បាន​ចូលរួម​​ជា​ប្រចាំ​ក្នុង​ការ​ជជែកដេញដោលគ្នា​ជាក្រុម រួម​ជាមួយ​នឹង​​ទស្សនវិទូ​ផ្សេងទៀត ហើយ​​នៅ​ក្នុង​ការសិក្សា​អំពី​ទស្សនវិជ្ជា​នេះ ហបស៍​បាន​ផ្តោត​គំនិត​ជាពិសេស​ទៅលើ​សភាព​របស់​មនុស្ស​ពី​ធម្មជាតិ (State of nature/Etat de nature) ពោលគឺ មុនពេល​ដែល​មនុស្ស​ចាប់ផ្តើម​រស់នៅ​ប្រមូលផ្តុំគ្នា​ជា​សហគមន៍ ឬ​ជា​រដ្ឋ។

នៅ​ឆ្នាំ១៦៤២ នៅ​ក្នុង​ពេល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ក្រុង​ប៉ារីស ហបស៍​បាន​ចេញផ្សាយ​សៀវភៅ​ ដែល​មាន​ចំណងជើង​ថា “ស្តីពី​ពលរដ្ឋ” (ចំណងជើង​តាម​ភាសាឡាតាំងថា “De Cive”) ដែល​ជា​ស្នាដៃ​ដំបូង​បង្អស់​របស់​លោក ខាង​ផ្នែក​ទស្សនវិជ្ជា​នយោបាយ។ ក្នុងពេល​ជាមួយគ្នា ហបស៍​បាន​ចំណាយពេល​​នោះ សរសេរ​សៀវភៅ​​​មួយ​ទៀត គឺ​សៀវភៅ​ ដែល​មាន​ចំណងជើង​ជា​ភាសាបារាំង​ថា “Léviathan” ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សៀវភៅ​ខាង​ទស្សនវិជ្ជា​នយោបាយ​ដ៏​​សំខាន់​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត រួមជាមួយ​នឹង​សៀវភៅ “Le Prince” របស់​នីកូឡា ម៉ាគីយ៉ាវែល។

សៀវភៅ “Léviathan” ត្រូវ​បាន​ហបស៍​សរសេរ​ចប់សព្វគ្រប់ នៅ​ឆ្នាំ​១៦៥១។ ក្នុង​ឆ្នាំ​ជាមួយគ្នា​នោះ សង្រ្គាម​ស៊ីវិល​អង់គ្លេស​ក៏​ត្រូវ​បញ្ចប់ ដោយ​ក្រុម​សភា​និយម​ជា​អ្នក​ទទួល​ជោគជ័យ​លើ​រាជានិយម, ព្រះមហាក្សត្រ​អង់គ្លេស​ត្រូវបាន​គេ​ប្រហារ​ជីវិត ហើយ​របបសាធារណរដ្ឋ​មួយ​ត្រូវ​បាន​បង្កើតឡើង​ ក៏ប៉ុន្តែ ជា​របបសាធារណរដ្ឋ​បែប​ផ្តាច់ការ​ ដឹកនាំ​ដោយ​​មេដឹកនាំ​យោធា​ឈ្មោះ អូលីវ័រ ក្រមវែល (Oliver Cromwell)។

នៅឯ​ទីក្រុង​ប៉ារីស​ឯណោះវិញ ហបស៍​ដែល​ធ្លាប់​បាន​ធ្វើការ​រិះគន់​ខ្លាំងៗ​ទៅលើ​វិហារ​កាតូលិក ហើយ​រហូត​រិះគន់​ទៅដល់​​អំណាច​របស់​សម្តេច​ប៉ាបផងនោះ ក៏​​ចាប់ផ្តើម​មាន​ការ​ប្រឈមមុខ​​ខ្លាំង​ជាមួយ​នឹង​អាជ្ញាធរ​បារាំង។ ហបស៍​ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី​ប៉ារីស ហើយ​វិលត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេសវិញ ដោយ​សុខចិត្ត​ដាក់​ខ្លួន​​ក្រោម​អំណាច​របស់​របបដឹកនាំ​ថ្មី។

ពេល​វិលត្រឡប់​ទៅ​ដល់​អង់គ្លេស​វិញ ហបស៍​មិន​ត្រូវ​បាន​របបដឹកនាំ​ថ្មី​ចាប់ទោស​អូសដំណើរ ដោយសារ​តែ​គោលគំនិត​ការពារ​រាជានិយម​របស់​លោក​កាល​ពីមុន​នោះទេ ហើយ​នៅ​ឆ្នាំ១៦៥៨ មេដឹកនាំផ្តាច់ការ​អង់គ្លេស អូលីវ័រ ក្រមវែល បាន​ទទួល​មរណភាព ហើយ​ពីរឆ្នាំក្រោយ​មក របបរាជានិយម​អង់គ្លេស​ក៏​ត្រូវ​បាន​បង្កើតឡើងវិញ។

ទោះជាយ៉ាងណា នៅ​ឆ្នាំ១៦៦៦ សភា​អង់គ្លេស​បាន​អនុម័ត​ច្បាប់​ថ្មីមួយ ដែល​កំណត់​ពី​ការ​ដាក់ទោស​ដល់​អ្នក​ដែល​ប្រមាថ​សាសនា ហើយ​ផ្នែក​ខ្លះ​នៃ​​សៀវភៅ​ “Léviathan” របស់​ហបស៍​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ខ្លឹមសារ​ប្រឆាំង​នឹង​សាសនា។ ក៏ប៉ុន្តែ ដោយសារ​តែ​ហបស៍​ធ្លាប់​មាន​គោលជំហរ​គាំទ្រ​រាជានិយម​អង់គ្លេស ហើយ​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ​នៅ​អង់គ្លេស​នៅ​ពេលនោះ​ក៏​ចូលចិត្ត​ហបស៍ ទើប​លោក​​មិន​ត្រូវ​បាន​គេ​ដាក់ទោស​ពី​​បទប្រមាថ​សាសនា​។ ក៏ប៉ុន្តែ សៀវភៅ​របស់​លោក​ទាំងអស់​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចែកចាយ​នៅ​ក្នុង​ទឹកដី​អង់គ្លេស ហើយ​ហបស៍​ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​​មិនឲ្យ​​បោះពុម្ពផ្សាយ​សៀវភៅ​ថ្មី​ណាមួយ​ផ្សេងទៀត​ទាំងអស់​ ដែល​និយាយ​ពី​ទស្សនវិជ្ជា ក៏ដូចជា អំពី​​មនុស្សសាស្រ្ត​ជាទូទៅ។

ថូម៉ាស់ ហបស៍ ចំណាយ​ពេល​ប្រមាណ​ជា​ជាង ១០ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក​ធ្វើការ​បកប្រែ​សៀវភៅ​រឿងទេវកថា​ជាច្រើន​ក្បាល ព្រមទាំង​សរសេរ​ពី​​ប្រវត្តិរូបផ្ទាល់ខ្លួន​របស់​លោក។ ហបស៍​​ទទួល​មរណភាព​ដោយ​ជំងឺ​ នៅថ្ងៃទី៤ ខែធ្នូឆ្នាំ១៦៧៩ ក្នុងវ័យ ៩១ឆ្នាំ ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅដល់​​ទស្សនវិទូ​ជំនាន់ក្រោយ ជាពិសេស គឺ ចន ឡក និង​ហ្សង់ហ្សាក់ រូសូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ