អានតួអត្ថបទ

កូវីដ១៩៖ អ្នកប្រកបរបរ​ជាង ១ពាន់​លាន​នាក់​ប្រឈម​នឹង​ការបាត់បង់ចំណូល សម្រាប់​ចិញ្ចឹមជីវិត

នៅក្នុង​ការសិក្សា​ថ្មី​មួយ​ខ្លួន​ចេញផ្សាយ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ព្រមាន​ថា វិធានការ​បិទទីក្រុង ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ នឹង​ធ្វើ​ឲ្យ​អ្នកប្រកបការងារ នៅក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ប្រមាណ ១ពាន់ ៦លាន​នាក់ ដែល​ស្មើ​នឹង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកធ្វើការ​ក្នុង​ពិភពលោក ប្រឈម​នឹង​ការបាត់បង់​មធ្យោបាយ ដើម្បី ចិញ្ចឹមជីវិត។ តាមការសិក្សា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ វិបត្តិ​កូវីដ​១៩ បាន​កាត់បន្ថយ​សកម្មភាព​សេដ្ឋកិច្ច និង​ម៉ោងធ្វើការ ក្នុងចំនួន​ដ៏ច្រើន មិនធ្លាប់មាន ពីមុនមក។ 

ពលករ​ឥណ្ឌា​តម្រង់ជួរ​ដើម្បី​ឡើង​រថភ្លើង​ទៅភូមិកំណើត នៅក្រោយ​រដ្ឋាភិបាល​សម្រេច​បិទទីក្រុង បិទក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ ១៩
ពលករ​ឥណ្ឌា​តម្រង់ជួរ​ដើម្បី​ឡើង​រថភ្លើង​ទៅភូមិកំណើត នៅក្រោយ​រដ្ឋាភិបាល​សម្រេច​បិទទីក្រុង បិទក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ REUTERS - ADNAN ABIDI
ផ្សាយពាណិជ្ជកម្ម

មានជីវភាព​លំបាក​រួចទៅហើយ អ្នកប្រកប​មុខរបរ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​មក​ប្រឈម​នឹង​ការបាត់បង់​មធ្យោបាយ​ទាំងស្រុង ដើម្បី ចិញ្ចឹមជីវិត។ តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ វិធានការ​បិទទីក្រុង បិទក្រុមហ៊ុន និង​ដាក់ក្រុង​មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺ​កូវីដ ១៩ បាន​កាត់បន្ថយ​ម៉ោងធ្វើការ​ក្នុង​ពិភពលោក ប្រមាណ ៤,៥%​ស្មើ​នឹង​ការងារ​ពេញម៉ោង ចំនួន ១៣០​លាន​ការងារ នៅក្នុង​ត្រីមាស​ទី១។ គេ​វាយតម្លៃថា ម៉ោងធ្វើការ​នឹង​ថយ ចុះ ដល់ ១០% នៅ​ត្រីមាស​ទី២ នៅពេល​វិធានការ បិទទីក្រុង ត្រូវ​អូសបន្លាយ​ពេល ឬ​ត្រូវ ពង្រីកបន្ថែម ទៅលើ​តំបន់​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការចម្លងមេរោគកូវីដ​១៩។

អាមេរិក និង​អឺរ៉ុប​បូកជាមួយ​អាស៊ី ជា​តំបន់​ដែល​អាច​ប្រឈម​នឹង​បាត់បង់​ម៉ោងធ្វើការ ច្រើនជាងគេ នៅ​ត្រីមាស ទី២ ដោយសារ​តែ​តំបន់​ខាងលើ ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​ កូវីដ ១៩ នៅ​បន្តអនុវត្ត​វិធានការ​បិទទីក្រុង បិទភោជនីយដ្ឋាន ដើម្បី​ទប់ស្កាត់​ការចម្លងមេរោគកូរ៉ូណា។

អ្នកដែល​រងប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​វិធានការបិទខ្ទប់​ទីក្រុង គឺ​អ្នកដែល​ប្រកបរបរ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដូចជា​អ្នកលក់ដូរ​តាមផ្លូវ អ្នកបម្រើការ​នៅតាម ភោជនីយដ្ឋាន សណ្ឋាគារ ដែល​គ្មាន​ការគាំពារ​ពី​រដ្ឋាភិបាល។ ចំណែក​ក្រុមហ៊ុន​តូចតាច ដែល​មាន​រចនាសម្ព័ន្ធ​បុគ្គលិក តិចជាង ១០នាក់ គ្មាន​ប្រាក់​សន្សំ ឬ​ទទួល​ឥណទាន​ពី​ធនាគារ។ សម្រាប់​ពួកគេទាំងនោះ គ្មាន​ការងារ គ្មាន​មុខរបរ មានន័យថា គ្មាន​ប្រាក់ចំណូល គ្មាន​ប្រាក់ឈ្នួល គ្មាន​អាហារ គ្មាន​សុវត្ថិភាព និង​គ្មាន​អនាគត។

សម្រាប់​អង្គការ​ពលកម្ម​អន្តរជាតិ នៅក្នុង​កាលៈទេសៈ​ដែល​កំពុង​កើតមាន​ជំងឺ​រាតត្បាត កូវីដ ១៩ និង​វិបត្តិ​សេដ្ឋកិច្ច អ្នកប្រកបរបរ នៅក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​ក្រុមហ៊ុន​តូចតាច ត្រូវការ​ជំនួយបន្ទាន់ ជាងពេលណាទាំងអស់ ព្រោះថា “បើសិន យើងមិន​ជួយ​ពួកគេទេ ពួកគេ​នឹង​វិនាស បាត់មុខ មិនខាន”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ