អានតួអត្ថបទ
អាមេរិក-កូរ៉េខាងត្បូង-កូរ៉េខាងជើង

ឧបទ្វីបកូរ៉េ៖សហរដ្ឋអាមេរិកបដិសេធលើគ្រប់ឱសានវាទរបស់កូរ៉េខាងជើង

លោក Stephen Biegun ប្រេសិតអាមេរិក​ទទួល​បន្ទុក​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ស្ថិត​ក្នុង​ទីក្រុង​សេអ៊ូល ទឹកដី​កូរ៉េខាងត្បូង​តាំង​ពី​ថ្ងៃ​អាទិត្យ ទី១៥ ធ្នូ។ ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី១៦ ធ្នូ លោក Biegun បាន​ចាត់​ទុក​ការ​ទាមទារ​របស់​កូរ៉េខាងជើង​ថា​មាន​លក្ខណៈប្រឆាំង និង​មិន​ស្វាគមន៍។ នៅ​ក្នុង​ន័យ​នេះ លោក Biegun បាន​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​មិន​ត្រូវ​ការ​ឱសានវាទ​មួយ​ណា​ទេ និង​ថា អាមេរិក​មាន​កម្មវត្ថុ​មួយ​ច្បាស់លាស់។ គួរ​រម្លឹក​ថា ក្រុង​ព្យុងយ៉ាង​ទុក​ពេល​ឲ្យ​អាមេរិក​រហូត​ដល់​ថ្ងៃទី៣១ ធ្នូ​ដើម្បី​ទទួល​យក​តាម​សំណើ​របស់​ខ្លួន។ បើ​មិន​អ៊ីចឹង​ទេ ក្រុង​ព្យុងយ៉ាង​នឹង​អនុម័ត​យុទ្ធសាស្រ្ត​ថ្មី​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។

លោក Stephen Biegun (រូបឆ្វេង) ប្រេសិតអាមេរិកទទួលបន្ទុកចរចាសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង និង​លោក Cho Sei-young អនុរដ្ឋមន្រ្តីការបរទេស​កូរ៉េខាងត្បូង ថ្ងៃទី១៦ ធ្នូ ២០១៩
លោក Stephen Biegun (រូបឆ្វេង) ប្រេសិតអាមេរិកទទួលបន្ទុកចរចាសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង និង​លោក Cho Sei-young អនុរដ្ឋមន្រ្តីការបរទេស​កូរ៉េខាងត្បូង ថ្ងៃទី១៦ ធ្នូ ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

សំណើ​ដែល​កូរ៉េខាងជើង​បាន​ដាក់​ឲ្យ​អាមេរិក គឺ​សុំ​ឲ្យ​មាន​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​វិញ។ តែ​អាមេរិក​បន្ត​ទាមទារ​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​ជា​មុន​សិន។ លោក Stephen Biegun ប្រេសិតអាមេរិក​ទទួល​បន្ទុក​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ថ្លែង​នៅ​មុខ​ក្រុម​អ្នក​កាសែត​នា​ថ្ងៃ​ចន្ទ ទី១៦ ធ្នូ​ថា អាមេរិក​បាន​ឮ​តាម​ការ​ទាមទារ​ចង់​បាន​របស់​កូរ៉េខាងជើង តែ​លោក​មាន​ការ​សោកស្តាយ​ដែល​សេចក្តីថ្លែងការណ៍​របស់​ក្រុង​ព្យុងយ៉ាង​ប្រឆាំង​អាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​មាន​លក្ខណៈ​ប្រឆាំង អវិជ្ជមាន និង​មិន​ស្វាគមន៍។ នៅ​ក្នុង​ន័យ​នេះ លោក Biegun បាន​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​មិន​ត្រូវ​ការ​ឱសានវាទ​ណា​មួយ ហើយ​អាមេរិក​មាន​កម្មវត្ថុ​មួយ​ពិត​ប្រាកដ។

គួរ​រម្លឹក​ថា​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី៣១ ធ្នូ​ដើម្បី​ឲ្យ​អាមេរិក​សម្រាល ឬ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ខ្លួន។ បើ​ពុំ​នោះ​សោត​ទេ ក្រុង​ព្យុងយ៉ាង​នឹង​អនុម័ត​យុទ្ធសាស្រ្ត​ថ្មី​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ​មក​ទល់​ពេល​នេះ។ ដើម្បី​ដាក់​គំនាប​បន្ថែម ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​ផ្សេងៗ ពិសេស​គ្រាប់មីស៊ីល​បាលីស្ទិក​ពី​មជ្ឈមណ្ឌល​បាញ់​បញ្ជូន​ផ្កាយរណប​សូហេ នេះ​បើ​តាម​ព័ត៌មាន​របស់​ប្រទេស​ជប៉ុន។ យ៉ាង​ណា​ក៏​ដោយ លោក Biegun ដែល​បាន​ជួប​សន្ទនា​ជា​មួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​បាន​បញ្ជាក់​ថា អាមេរិក​ដឹង​យ៉ាង​ច្បាស់​ពីសមត្ថភាព​របស់​កូរ៉េខាងជើង​ក្នុង​ការ​បន្ត​បង្ក​រឿង​នៅ​ថ្ងៃ​ខាង​មុខ។

តែ​លោក Biegun បាន​ចាត់​ទុក​ទង្វើ​បង្ក​រឿង​របៀប​នេះ​ថា​គ្មាន​ប្រយោជន៍​សម្រាប់​ឈាន​ទៅ​ស្វែង​រក​សន្តិភាព​យូរអង្វែង​មួយ​នៅ​ឧបទ្វីប​កូរ៉េ។ ដោយ​ចង់​បញ្ជូន​សារ​ត្រង់​ទៅ​កាន់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន លោក Biegun បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា « វា​ល្មម​ដល់​ពេល​សម្រាប់​យើង​ដើម្បី​ធ្វើ​ការងារ​របស់​យើង។ យើង​គួរ​បញ្ចប់​ភាព​ប្រទាញប្រទង់​គ្នា។ យើង​នៅ​ទី​នេះ ហើយ​លោក​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​អាច​ជួប​យើង​បាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ