អានតួអត្ថបទ
ចិន-អ៊ុយហ្គួ-ហុងកុង

ប្រជាជន​ហុងកុង ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការកៀបសង្កត់​លើ​ជនជាតិ​អ៊ុយហ្គួ ពី​សំណាក់​រដ្ឋ​ចិន​កុម្មុយនីស្ត

កាលពីរសៀលថ្ងៃអាទិត្យ ទី២២ធ្នូ មានមនុស្សជាច្រើនពាន់នាក់នៅហុងកុង បានរួមគ្នាធ្វើបាតុកម្ម ដែលលើកនេះ កម្មវត្ថុរបស់ពួកគេ គឺបរិហារចំពោះ សកម្មភាពកៀបសង្កត់ បំបិទសិទ្ធិសេរីភាព ធ្វើទុក្ខបុកម្នេញ ទៅលើសហគមនជាតិអ៊ុយហ្គួ នៅខេត្តស៊ីនជាំង ពីសំណាក់អាជ្ញាធរចិនកុម្មុយនីស្ត។ បាតុករហុងកុង ដែលភាគច្រើន សុទ្ធតែជាយុវជន បានស្រែកក្តែងៗថា ទៅថ្ងៃអនាគត ពួកគេអាចនឹងមានវាសនា ដូចជនជាតិអ៊ុយហ្គួដែរ បើសិនជាពួកគេមិនតវ៉ា រើបំរាស់ទេនោះ។

បាតុករហុងកុង អង្គុយកាន់ទង់តំណាងឲ្យដែនដី "តួកគីស្ថានខាងកើត" ជាសារគាំទ្រ ដល់ប្រជាជនអ៊ុយហ្គួ។ ហុងកុង ថ្ងៃទី ២២ ធ្នូ ២០១៩​
បាតុករហុងកុង អង្គុយកាន់ទង់តំណាងឲ្យដែនដី "តួកគីស្ថានខាងកើត" ជាសារគាំទ្រ ដល់ប្រជាជនអ៊ុយហ្គួ។ ហុងកុង ថ្ងៃទី ២២ ធ្នូ ២០១៩​ REUTERS/Lucy Nicholson
ផ្សាយពាណិជ្ជកម្ម

ជារឿយៗ នៅក្នុងក្បួនបាតុកម្មនៅហុងហុង ប៉ុន្មានខែមកនេះ គេធ្លាប់ឮខ្លះដែរ នូវការស្រែកតវ៉ា បរិហាររដ្ឋអំណាចចិនកុម្មុយនីស្ត ថាបានធ្វើបាបប្រជាជនអ៊ុយហ្គួ នៅខេត្តស៊ីនជាំង។ នេះជាលើកទីមួយហើយ ដែលបាតុករនៅហុងកុង បានធ្វើបាតុកម្មដ៏ធំ ដើម្បីគាំទ្រដល់ប្រជាជនអ៊ុយហ្គួ។

មនុស្សជាច្រើនពាន់នាក់ ភាគច្រើនជាយុវជន និងមនុស្សវ័យកណ្តាល បានជុំគ្នានៅទីលានមួយ ក្បែរមាត់សមុទ្រ នៅលើកោះហុងកុង កាលពីរសៀលថ្ងៃអាទិត្យ ទី២២ធ្នូ។ បាតុករ បាននាំគ្នាអង្គុយចុះ តម្រៀប​ជួរគ្នា ដោយម្នាក់ៗ មានកាន់ក្រដាសពណ៌ទង់ជាតិ តំណាងឲ្យតំបន់ "តួកគីស្ថានខាងកើត" ដែលជាឈ្មោះដែនដីស៊ីនជាំង ហៅដោយក្រុមបំបែករដ្ឋអ៊ុយហ្គួ។ ដៃកាន់មេក្រូ បាតុករម្នាក់បានស្រែកថា ៖ «យើងមិនត្រូវភ្លេចអ្នកដែលឈឺចាប់ អ្នកលំបាក ត្រូវគេសង្កត់សង្កិន​ បំបិទសិទ្ធិដូចយើងឡើយ។ យើងនិងជនជាតិអ៊ុយហ្គួ សុទ្ធ​​តែមានកំហឹង នឹង​បក្សកុម្មុយនីស្តចិន ដូចគ្នា។​

សមត្ថកិច្ចហុងកុង បង្ក្រាប​បាតុករ​ដែល​មក​ធ្វើ​បាតុកម្ម​គាំទ្រ​ ប្រជាជន​អ៊ុយហ្គួ។ ហុងកុង ​ថ្ងៃទី២២​ ធ្នូ ២០១៩​
សមត្ថកិច្ចហុងកុង បង្ក្រាប​បាតុករ​ដែល​មក​ធ្វើ​បាតុកម្ម​គាំទ្រ​ ប្រជាជន​អ៊ុយហ្គួ។ ហុងកុង ​ថ្ងៃទី២២​ ធ្នូ ២០១៩​ REUTERS/Lucy Nicholson

ភាពជ្រួលច្របល់បានកើតឡើង បន្ទាប់ពីមានបាតុករមួយក្រុម បានព្យាយាមឡើង ទៅទាញទំលាក់ទង់ជាតិចិន ចេញពីអាគាររដ្ឋបាលមួយកន្លែង។ នគរបាលបានចេញប្រតិបត្តិការ បំបែកហ្វូងបាតុករ និង​បាន​វាយដំ យ៉ាងដំណំ។

មុននឹងត្រូវនគរបាល ចាប់ក្របួចយកទៅ ស្ត្រីជាបាតុករម្នាក់ បានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំងថា រដ្ឋអំណាចចិន កំពុងតែងប់ងល់ នឹងការត្រួតពិនិត្យតាមដានយ៉ាងស្អិត ហើយមិនអនុញ្ញាត ឲ្យនរណាមានមតិ មានយោបល់ ផ្ទុយពីខ្លួនឡើយ។ ស្ត្រីរូបនេះបន្តថា នៅតំបន់ស៊ីនជាំង គេអាចធ្វើអ្វីបានស្រេចតែនឹងចិត្ត ព្រោះគេមានអំណាចពេញដៃ ដូច្នេះទៅថ្ងៃអនាគត គេក៏អាចធ្វើដូច្នេះបានដែរ នៅហុងកុង នៅពេលគេយកហុងកុងទៅក្តាប់ក្នុងដៃគេ។

សូមបញ្ជាក់ថា ប្រមាណ២ឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាពប្រជាជនអ៊ុយហ្គួ ដែលមានចំនួនប្រមាណជាង១០លាននាក់ នៅខេត្តស៊ីនជាំង ត្រូវបានរងការកៀបសង្កត់កាន់តែខ្លាំង។ រដ្ឋអំណាចចិន បានដាក់ចុះនូវវិធានការ និងមធ្យោបាយតាមដាន ឃ្លាំមើល យ៉ាងខ្លាំងបំផុត។ យោងតាមរបាយការណ៍ របស់អង្គការសិទ្ធិមនុស្ស បានឲ្យដឹងថា រដ្ឋអំណាចចិន បានចាប់ប្រជាជនអ៊ុយហ្គួ ភាគច្រើនជាមនុស្សប្រុសពេញវ័យ ប្រមាណជា១លាននាក់ ទៅដាក់នៅក្នុងមន្ទីរឃំឃាំង និងកែប្រែ ដើម្បីលាងខួរក្បាល បញ្ចូលមនោគមវិជ្ជាកុម្មុយនីស្ត។ តែយ៉ាងណា រដ្ឋចិន តែងតែបដិសេធ ហើយអះអាងថា ជាមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ស្រង់ចេញពី AFP

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ