សហភាពអឺរ៉ុបនិងអាមេរិកឡាទីនអំពាវនាវឲ្យវ៉េណេស៊ុយអេឡារៀបចំការបោះឆ្នោតសារជាថ្មី
បណ្តាប្រទេសសហភាពអឺរ៉ុប និងអាមេរិកឡាទីន បានចេញសេចក្តីអំពាវនាវរួមគ្នាមួយស្នើឲ្យប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកម៉ាឌូរ៉ូ យល់ព្រមរៀបចំការបោះឆ្នោតថ្មីមួយ ដើម្បីបញ្ចៀសនូវភាពចលាចល។ សេចក្តីអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី ៨ កុម្ភៈឆ្នាំ ២០១៩ នេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងបណ្តាប្រទេសអាមេរិកឡាទីន បានជួបពិភាក្សាគ្នាអស់រយៈពេលប្រមាណជា ៥ ម៉ោង នៅក្នុងប្រទេសអ៊ុយរូហ្កាយរួចមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៣
បណ្តាប្រទេសអឺរ៉ុប និងអាមេរិកឡាទីនរាប់សិបប្រទេស បានស្នើសុំឲ្យប្រទេសវ៉េណេស៊ុយអេឡាយល់ព្រមរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមួយក្នុងពេលឆាប់ៗ។ ជាការបោះឆ្នោតដោយសេរី ប្រកបដោយតម្លាភាពនិងភាពជឿទុកចិត្តបាន ដើម្បីដោះស្រាយវិបត្តិនយោបាយធ្ងន់ធ្ងរ ដែលកំពុងតែរួមរឹតប្រទេសវ៉េណេស៊ុយអេឡា។
ជាមួយគ្នានេះ ប្រមុខការបរទេសរបស់សហភាពអឺរ៉ុប ក៏បានជំរុញផងដែរ ឲ្យអ្នកនយោបាយវ៉េណេស៊ុយអេឡា ដោះស្រាយវិវាទរវាងគ្នានិងគ្នាដោយសន្តិវិធី។ លោកបន្តថា មានតែការដោះស្រាយបញ្ហាដោយសន្តិវិធីនោះទេទើបអាចជួយឲ្យប្រទេសសម្បូរប្រេងមួយនេះជៀសផុតពីភាពចលាចល និងគ្រោះថ្នាក់នៅក្នុងប្រទេសបាន។
សូមជ្រាបថា សេចក្តីអំពាវនាវរួមរបស់សហភាពអឺរ៉ុប និងបណ្តាលប្រទេសអាមេរិកឡាទីន ត្រូវបានធ្វើឡើង ស្របពេលដែលក្បួនរថយន្តដឹកជំនួយមនុស្សធម៌បានទៅដល់ព្រំដែនប្រទេសវ៉េណេស៊ុយអេឡា ជាប់ជាមួយនឹងប្រទេសកូឡុំប៊ី។
ក្បួនជំនួយមនុស្សធម៌ ដែលដឹកជំនួយស្បៀងអាហារ ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ ដើម្បីយកទៅចែកជូនដល់ ប្រជាជនវ៉េណេស៊ុយអេឡា រាប់ម៉ឺននាក់ដែលកំពុងត្រូវការជំនួយជាបន្ទាន់។ ជំនួយមនុស្សធម៌នេះ ស្ថិតនៅក្រោមការរៀបចំចាត់ចែងរបស់មេបក្សប្រឆាំង ដែលកំពុងកើនប្រជាប្រិយភាពខ្លាំងរបស់វ៉េណេស៊ុយអេឡាគឺលោកហ័ន ហ្កាយដូ។
តែទោះជាយ៉ាងណាក្តី រហូតមកពេលនេះ ក្រុមកងទ័ពរបស់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ មិនអនុញ្ញាតឲ្យក្បួនរថយន្តដឹកជំនួយមនុស្សធម៌ទាំងនោះ បើកចូលក្នុងទឹកដីរបស់វ៉េណេស៊ុយអេឡាឡើយ។
លោកនីកូឡា ម៉ាឌូរ៉ូ បានលើកឡើងថា រថយន្តដឹកជំនួយមនុស្សធម៌ ជារបស់សហរដ្ឋអមេរិក។ លោកម៉ាឌូរ៉ូ ធ្លាប់បានបញ្ជាក់ទៀតថា ការអនុញ្ញាតឲ្យក្បួនរថយន្តទាំងអស់ បើកចូលដែនដីរបស់ប្រទេសវ៉េណេស៊ុយអេឡា មានន័យថាដូចបើកដៃឲ្យសហរដ្ឋអាមេរិករបស់លោកដូណាល់ ត្រាំ ចូលឈ្លានពានវ៉េណេស៊ុយអេឡាអីចឹងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ