អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​សំណុំ​រឿង EBA៖ វិស័យ​ឯកជនស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរជជែក​ពីបញ្ហា​ដែលជា​កង្វល់​របស់​​អឺរ៉ុប

ប្រតិកម្ម​ចំពោះ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ក្នុង​សំណុំ​រឿង EBA នៅ​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ចុះ​មក​មិន​ទាន់​ចប់​នៅ​ឡើយ​។ នា​ថ្ងៃ​សុក្រ ទី​១៤​កុម្ភៈ​ម្សិលមិញ វិស័យ​ឯកជន​នៅ​កម្ពុជា នាំ​មុខ​ដោយ​សភា​ពាណិជ្ជកម្ម បាន​សម្ដែង​ការ​សោក​ស្ដាយ​ ចំពោះ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ខ្លះ​ពី​កម្ពុជា ក្រោម​កិច្ច​ព្រម​ព្រៀង​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​សព្វាវុធ ឬ EBA។ នៅ​ចំពោះ​មុខ​ការ​សម្រេច​ដូច្នេះ វិស័យ​ឯកជន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កិច្ច​សន្ទនា​អំពី​បញ្ហា​ដែល​ជា​កង្វល់​របស់​សហភាព​អឺរ៉ុប។ បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍៖ បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​ជា​ដើម​។

កម្មការិនី​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុង​ប្រទេស​​កម្ពុជា។
កម្មការិនី​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុង​ប្រទេស​​កម្ពុជា។ @REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប គឺជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់វិស័យ​ឯកជន​កម្ពុជា ពីរ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​ប្រកាសអំពី​ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ខ្លះ​ពី​កម្ពុជា​​។

បើ​តាម​ការ​គូស​បញ្ជាក់​របស់​វិស័យ​ឯកជន សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ផ្ដល់​ផល​ប៉ះពាល់​សេដ្ឋកិច្ច៖ ​និយាយ​ជារួម កម្ពុជា​ត្រូវ​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ​១,៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ និង​និយាយ​ដោយ​ឡែក តម្លៃ​ទំនិញ​ដែល​អឺរ៉ុប​លែង​អនុគ្រោះ​ពន្ធ​ឲ្យ​នោះ ក៏​នឹង​ត្រូវ​កើន​ឡើង​ប្រមាណ​១៤០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​។ សូម​ជម្រាបថា ​ទំនិញដែល​អឺរ៉ុប​លែង​ផ្ដល់​ការ​អនុគ្រោះ​ពន្ធដល់​កម្ពុជា រួម​មាន៖ ផលិតផល​ខ្លះ​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង ផលិតផល​សម្រាប់​ធ្វើ​ដំណើរ​ទាំង​អស់ និង​ផលិតផល​ស្ករស​​។

យ៉ាង​ណា​ក៏​ដោយ វិស័យ​ឯកជន​កត់​សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ជា​កញ្ចប់តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១៩ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នៃ​ការ​ធ្វើ​ធុរកិច្ច​​។ កំណែ​ទម្រង់​នេះ បើ​តាម​វិស័យ​ឯកជន គឺ​វា​អាច​កាត់​កង​ការ​ខាត​បង់​ដោយ​សារ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​បាន​ ប្រសិន​បើ​មាន​ការ​អនុវត្ត​បាន​ត្រឹម​ត្រូវ។ និយាយ​ដល់​កំណែ​ទម្រង់ វិស័យ​ឯកជន​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​អាច​បន្ត​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​កាត់​បន្ថយ​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព ដែល​ការណ៍​នេះ នឹង​ជួយ​ពន្លឿន​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា ទីផ្សារ​នាំ​ចេញ និង​ប្រភព​នៃ​ការ​វិនិយោគ​។

វិស័យ​ឯកជន​ក៏​បាន​អំពាវនាវផង​ដែរ ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កិច្ច​សន្ទនា​អំពី​បញ្ហានានា​​ដែល​ជា​កង្វល់​របស់​សហភាព​អឺរ៉ុប​។ បញ្ហា​ទាំង​នោះ​រួម​មាន បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​។ ចំណែក​​វិស័យ​ឯកជនផ្ទាល់ ​បាន​ប្ដេជ្ញា​​បន្ត​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ព្រម​ទាំង​​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ ឲ្យ​មាន​ស្តង់ដារ​ស្រប​ទៅ​តាម​ឧត្តមានុភាព​អន្ដរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ