អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

ចិនសន្យាអនុវត្តគោលនយោបាយរូបិយវត្ថុដោយប្រយ័ត្នប្រយែង និងបើកទីផ្សារបន្ថែមដល់វិនិយោគបរទេសនៅឆ្នាំ ២០២០

នៅ​ក្នុង​ប្រទេស​ចិន សន្និសីទសេដ្ឋកិច្ច​ប្រចាំឆ្នាំ​រយៈពេល ៣ថ្ងៃ​បាន​បិទបញ្ចប់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ។ កិច្ចប្រជុំ​នេះ​ជា​ឳកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ឡើង​វិញ​លើ​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​បាន​អនុវត្ត​កន្លង​មក និង​ដាក់​គោលនយោបាយ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​ពេល​អនាគត។ សម្រាប់​ឆ្នាំ ២០២០ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ ៣សប្តាហ៍​ទៀត សន្និសីទ​បាន​សន្យា​បើក​ទីផ្សារ​បន្ថែម​សម្រាប់​វិនិយោគបរទេស និង​ប្រកាន់​យក​នយោបាយរូបិយវត្ថុ​មួយ​ដែល​មាន​ការ​ប្រយ័ត្នប្រយែង។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង
ប្រធានាធិបតីចិន លោកស៊ី ជីនពីង Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល ៣ថ្ងៃ​រៀបចំ​ដោយ​គណបក្សកុម្មុយនិស្ត និង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកាំង។ ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ កិច្ចប្រជុំ​មួយ​នេះ​ជា​ឳកាស​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ឡើង​វិញ​លើ​គោលនយោបាយ​សេដ្ឋកិច្ច​ឆ្នាំ​ចាស់ និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី។ ប្រធានាធិបតី​លោក​ស៊ី ជីនពីង​ជា​អ្នក​ដឹកនាំ​កិច្ចប្រជុំ​ផ្ទាល់ និង​បាន​ប្រាប់​ពី​កិច្ចការ​អាទិភាព​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ក្នុង​ឆ្នាំ​ថ្មី ២០២០។ ក្រុម​អ្នក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​បាន​គូសបញ្ជាក់​ថា​សម្រាប់​ឆ្នាំ ២០២០ កិច្ចប្រជុំ​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បន្ត​នយោបាយ​បើកចំហ​ទៅ​កាន់​បរទេស​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត។

នៅ​ក្នុង​ន័យ​នេះ កិច្ចប្រជុំ​បាន​សន្យា​ផ្តល់​វិស័យ​ផ្សេង​ទៀត​ឲ្យ​ក្រុម​អ្នក​វិនិយោគ​បរទេស​មាន​សិទ្ធិ​ដាក់​ទុន​រក​ស៊ី។ តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា តាំង​ពី​ដំណាច់​ខែ​កក្កដា​មក របបជំនួញ​ចំនួន ៤៨មុខ​ដែល​បាន​ហាម​ចំពោះ​អ្នកវិនិយោគ​បរទេស​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​តែ ៤០មុខ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​បង្កើន​នយោបាយ​បើក​ទូលាយ​ទីផ្សារ​ចំពោះ​ក្រុម​អ្នក​វិនិយោគ​បរទេស កិច្ចប្រជុំ​ក៏​បាន​ប្តេជ្ញា​បន្ត​អនុវត្ត​គោលនយោបាយ​សារពើពន្ធប្រកប​ដោយ​ភាពស្វាហាប់ និង​គោលនយោបាយ​រូបិយវត្ថុ​ប្រុងប្រយ័ត្ន​សម្រាប់​ឆ្នាំ ២០២០។ តែ​កិច្ចប្រជុំ​មិន​បាន​បញ្ជាក់​ពី​កម្មវត្ថុ​កំណើន​សេដ្ឋកិច្ច​ដែល​ត្រូវ​សម្រេច​នៅ​ឆ្នាំ ២០២០ ហើយ​ក៏​មិន​បាន​លើក​ឡើង​ពី​គោលនយោបាយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​ដែរ។

គួរ​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ រួម​ទាំង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​អាមេរិក​នៅ​ចិន​ធ្លាប់​បាន​អំពាវនាវ​ច្រើន​ដង​ឲ្យ​ចិន​បើក​ទីផ្សារ​បន្ថែម​ចំពោះ​ក្រុម​អ្នក​វិនិយោគ​បរទេស។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​សម្រេច​របស់​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន និង​អាមេរិក​កំពុង​បន្ត​ព្យាយាម​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​បឋម​មួយ​ដើម្បី​បិទបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ