អានតួអត្ថបទ
អាកាសធាតុ-ភ្លើងឆេះព្រៃ

អ្នកជំនាញ​បារម្ភថា ​ភ្លើងឆេះព្រៃ​ដ៏ធំ​ដូច​នៅ​អូស្ត្រាលី ​អាចនឹង​ក្លា​យជា​រឿង​ធម្មតា​ទៅ​អនាគត

ភ្លើងឆេះព្រៃ ​ជាច្រើន​ទីតាំង  ​មិនអាច​ពន្លត់​បាន ​ដូច​នៅ​អូស្ត្រាលី​បច្ចុប្បន្ន​នេះ ​អាច​នឹង​ក្លាយ​ជា​ រឿង​ធម្មតា ​ដែល​កើត​ឡើង​ជា​ប្រចាំ ​ទៅថ្ងៃ​អនាគត។ នេះ​បើ​តាម​ការ​អះអាង ​របស់​អ្នក​ជំនាញ​ស្រាវជ្រាវ ​ផ្នែក​ឧត្តុនិយម ​និង​អាកាសធាតុ។ យោង​តាម​របាយការណ៍​ស្រាវជ្រាវ ​ដែល​ទើបតែ​បោះផ្សាយ ​អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា ​ការ​ប្រែប្រួល​អាកាសធាតុ ​របស់​ផែនដី​យើង ​បាន​ញ៉ាំង​ឲ្យ​មាន​កត្តា​អំណោយផល​ជាច្រើន ​បង្កឲ្យ​មាន​ភ្លើងឆេះព្រៃ​ កាន់តែ​ច្រើន ​ទៅ​ថ្ងៃ​អនាគត។

ភ្លើងឆេះព្រៃនៅអូស្ត្រាលី រដ្ឋ New South Wales ថត​ដោយ​ផ្កាយ​រណប Maxar's WorldView-3​ ថ្ងៃទី​១២​ មករា​ ២០២០​
ភ្លើងឆេះព្រៃនៅអូស្ត្រាលី រដ្ឋ New South Wales ថត​ដោយ​ផ្កាយ​រណប Maxar's WorldView-3​ ថ្ងៃទី​១២​ មករា​ ២០២០​ Satellite image ©2020 Maxar Technologies/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

យើងមិនអាច ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ ធ្វើឲ្យ​វា​បញ្ច្រាស​មកវិញ​បាន ​ក្នុង​រយៈពេល​មួយ​ដែល​យើង​ចង់​បាន​នោះទេ។ លក្ខខណ្ឌ​អាកាសធាតុ​បច្ចុប្បន្ន​នេះ ​ក៏នឹង​មិនអាច​ បាត់ទៅ​វិញ​ដែរ”។ នេះ​គឺ​ជា​ការលើកឡើង ​របស់​លោក Richard Betts ​អ្នក​ជំនាញ​ផ្នែក​ឧត្តុនិយម​ នៅ​ នាយកដ្ឋាន​ជាតិ​ឧត្តុនិយម​អង់គ្លេស​។ លោក​ទើបតែ​បាន​ ចូលរួម​សរសេរ​អត្ថបទ​សិក្សា​មួយ ​ដោយ​បាន​ស្រង់​វិភាគ​ ទៅលើ​របាយការណ៍​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​ចំនួន​​៥៧​ផ្សេងគ្នា ​ គិត​ចាប់​ពី​ឆ្នាំ​២០១៣​មក ​ទាក់ទិន​នឹង​ទំនាក់ទំនង​ រវាង​ ភ្លើង​ឆេះព្រៃ ​និង​ការ​ប្រែប្រួល​អាកាសធាតុ។

យោង​តាមការវិភាគ​លើ​របាយការណ៍​ទាំង​៥៧នេះ ​អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា ​ការប្រែប្រួល​អាកាសធាតុ ​បាន​ជំរុញ​ឲ្យមាន​ការកើនឡើង​កាន់តែ​ញឹកញាប់  ​និង​ម្តងៗ​កាន់តែ​ធ្ងន់ធ្ងរ ​នូវ​ករណី​ភ្លើងឆេះព្រៃ។ មាន​កត្តា​ជា​ច្រើន ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ​ក្នុងនោះ​ដូចជា ​អាកាសធាតុ​ក្តៅ​កាន់តែ​ខ្លាំង​ សំណើម​មាន​កាន់តែ​តិចទៅៗ​ ភ្លៀង​កាន់តែ​ខ្សត់ខ្សោយ ​ ព្រម​ជាមួយ​នឹងខ្យល់​ស្ងួត​បក់ខ្លាំង។

អ្នកជំនាញ​ លើកឡើងថា​ ករណី​ភ្លើងឆេះព្រៃ​កើនឡើង​ខ្លាំង​ និងមាន​ទំហំ​ធំៗ ​ត្រូវ​បាន​គេ​សង្កេត​ឃើញ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មិនមែន​តែ​នៅ​អូស្ត្រាលី​ទេ​ គឺមាន​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ​នៅ​កាណាដា ​នៅ​តំបន់​ព្រៃអាម៉ាហ្សូន​ នៅ​ភាគខាងត្បូង​អឺរ៉ុប​ និងនៅ​តំបន់​ស្កង់ឌីណាវី ​ភាគ​ខាងជើង​បំផុត​របស់​អឺរ៉ុប​ផងដែរ។ រដូវកាល​ដែល​សីតុណ្ហភាព​ឡើង​ក្តៅខ្លាំង​ និង​ស្ងួតខ្លាំង​ ដែល​អំណោយផល​ដល់​ការ​ឆេះ​រាល​ភ្លើង​ព្រៃ​ បាន​កើនឡើង​ អូសបន្លាយ​ចំនួន​២០%  ​ហើយ​ទំហំ​ភ្លើងព្រៃ​ឆេះ​ ក៏បាន​កើនឡើង ​ប្រមាណ​២៥%​ដែរ​។ នេះ​បើផ្អែក​លើ​ទិន្នន័យ ​អង្កេត​របស់​ក្រុម​អ្នកជំនាញ។

លោក​សាស្ត្រាចារ្យ ​Richard Betts  ​បានលើក​ឡើងថា​៖  “សីតុណ្ហភាព​នៅ​អូស្ត្រាលី​បច្ចុប្បន្ន​ក្តៅ​ហួតហែង​ខ្លាំងណាស់។ កម្រិត​កំដៅ​នេះ ​អាច​នឹង​ក្លាយ​ជា​កម្រិត​សាមញ្ញ​ធម្មតា​ ទៅ​ថ្ងៃ​អនាគត ​ ​នៅ​ទូទាំង​ពិភពលោក​តែម្តង ​ដោយសារ​តែ​ផែនដី​យើង ​ឡើង​កំដៅ​ ប្រមាណ​ជា​៣អង្សារសេ”។ បើផ្អែក​តាម​តួលេខ​របស់​អង្គការ​ឧត្តុនិយម​អន្តរជាតិ ​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​ អាច​នឹង​ឡើង​ប្រមាណ​ចន្លោះ​ពី​ ៣ ​ទៅ​៥អង្សារសេ ​ក្នុង​រវាង​មួយ​ទសវត្ស​ខាងមុខ  ​បើ​សិន​ជា​គ្មាន​ការ​ខំ​ប្រឹងប្រែង ​ក្នុងការ​​​កាត់​បន្ថយ​ ការ​បញ្ចេញ​ចោល ​នូវ​ឧស្ម័ន​កាបូនិក​ទេ​នោះ។

គួរកត់​សំគាល់​ថា​ គិតពី​ខែ​តុលាមក​ ភ្លើង​បាន​ឆាប​ឆេះ​បំផ្លាញ​ព្រៃ​ ទំហំ​ប្រមាណ​ជាង​១១លាន​ហិកតា ​នៅអូស្ត្រាលី ​និង​បាន​សម្លាប់​មនុស្ស​អស់​២៨​នាក់។ រហូត​មក​ទល់​ពេល​នេះ ​អាជ្ញាធរ​ នៅ​មិន​ទាន់​អាច​ពន្លត់​ភ្លើង​ទាំង​នោះ​បានទេ។ តែយ៉ាងណា ​បើតាម​ការ​ព្យាករណ៍ ​នៅថ្ងៃ​អង្គារទី ​១៤​មករា​នេះ ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ពេល​ដ៏ឆាប់នេះ​ នៅ​អូស្ត្រាលី ​ដែល​ដំណឹង​នេះ ​បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្លះ ​ដល់​ក្រុម​ការងារ​ពន្លត់​ភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ