អានតួអត្ថបទ
សេដ្ឋកិច្ចអូស្ត្រាលី-កូវីដ១៩

សេដ្ឋកិច្ច​អូស្រ្តាលី​ កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣​ទសវត្សរ៍​កន្លង​មក​

ប្រទេស​អូស្រ្តាលី​ កំពុង​ដើរ​ឆ្ពោះទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​ពី​មុន​មកនោះទេ​ក្នុង​រយៈពេល​ ៣ ទសវត្សរ៍​កន្លងមក​នេះ​។ កំណើន​សេដ្ឋកិច្ច​អូស្ត្រាលី​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​រវាង​ខែ​មករា​-មីនា​ ឆ្នាំ​២០២០​ ហើយ​បើ​តាម​ការ​ព្យារករណ៍​ សេដ្ឋកិច្ច​អូស្ត្រាលី​នឹង​រង​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​ក្នុង​រយៈពេល ​៣ខែ​ខាងមុខ​ ដោយសារ​តែ​រង​ឥទ្ធិពល​ពី​ជំងឺ​កូវីដ​១៩​។

មនុស្សម្នាចាប់ផ្តើមចេញដើរច្រើនឡើងវិញ ក្រោយមានការបន្ធូរបន្ថយនូវវិធានការបិទខ្ទប់បិទទីក្រុង នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២០។
មនុស្សម្នាចាប់ផ្តើមចេញដើរច្រើនឡើងវិញ ក្រោយមានការបន្ធូរបន្ថយនូវវិធានការបិទខ្ទប់បិទទីក្រុង នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២០។ REUTERS - Loren Elliott
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​អូស្ត្រាលី​នៅ​ឆ្នាំ​ ២០២០​ នេះ​ បាន​ធ្លាក់​ចុះ​ ០,៣ %​ ដែល​ជា​ការ​​ធ្លាក់​ចុះ​ប្រចាំ​ត្រីមាស​ដំបូង​មិន​ធ្លាប់​មាន​ពីមុន​មកនោះទេ ​ចាប់តាំង​ពី​ឆ្នាំ​ ២០០៩​ ក្នុង​កំឡុងពេល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​។ សេដ្ឋកិច្ច​អូស្ត្រាលី​ មាន​សញ្ញា​ដើរ​ថយក្រោយ​បែបនេះ​ ដោយសារ​តែ​វិធានការ​រាំងខ្ទប់​ប្រជាជន​ឲ្យនៅ​តែក្នុងផ្ទះ​ក្នុង​រដូវកាល​កូវីដ​ រួមផ្សំ​ជាមួយនឹង​ការ​រង​ផល​ប៉ះពាល់​បង្កឡើង​ដោយ​គ្រោះរាំងស្ងួត​ និង​គ្រោះភ្លើងឆេះព្រៃ​។

បើតាម​ក្រុមអ្នក​ជំនាញ​ សេដ្ឋកិច្ច​អូស្ត្រាលី​នឹង​មិន​ឈប់ធ្លាក់ចុះ​ត្រឹមនេះ​នោះទេ។​ ក៏ប៉ុន្តែ​ វា​នឹង​បន្ត​ធ្លាក់ចុះ​កាន់តែខ្លាំង​ជាងនេះទៀត​ក្នុង​ត្រីមាសទី ២​ នៃ​ឆ្នាំ ២០២០ ដោយសារ​តែ​វិបត្តិ​កូវីដ​១៩​។

វិបត្តិ​កូវីដ​១៩​ នេះ​ហើយ​ ដែល​នៅម្ខាង​បង្ខំឲ្យ​អាជីវកម្ម​ជាច្រើន​នៅ​អូស្ត្រាលី​ត្រូវ​បិទទ្វារ​ និង​នៅម្ខាង​ទៀត​បង្ខំឲ្យ​អាជ្ញាធរ​អូស្ត្រាលី​បិទព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​កុំឲ្យ​វីរុស​នេះ​បន្ត​ឆ្លង​រីករាលដាល​ទៀត​។

អូស្ត្រាលី​ នៅទីបំផុតទៅ​ ទទួល​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​មេរោគកូវីដ​។ ក៏ប៉ុន្តែ​ វិធានការ​របស់​អូស្ត្រាលី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជំងឺ​កូវីដ​១៩​ ខាងលើនេះ​ បានធ្វើ​ឲ្យ​អូស្ត្រាលី​ខាតបង់​ថវិកា​រាប់​ពាន់លានដុល្លារ​ និងត្រូវ​ធ្លាក់ខ្លួន​ផុង​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ ប្រជាជ​ន​អូស្រ្តាលី​ចំនួន​រាប់លាននាក់​បាន​បាត់បង់ការងារ​ធ្វើ​ ឬ​ធ្លាក់​ចុះប្រាក់​ចំណូលរបស់ពួកគេ​។

អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារជាតិ​អូស្ត្រាលី​លោកស្រី Kaixin Owyong បាន​និយាយ​ថា​សេដ្ឋកិច្ច​អូស្ត្រាលី អាច​នឹង​ធ្លាក់​ចុះ​ចំនួន​ ៨,៤ %​ ក្នុង​រយៈពេល​ ៣ ខែ​បន្ទាប់​ ពោល​នៅក្នុង​ខែ​មិថុនា​។ ប៉ុន្តែ​ លោកស្រីក៏បានលើកឡើង​ដែរថា​ ការ​ដក​ចេញនូវ​វិធានការ​រាំងខ្ទប់​ប្រជាជន​ឲ្យនៅតែ​ក្នុង​ផ្ទះ​ ​នឹង​ជួយឲ្យ​សេដ្ឋកិច្ច​អូស្ត្រាលី​ចាប់​ងើបក្បាល​មកវិញ​នៅត្រីមាស​ទី ៣​ នៃ​ឆ្នាំ ​២០២០​នេះ​។

គួរ​រំឭកជូនថា​ រហូតមកទល់​នឹងពេលនេះ​ ករណីឆ្លង​ជំងឺកូវីដ១៩ នៅក្នុង​ប្រទេស​អូស្ត្រាលី​ចំនួន​ប្រមាណ​ ៧ ពាន់ ២ រយករណី​ និង​មាន​ស្លាប់​ ១០២ នាក់​។ បច្ចុប្បន្ន​នេះ​ តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​តែ​រាយការណ៍​នូវ​ករណីឆ្លងកូវីដ​ថ្មី​ជារៀងរាល់​ថ្ងៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ