អានតួអត្ថបទ
ឥណ្ឌា

តុលាការកំពូល​បញ្ជា​ឱ្យ​ឥណ្ឌា​គោរព​សមភាព​ស្ត្រី-បុរស​នៅក្នុង​វិស័យ​យោធា

ជា​សេចក្តី​សម្រេច​ ជា​ប្រវត្តិសាស្ត្រ​ ! តុលាការ​កំពូលឥណ្ឌា​ទើប​ចេញបញ្ជា​ នៅ​ថ្ងៃចន្ទ​ទី ១៧ កុម្ភៈ​ ឱ្យ​ឥណ្ឌាគោរព​សមភាព​ស្ត្រីនិង​បុរស​ នៅក្នុង​វិស័យ​យោធា។ ថ្វី​បើ​ស្ត្រី​​​ឥណ្ឌាចាប់​មាន​សិទ្ធិ​ធ្វើ​ទាហាន ​កាន់​អាវុធ បើក​យន្តហោះ​ចម្បាំង​ និង​ទៅ​សមរភូមិ​មុខ​មែន ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ទាហាន​ស្រី​​មិន​អាច​មាន​តួនាទី​ខ្ពស់ និង​ធ្វើ​ការ​បាន​យូរ​ទេ។

ទាហាន​កុម្មង់ដូ​ស្ត្រី​​នៃ​កងនគរបាលរដ្ឋ​Assam ប្រទេសឥណ្ឌា
ទាហាន​កុម្មង់ដូ​ស្ត្រី​​នៃ​កងនគរបាលរដ្ឋ​Assam ប្រទេសឥណ្ឌា BIJU BORO / AFP
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​​រដ្ឋាភិបាល​បាន​អះអាង​ថា “ស្ត្រី​និង​បុរស​ មិន​អាច​មាន​សមត្ថភាព​រាងកាយ​ស្មើ​គ្នា​ ឬ​ថាពល​​ទាហាន​នៅមិន​ទាន់​អាច​ផ្លាស់​ប្តូរ​គំនិត ​ព្រមទទួល​​​ស្ត្រី​ជា​មេទ័ព​” ក៏​ដោយ​ ក៏​តុលាការ​កំពូល​ឥណ្ឌា​មិន​ខ្វល់ និង​បាន​ចេញ​ក្រឹត្យ​ ដែល​មាន​ខ្លឹម​សារ​ផ្ទុយ​ពី​គំនិត​របស់​រដ្ឋាភិបាល។ តុលាការ​បាន​សម្រេច​នៅ​ថ្ងៃ​ចន្ទ​ទី ១៧​កុម្ភៈ ថា ទាហាន​ឥណ្ឌាទាំង​ពីរភេទ ​ ​ត្រូវ​តែមាន​សិទ្ធិដូច​​គ្នា មិន​ថា​ភេទ​ស្រី ឬ​ភេទ​ប្រុស​ទេ។

រហូត​មក​ទល់​ពេល​នេះ ឥណ្ឌា​មាន​ស្ត្រី​តែ​ប្រមាណ ៤%​ ​​ធ្វើការ​ក្នុង​វិស័យ​យោធា។ ស្ត្រី​អាច​ចូល​បម្រើ​កងទ័ព អាច​ធ្វើ​ជា​ទាហាន​បាន​តែ​ក្នុង​រយៈ​ពេលកំណត់ ​១៤​ឆ្នាំ​យ៉ាង​ច្រើន​បំផុត។ ម្យ៉ាង​ទៀត ទាហាន​ភេទ​ស្រី ​អាច​ឡើងឋានន្តរសក្តិ មាន​តួនាទី​​ជា​មេបញ្ជាការ​ បាន​តែ​ក្នុង​ផ្នែក​នីតិប្បញ្ញត្ត និងផ្នែក​​បំពាក់បំប៉ន​​​យោធា​តែ​ប៉ុណ្ណោះ។ ​

ការ​តស៊ូ​ទាមទារ​សិទ្ធិ​ស្មើ​ និង​ដូច​​បុរស ក្នុង​ការងារ​ បាន​ចាប់​ផ្តើម​ ​តាំង​ពី​ឆ្នាំ​២០០៦​មក។ យោធា​ស្ត្រី​ឥណ្ឌា បានប្តឹង​តវ៉ា​ជា​បឋម​ ទៅ​តុលាការ​ជាន់​ខ្ពស់ ញូវដែលី បន្ទាប់​មក​ទៅ​តុលាការ​កំពូល​ ដែល​ស្ថាប័ន​តុលាការ​ខ្ពស់​ជាង​គេ​បំផុត​​របស់​ប្រទេស។

នៅ​ក្នុង​សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្ត្រ តុលាការ​កំពូល​បាន​ចាត់​ទុក​ ផ្នត់​គំនិត​មើល​ស្រាល​​ភេទ (​ស្ត្រី)​ មិនអាចយក​មក​ធ្វើ​ជា​កត្តា​​បែងចែង​រើសអើង​ក្នុង​ជួរ​កងទ័ព​បាន​ទេ។ ដូច្នេះ ដោយ​ជាក់ស្តែង ស្ត្រី​ត្រូវ​អាច​កាន់​តួនាទី មាន​ប្រាក់​បៀវត្សរ៍ ទទួល​ប្រយោជន៍​សង្គម និ​ង​ប្រាក់ចូល​និវត្តន៍ ដូច​ ទាហាន​បុរស។

“ដល់​វេលា​ដែល​ឥណ្ឌាត្រូវ​​ទទួល​ស្គាល់​ការពិត​ថា មន្ត្រី​ភេទ​ស្ត្រី​ក្នុង​វិស័យយោធា​ មិនមែន​ជា​ជំនួយ​ការ​ក្នុង​​ស្ថាប័ន​ដែល​គ្រប់គ្រង​ដោយ​បុរស។ ហើយវត្តមាន​របស់​ស្ត្រី​ក្នុង​ស្ថាប័ន ជា​ការ​​ ​អនុគ្រោះរបស់​បុរស​ទេ”។ នេះ​ជា​សេចក្តីប្រកាស​​របស់​តុលាការ ដោយ​​សង្ឃឹម​ថាសេចក្តី​សម្រេច​នេះ ​នឹងចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​​ផ្លាស់​ប្តូរផ្នត់​គំនិត​ ​នៅ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ