អានតួអត្ថបទ
ចិន-Covid-១៩

ចិនធានាថា ការប្រឹងប្រែងរបស់ខ្លួនក្នុងការប្រឆាំងមេរោគ Covid-១៩ ទទួលបានលទ្ធផលវិជ្ជមាន

នៅ​ក្នុង​ប្រទេស​ចិន មេរោគ Covid-១៩ កំពុង​បន្ត​សម្លាប់ និង​ចម្លង​មនុស្ស​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២០ កុម្ភៈ ចំនួន​អ្នក​ស្លាប់​សរុប​មាន ២ ១១៨នាក់ និង​អ្នក​ឈឺ​សរុប​មាន​ជាង ៧៤ ៥០០នាក់។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ចំនួន​អ្នក​ឆ្លង​ថ្មី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​មាន​តែ ៣៩៤នាក់​ប៉ុណ្ណោះ ពោល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​ថ្ងៃ​ពុធ ទី១៩ កុម្ភៈ​ដែល​មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ ១ ៦៩៣នាក់។ ព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​ដោយ​រដ្ឋអំណាច​សុខាភិបាល​ចិន តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឆ្លង​ថ្មី​ធ្លាក់​ចុះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​សុខភាពពិភពលោក​បាន​សាទរ​ចំពោះ​ការ​រីកចម្រើន​ដ៏​ធំធេង​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ Covid-១៩។ ចំណែក​ប្រមុខការទូត​ចិន​លោក​វ៉ាង យី​បាន​ថ្លែង​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ដោយ​ចាត់​ទុក​ការ​ថយ​ចុះ​នៃ​អ្នក​ចម្លង​ថ្មី​ថា ជា​សកម្មភាព​ស្វាហាប់​របស់​ចិន​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគកូរ៉ូណា​ថ្មី។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេសអាស៊ាន និង​ចិន​ក្នុង​ទិក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ថ្ងៃទី២០ កុម្ភៈ ២០២០
កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេសអាស៊ាន និង​ចិន​ក្នុង​ទិក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ថ្ងៃទី២០ កុម្ភៈ ២០២០ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​វ៉ាង យី​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​សមភាគី​អាស៊ាន​ទាំង ១០ប្រទេស​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ស្តីពី​មេរោគកូរ៉ូណា​ថ្មី​រៀបចំ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ តាម​ប្រមុខ​ការទូត​ចិន មេរោគ Covid-១៩ បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ព្យាបាល​បាន មុន​នឹង​បន្ថែម​ថា អ្វី​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ធ្វើ​ពេល​នេះ មិនមែន​ដើម្បី​ការពារ​តែ​ពលរដ្ឋ​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ការពារ​ពលរដ្ឋ​ក្នុង​លោក​ផង​ដែរ។ ការ​ដែល​អាស៊ាន​បាន​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ស្តីពី​មេរោគកូរ៉ូណាថ្មី​នេះ​ឡើង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ​ព្រោះ​តំបន់​កំពុង​រងផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សុខភាព​ដែល​កើត​ចេញ​ពី​វិបត្តិ​មេរោគផ្លូវដង្ហើម​ថ្មី​នៅ​ចិន​មួយ​នេះ។ គួរ​រម្លឹក​ថា អាស៊ាន​ធ្លាប់​បាន​រៀបចំ​កិច្ចប្រជុំ​ស្រដៀង​គ្នា​នេះ​កាល​ពី​ឆ្នាំ ២០០៣ ក្នុង​ពេល​ដែល​មាន​ផ្ទុះ​ជំងឺ​សារសន៍​នៅ​ក្នុង​ប្រទេស​ចិន៕

ករណី​ឆ្លង​មេរោគ Covid-១៩ បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​យ៉ាង​ហ្វីលីពីន សិង្ហបុរី ថៃ ឬ​មួយ​វៀតណាម ក្នុង​នោះ ហ្វីលីពីន សិង្ហបុរី និង​វៀតណាម​បាន​បិទជើង​ហោះហើរ​ពី​ចិនដីគោក និង​ផ្អាក​ការ​ចូល​ក្នុង​ប្រទេស​ខ្លួន​ដោយ​គ្មាន​ទិដ្ឋាការ​ជាមួយ​នឹង​ការ​ត្រួតពិនិត្យ​សុខភាព​នៅ​ច្រក​ចេញ ចូល។ ចំណែក​ថៃ​មិន​បាន​ចាត់​វិធានការ​របៀប​នេះ​ទេ តែ​ចំនួន​អ្នក​ទេសចរ​មក​ពី​ចិន​ដីគោក​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៩០% ក្នុង​ខែ​កុម្ភៈ។ ប្រមុខ​ការទូត​ហ្វីលីពីន​លោក Teodoro Locsin បាន​ថ្លែង​អរគុណ​ចិន​ចំពោះ​វិធានការ​ផ្ទៃក្នុង​មិន​ធ្លាប់​មាន និង​យ៉ាង​ឆាប់រហ័ស។ តែ​ទន្ទឹម​គ្នា​នេះ លោក Teodoro ក៏​បាន​កត់សម្គាល់​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ធំធេង​សម្រាប់​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​ដែរ។

តើ​ការ​វិវឌ្ឍ​របស់​មេរោគ Covid-១៩ កំពុង​ចុះ​ខ្សោយ​ឥទ្ធិពល និង​ឈាន​ទៅ​រក​ទីបញ្ចប់ ឬ​យ៉ាង​ណា?។ លោក​វ៉ាង យី​គ្រាន់​តែ​បាន​ឆ្លើយ​ថា បន្ទាប់​ពី​ចិន​បាន​ប្រឹងប្រែង​យ៉ាង​លំបាកលំបិន​មក ចិន​គ្រប់គ្រង​ស្ថានការណ៍​បាន ហើយ​ស្ថានការណ៍​បាន និង​កំពុង​ផ្លាស់ប្តូរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ