អានតួអត្ថបទ
ហុងកុង-ចិន

អាជ្ញាធរ​ហុងកុង​លុប​ចោល​ការ​ចរចារ​ជាមួយ​ក្រុម​បាតុករ

អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លង​ទៅ បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​ រវាង​ក្រុម​បាតុករ​ ទាមទារ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​អាជ្ញាធរ​ក្រុង​ហុងកុង ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ ថា​នឹង​ជួប​ចរចា​គ្នា​ នៅ​ថ្ងៃ​សុក្រ ទី១០​ តុលា​នេះ។ ប៉ុន្តែអ្វីៗបានក្រឡាប់ចាក់ ដោយ​អាជ្ញាធរ​ហុងកុង បាន​លុបចោល​គម្រោង​ជួប​ចរចា​នេះ ដោយ​ចោទ​ថា​​ក្រុម​បាតុករ​នៅ​តែ​មាន​ចេតនា​ធ្វើ​ការ​បះបោរ។

ឆ័ត្រដែល​ដើមឡើយ​​បាតុករ​បាន​ប្រើ​​ដើម្បី​​ការពារ​ខ្លួន​ពី​ការ​បាញ់​​គ្រាប់បែក​ផ្សែង​របស់អជ្ញាធរ បានក្លាយជា​និមិត្តរូប នៃ​ការ​បះបោរ​របស់​សកម្មជន​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង
ឆ័ត្រដែល​ដើមឡើយ​​បាតុករ​បាន​ប្រើ​​ដើម្បី​​ការពារ​ខ្លួន​ពី​ការ​បាញ់​​គ្រាប់បែក​ផ្សែង​របស់អជ្ញាធរ បានក្លាយជា​និមិត្តរូប នៃ​ការ​បះបោរ​របស់​សកម្មជន​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហ្បតិ៍ទី​៩​តុលា អាជ្ញាធរ​ក្រុង​ហុងកុង បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​បាន​លុបចោល​គម្រោង​ជួប​ចរចា​ជាមួយ​ក្រុម​បាតុករ​ទាមទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​បាន​កំណត់​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​១០ តុលា។ អ្នក​តំណាង​រដ្ឋបាល​ក្រុង​ហុងកុង​ បាន​ថ្លែង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​សម្រេច​លុបចោល​ការ​ចរចារ​ ដោយសា​តែ ក្រុម​បាតុករ​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ។ ដូច្នេះ មាន​ន័យ​ថា ក្រុម​បាតុករ​គ្មាន​ចេតនា​ណាមួយ​ នឹង​ស្វែងរក​ការ​ព្រមព្រៀង​គ្នា​ដោយ​សន្តិវិធី​នោះ​ទេ។

 
សូម​រំលឹក​ថា អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ​​ដែល ក្រុម​និស្សិត និង​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ជា​ច្រើន​ម៉ឺននាក់ ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ ដើម្បី​ជ្រើស​តាំង​ថ្នាក់​ដឹកនាំ​តំបន់​ស្វ័យត្ន​ហុងកុង។ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ នេះ ស្ថានភាព​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ ក្រុម​បាតុករ​នៅ​តែ​បន្ត​ជួបជុំ​គ្នា​ដដែល។

ប្រធាន​សហព័ន្ធ​និស្សិត​​ហុងកុង បាន​ថ្លែង​ថា គ្មាន​អ្វី​អាច​បង្អាក់​ការ​ទាមទារ​របស់​និស្សិត និង​ក្រុម​បាតុករ​ទាំងអស់​បាន​ទេ ដរាប​ណា នៅ​តែ​មាន​មនុស្ស​មក​ចូលរួម​ធ្វើ​បាតុកម្ម។ អ្វី​ដែល​ក្រុម​បាតុករ​ទាមទារ គឺ​ជា​ការ​ចង់បាន​របស់​ប្រជាជន​ហុងកុង​ទូទៅ ពោល​គឺ​ពួក​គេ​ត្រូវការ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ ប្រកប​ដោយ​សេរី យុត្តិធម៌ មិនមែន​តាម​តែ​ការ​សម្រេច​របស់​គណៈបក្ស​កុម្មុយនិស្ត​ចិន​ប៉េកាំង​នោះទេ។

ក្រៅ​ពី​នេះ ក្រុម​បាតុករ បាន​ទាមទារ​ឲ្យ​អភិបាល​ក្រុង​ហុងកុង​បច្ចុប្បន្ន គឺ​លោក ឡឹង ឈុនយីង ​ឲ្យ​ចុះចេញ​ពី​ដំណែង ដោយ​ពួក​គេ​ចោទ​ថា លោក​អភិបាល​ក្រុង​រូបនេះ ជា​អាយ៉ង​របស់​ក្រុង​ប៉េកាំង។ មួយ​វិញ​ទៀត មាន​រឿង​អាស្រូវ​មួយ​ទៀត ទើប​តែ​បាន​លេច​ឮ ថា​លោក ឡឹង ឈុនយីង បាន​ទទួល​ប្រាក់​ចំនួន​ជាង ៦លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០១១ ពី​ក្រុមហ៊ុន​អូស្ត្រាលី​មួយ។ រឿង​អាស្រូវ​ស៊ី​សំណូក​នេះ រឹត​តែ​ធ្វើ​ឲ្យ ក្រុម​បាតុករ​ក្រេវក្រោធ មិន​ពេញចិត្ត​កាន់តែ​ខ្លាំង​ ទៅនឹង​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ហុងកុង​ ដែល​ធ្វើ​តែ​តាម​ការ​បង្គាប់​របស់​ក្រុង​ប៉េកាំង ហើយ​ប្រឡាក់​ប្រឡូស​ដោយ​អំពើ​ពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ