អានតួអត្ថបទ
អូស្ត្រាលី កូវីដ១៩ ចិន

អូស្ត្រាលី​ទាមទារ​ឲ្យមាន​​ការស៊ើបអង្កេត​ឯករាជ្យ​ ស្តីពី​ប្រភព​កូវីដ១៩ ព្រមទាំង​ចំណាត់ការ​របស់​​ចិន ​និង​OMS

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃទី១៩មេសាថា រដ្ឋាភិបាលអូស្ត្រាលី នឹង​ទាមទារ ឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យមួយ ស្តីពីប្រភពផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅក្រុងវូហាន ព្រមទាំងអំពីតម្លាភាពរបស់អាជ្ញាធរចិន និងអង្គការសុខភាពពិភពលោក។ ការប្រកាសនេះ គឺធ្វើឡើងស្របពេល​ជាមួយសម្តីគម្រាមរបស់លោកដូណាល់ ត្រាំ ដែលលើកឡើងថា អាមេរិកនឹងមិនអត់ឱនទោស ឲ្យចិនជា​ដាច់ខាត បើសិនជាគេរកឃើញថា ចិនមានចេតនាអាក្រក់ណាមួយ នៅពីក្រោយការផ្ទុះការឆ្លងរាលដាលនូវមេរោគកូវីដ១៩។

ទិដ្ឋភាពទីក្រុងស៊ីដនី ស្ងាត់ជ្រងំ ដោយសារតែបម្រាហាមចេញដើរខាងក្រៅ ដើម្បីបង្ការការឆ្លងរាលដាល មេរោគកូវីដ១៩។ ថ្ងៃទី៦ មេសា ២០២០
ទិដ្ឋភាពទីក្រុងស៊ីដនី ស្ងាត់ជ្រងំ ដោយសារតែបម្រាហាមចេញដើរខាងក្រៅ ដើម្បីបង្ការការឆ្លងរាលដាល មេរោគកូវីដ១៩។ ថ្ងៃទី៦ មេសា ២០២០ REUTERS - Loren Elliott
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅតាមបណ្តាញព័ត៌មាន ABC លោកស្រី Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលី ​បាន​លើកឡើងថា អូស្ត្រាលីមាន​ការបារម្ភ និងការយល់ឃើញ មិនខុសពីសហរដ្ឋអាមេរិកនោះទេ។ ពោលគឺអូស្ត្រាលី ត្រូវការចង់ដឹង​ការពិតឲ្យបានច្បាស់ ទាក់ទិននឹងប្រភពនៃមេរោគកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវូហានប្រទេសចិន ហើយ​ឆ្លងទៅកាន់បណ្តាប្រទេសសឹងតែទាំងអស់​ ទូទាំងពិភពលោក។

លោកស្រីបន្តថា អូស្ត្រាលីត្រូវការស្វែងរកការពិតឲ្យបាន ទាក់ទិននឹងចំណាត់ការរបស់អាជ្ញាធរចិន និងព័ត៌មានទាំងឡាយណា ដែលចិនបានប្រកាស​​ ថាតើវាមានតម្លាភាពកម្រិតណា ព្រមទាំងចំណាត់​ការរបស់អង្គការសុខភាពពិភពលោក ចំពោះការ​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នូវមេរោគកូវីដ១៩នេះ។ លោកស្រីអះអាងថា ដើម្បីឆ្លើយទៅនឹងចំណោទទាំងអស់នេះបាន គឺត្រូវតែបង្កើតក្រុមការងារឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកការពិត។

ដូចគ្នាដែរ លោក Greg Hunt រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្រ្តាលី ក៏បានគាំទ្រចំពោះការទាមទារ ឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យនេះដែរ។ លោកបានបញ្ជាក់ថា អូស្ត្រាលី ជាប្រទេស​មួយ ដែលបាន​ទប់ស្កាត់ការឆ្លងរាលនូវមេរោគកូវីដ១៩ បានប្រសើរជាងគេ ហើយបាន​បញ្ចៀស​មិនឲ្យមានអ្នកស្លាប់ច្រើន ក៏ដោយសារតែមួយផ្នែក គឺអូស្រ្តាលីបានសម្រេចធ្វើផ្ទុយពី​អនុសាសន៍របស់អង្គការសុខភាពពិភពលោក ដោយបាន​បិទការធ្វើដំណើរ មកពីប្រទេសចិនតាំងតែ​ពីថ្ងៃទី ១ខែកុម្ភៈ។

គួរបញ្ជាក់ថា ការប្រកាសរបស់អូស្រ្តាលី ទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនេះ គឺធ្វើឡើងស្របពេលដែលលោកដូណាល់ ត្រាំ បានដំឡើងសម្លេង ផ្តោតការសង្ស័យទៅលើរដ្ឋាភិបាលចិនកាន់តែខ្លាំង។ បន្ទាប់ពីបានចោទថាអង្គការសុខភាពពិភពលោក ស្ថិតក្រោមចំណុះរបស់ចិន លោកដូណាល់ ត្រាំ បានលើកឡើងថា លោកមិនទុកចិត្តចំពោះតួលេខអ្នកឆ្លង និងអ្នកស្លាប់នៅចិន ដែលអាជ្ញាធរចិនផ្សព្វផ្សាយនោះទេ។ នៅថ្ងៃសោរ៍ទី១៨មេសា លោកដូណាល់ ត្រាំ បាននិយាយគម្រាមថា បើសិនជាគេរកឃើញថា ចិនមានចេតនាអាក្រក់ណាមួយ នៅពីក្រោយការធ្វើឲ្យផ្ទុះការឆ្លងរាលដាលនូវមេរោគកូវីដ១៩នេះ នោះសហរដ្ឋអាមេរិក នឹងមិនអត់ឱនឲ្យចិនជាដាច់ខាត។

ដោយឡែក លោក Yuan Zhiming អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ​មេរោគក្រុងវូហាន បានចេញមុខ នៅតាមបណ្តាញទូរទស្សន៍CGTN នៅថ្ងៃអាទិត្យទី១៩មេសានេះ ដោយលោក​បានបដិសេធ ច្រានចោលរាល់ការចោទប្រកាន់ ដែលថាមេរោគកូវីដ១៩ បានបែកធ្លាយចេញពី​មន្ទីរពិសោធន៍របស់លោក។ លោកអះអាងថា សក្ខីកម្មជាក់ស្តែង គឺក្នុងចំណោម​បុគ្គលិកធ្វើការនៅ​មន្ទីរពិសោធន៍​នេះ គ្មាននរណាម្នាក់ឆ្លងមេរោគកូវីដ១៩ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ