អានតួអត្ថបទ
កូវីដ១៩-កូរ៉េខាង​ត្បូង

កូរ៉េខាងត្បូងចេញវិធានការថ្មី ខ្លាចមានការរាតត្បាតទ្រង់ទ្រាយធំផ្ទុះឡើងវិញ

អាជ្ញាធរ​ក្រុង​សេអ៊ូល បាន​ចេញ​បទ​បញ្ជា​ឱ្យ​បិទ​បាររង្គសាលទាំង​អស់​នៅ​ក្នុង​រដ្ឋធានី និង​ខេត្ត​ជាប់​រដ្ឋធានី បន្ទាប់​ពី​សង្កេត​ឃើញ​មាន​ផ្ទុះ​ករណីឆ្លង​ថ្មី​ ក្នុង​សង្កាត់​ដ៏​ល្បី​មួយ​របស់​ក្រុង​។ កូរ៉េខាង​ត្បូង​ដែ​លល្បី​ខាងមាន​ចំណាត់​ល្អ​ក្នុង​ការទប់​ស្កាត់​ជំងឺកូវីដ១៩ កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ឆ្លងរីករាល​ដាលក្នុង​ទ្រង់ទ្រាយធំ​​ផ្ទុះ​ឡើង​វិញ។ ជាងនេះ​ទៅ​ទៀត នៅ​ថ្ងៃអាទិត្យ​ទី ៩ ឧសភា​ម្សិលមិញ កូរ៉េខាង​ត្បូង រកឃើញ​ករណី​ឆ្លង​ថ្មីបន្ថែម​ ដល់​ទៅ ៣៤​នាក់។ ជា​ចំនួនឆ្លង​​ដ៏ច្រើន​បំផុត​ គិតចាប់​តាំង​ពី​ថ្ងៃទី៩មេសាមក។

សង្កាត់​ Itaewon នៃ​ក្រុង​សេអូល
សង្កាត់​ Itaewon នៃ​ក្រុង​សេអូល Photographer: Woohae Cho/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង ចាប់ផ្តើម​វិល​មក​ប្រកាន់​ជីវភាព​រស់​នៅ​ស្ទើរ​ដូច​ធម្មតា និងទើប​សម្រេច​បន្ធូរ​បន្ថយ​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​ កាលពី​ថ្ងៃពុធសោះ ស្រាប់​តែ​ចំនួន​អ្នក​ឆ្លង​កូវីដ​ថ្មី ចាប់​កម្រើក​ឡើង​វិញ និងក្នុង​បរិមាណ​ដ៏ច្រើន ដល់​ទៅ​៣៤​នាក់ ក្នុង​រយៈ​ពេល​តែ​២៤ម៉ោង។ តាំង​ពី​ថ្ងៃទី​៩មេសា​មក ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ជា​មធ្យម​១០​នាក់​ប៉ុណ្ណោះ។

នៅ​ក្នុង​ចំណោម​អ្នកវិជ្ជមាន​ថ្មី​ទាំង​៣៤នាក់ ៨​នាក់​ជា​ករណី​ឆ្លង​នាំចូលមកពីបរទេស និង​២៤នាក់ មក​ពី​ប្រភព​តែ​មួយ គឺ​ ​សង្កាត់ Itaewon ​ដែល​មាន​បាររង្គសាល​​ច្រើន ជាទីពេញ​និយម​របស់​យុវជន​និ​ងបរទេស។ អាជ្ញាធរ​សុខាភិបាល​សង្ស័យ​ថាចំនួន​អ្នក​ឆ្លង​ថ្មីអាច​នឹង​កើន​ឡើង​ខ្លាំង ព្រោះអាជ្ញាធរ​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​​ថ្មី​ជាង​៥០​នាក់ហើយ ឆ្លង​មក​ពី​បុរសតែ​ម្នាក់អាយុ២៩​ឆ្នាំ ដែល​មាន​ផ្ទុក​​​មេរោគ​កូរ៉ូណា និង​ដែល​​បាន​ដើរលេង​ចូល​បាររង្គសាល​ចំនួន​៥ នៅ​ក្នុង​សង្កាត់​អ៊ីតៃវ៉ុន​ កាលពី​ចុង​សប្តាហ៍មុន។ បើ​តាម​ការ​ប៉ាន់ស្មាន រង្គសាល​ទាំង​៥នោះ មាន​ភ្ញៀវ​ចូល​កំសាន្ត​ប្រមាណ​ដល់​ទៅ ៧២០០​នាក់។

ប្រឈមនឹង​ស្ថានភាព​បែប​នេះ ចៅហ្វាយក្រុង​សេអ៊ូល បាន​អំពាវនាវ​ឱ្យ​ជនគ្រប់រូប​ដែលបាន​ចូល​រង្គសាលទាំង​នោះ​មកបង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​តេស្ត​ និងបានប្រកាស​បិទ​ទ្វារ​រង្គសាលទាំង​អស់​ក្នុង​ក្រុង​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​មាន​សេចក្តី​សម្រេច​ថ្មី។ ដោយមិនធ្វេសប្រហែស ខេត្ត​ Gyeonggi ដែល​នៅ​ជាប់​សេអ៊ូលនិង​ប្រជាជន​រស់​នៅ​សរុប​ជាង​១២​លាន​នាក់ ក៏​បាន​ចេញក្រិត្យ​ភ្លាម​​បិទ​ស្ថាប័ន​ជាង​៧៥០០​កន្លែង​របស់​ខ្លួន រយៈ​ពេល​ពីរ​សប្តាហ៍​​ ចាប់​ពី​ថ្ងៃអាទិត្យ​នេះ​ទៅ។

ករណី​ឆ្លង​ថ្មី​ក្នុង​សង្កាត់​អ៊ីតៃវ៉ុន ជា​ការដាស់​ស្មារតី​ពលរដ្ឋគ្រប់​រូប​ឱ្យ​យល់​ថាកូវីដ​១៩​អាច​កើត​ឡើង​បាន​ គ្រប់ពេលវេលា និង​គ្រប់​កន្លែង មិនថាប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ប្រសើរ​ឡើងហើយ​ទេ។ នេះ​ជាប្រសាសន៍​ របស់​លោកប្រធានាធិបតី ម៉ូនចែអ៊ីន  ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច ដរាប​ណា​ជំងឺ​រាតត្បាត​មិនទាន់​ត្រូវ​បានកម្ចាត់​ទាំង​ស្រុង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ