អានតួអត្ថបទ
អាស៊ី-​សិទ្ធិសេរីភាព

អ.ស.ប​ រិះគន់​ចិន​និង​ប្រទេស​នៅ​អាស៊ី​ថា​ឆ្លៀត​យក​វិបត្តិ​កូវីដ​បង្កើន​ការ​បំបិទ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ

ប្រមុខ​សិទ្ធិ​មនុស្ស​អ.ស.ប​ លោកស្រី​ មីស្ហែល​ បាស្ហឺឡេ​ (Michelle Bachelet) នៅ​ថ្ងៃ​ពុធ​ ទី​៣​ មថុនា​ បាន​រិះគន់​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​អាស៊ី​ដទៃ​ទៀត​ដែល​ក្នុងនោះ​ក៏​មាន​ផង​ដែរ​ប្រទេស​កម្ពុជា​ ពីការ​យក​វិបត្តិ​កូវីដ​ជាលេស​បង្កើន​ការ​ត្រួតត្រា​និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​។ លោកស្រី បាស្ហឺឡេ​ បាន​មាន​ប្រសាសន៍​ថា​ វិបត្តិ​កូវីដ​មិន​គួរ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​ឧបករណ៍​ ដើម្បី​រឹត​ត្បិត​សំឡេង​ប្រឆាំង​ ការ​ចែកចាយ​ព័ត៌មាន​ និង​ការ​ជជែក​វែក​ញែក​ដោយ​សេរី​នោះ​ទេ​។

ប្រមុខសិទ្ធិមនុស្សអ.ស.ប លោកស្រី មីស្ហែល បាស្ហឺឡេ (Michelle Bachelet)។
ប្រមុខសិទ្ធិមនុស្សអ.ស.ប លោកស្រី មីស្ហែល បាស្ហឺឡេ (Michelle Bachelet)។ AP - Marco Ugarte
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ឧត្តម​ស្នងការ​អ.ស.ប​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោកស្រី​ មីស្ហែល​ បាស្ហឺឡេ​ បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៅក្នុង​ប្រទេស​អាស៊ី​ជាច្រើន​។ ​

“មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ចិន​ និងប្រទេសអាស៊ីដទៃទៀតមាន​ជាអាទិ៍​ប្រទេសឥណ្ឌា​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ភូមា​​ កម្ពុជា​ ថៃ​ និង​វៀតណាម ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​តាមរយៈ​បណ្តាញ​សារ​ព័ត៌មាននានា​ និង​បណ្តាញ​សង្គម​ ឬក៏​សូម្បី​តែ​ពួកគេ​​ចែក​រំលែក​នូវ​ព័ត៌មាន​ឬ​ទស្សនៈ​ផ្ទាល់ខ្លួន​អំពី​ជំងឺ​កូវីដ​១៩​”។ ​នេះ​បើតាម​សារ​ដែល​មាន​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ឧត្តម​ស្នងការ​អ.ស.ប​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​។

ប្រមុខ​សិទ្ធិ​មនុស្ស​អ.ស.ប​ បាន​និយាយ​ដោយ​ទទួល​ស្គាល់​អំពី​តម្រូវការ​ក្នុងការ​រឹតត្បិត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បង្ក​ជា​គ្រោះថ្នាក់​ ដើម្បី​ការពារ​សុខភាព​សាធារណៈ​ឬ​ការ​ញុះញង់​ឲ្យមាន​ការស្អប់ខ្ពើម​ចំពោះ​ក្រុម​ជនជាតិ​ភាគតិច​។ ក៏ប៉ុន្តែ​ទន្ទឹមគ្នា​នេះ​ លោកស្រី​ក៏​បាន​ទទូច​ផងដែរ​ថា​គេ​មិន​គួរ​យក​វិបត្តិ​កូវីដនេះ​ ជា​លេស​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ឡើយ​។

លោកស្រី​ មីស្ហែល​ បាស្ហឺឡេ​ បាន​មាន​ប្រសាសន៍​ថា​ ខណៈពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុងការ​គ្រប់គ្រង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ គេ​ក៏​ត្រូវ​ធ្វើ​វា​ឲ្យ​មាន​សមាមាត្រ​ និង​ត្រូវ​ការពារ​ផងដែរ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។

ករណី​នៅចិន​ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​ បាន​ទទួល​ព័ត៌មាន​ថា​ មាន​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ សិស្ស​និស្សិត​ និង​ប្រជាជន​សាមញ្ញ​ជាច្រើន​នាក់​ ទំនង​ជា​ត្រូវ​បាន​គេចាប់​ឃុំខ្លួន​។ ក្នុង​ករណី​ខ្លះ​ មនុស្ស​មួយ​ចំនួន​ ត្រូវ​គេឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ ពីការ​ផ្សព្វផ្សាយ​គំនិត​ឬ​ព័ត៌មាន​មិនពិត​ផ្សេងទៀត​ពាក់ព័ន្ធ​ជំងឺ​កូវីដ​ ឬក៏​ការ​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន​ក្នុងការ​ឆ្លើយតប​ចំពោះ​វិបត្តិ​កូវីដ​។

នៅ​ឥណ្ឌា​ អ្នក​កាសែត​មួយ​ចំនួន​និង​វេជ្ជបណ្ឌិត​យ៉ាងហោច​ណាស់​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រិះគន់​ជា​សាធារណៈ​ ចំពោះ​ការ​ឆ្លើយតប​របស់​អាជ្ញាធរ​ឥណ្ឌា​ទៅនឹង​វិបត្តិ​កូវីដ​ ។

ងារ​មក​កម្ពុជា​វិញ​ ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប​ បាន​លើកឡើង​ថា​ មាន​មនុស្ស​ចំនួន​ ៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុងនោះ​មាន​ក្មេងស្រី​អាយុ​ ១៤ ឆ្នាំ​ក្នុងការ​ដែល​ពួកគេ​ បញ្ចេញ​យោបល់​ជា​សាធារណៈ​ និង​តាម​បណ្តាញ​សង្គម​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩​។

ចំណែក​នៅ​វៀតណាម​ឯណោះ​វិញ​ អាជ្ញាធរ​បាន​រាយការណ៍​ថា​ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាង ​៦០០​ នាក់​ ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​អំពី​មេរោគ​កូវីដ​១៩នេះ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ