អានតួអត្ថបទ
កូរ៉េខាងជើង កូរ៉េខាងត្បូង

កូរ៉េខាងជើង ប្រកាស​ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់ ជាមួយ​សត្រូវ​ខាងត្បូង

បណ្តាញព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានប្រកាសផ្សាយនៅថ្ងៃទី៩មិថុនាថា កូរ៉េខាងជើង​ បានសម្រេច កាត់ផ្តាច់នូវបណ្តាញទំនាក់ទំនងទាំងអស់ ជាមួយនឹងកូរ៉េខាងត្បូងដែលជាសត្រូវ មិនថាបណ្តាញទំនាក់ទំនងផ្នែកនយោបាយ ឬផ្នែកយោធា។ កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងជើង បានធ្វើការស្តីបន្ទោសជាច្រើនមកលើកូរ៉េខាងត្បូង ថាបានបណ្តោយឲ្យ​កងទ័ព បញ្ជូននូវខិតបណ្ណ ដែលមានខ្លឹមសារប្រឆាំងកូរ៉េខាងជើង ចូលទៅក្នុងទឹកដីកូរ៉េខាងជើង។

រូបភាពឯកសារ មន្ត្រីឆ្មាំព្រំដែនកូរ៉េខាងត្បូង ទូរស័ព្ទទាក់ទងទៅខាងកូរ៉េខាងជើង នៅតំបន់គ្មានអាវុធ Paju ស្ថិតលើបន្ទាត់ចែកព្រំដែនគ្នា រវាងកូរ៉េទាំង២។ ថ្ងៃទី  ១០ សីហា ២០០៥។
រូបភាពឯកសារ មន្ត្រីឆ្មាំព្រំដែនកូរ៉េខាងត្បូង ទូរស័ព្ទទាក់ទងទៅខាងកូរ៉េខាងជើង នៅតំបន់គ្មានអាវុធ Paju ស្ថិតលើបន្ទាត់ចែកព្រំដែនគ្នា រវាងកូរ៉េទាំង២។ ថ្ងៃទី ១០ សីហា ២០០៥។ REUTERS - You Sung-ho
ផ្សាយពាណិជ្ជកម្ម

បណ្តាញព័ត៌មាន​ផ្លូវការរបស់កូរ៉េខាងជើង KCNA បានប្រកាសនៅថ្ងៃទី​៩មិថុនានេះ ថាកូរ៉េខាងជើង បានសម្រេចកាត់ផ្តាច់នូវបណ្តាញទំនាក់ទំនងទាំងអស់​ ជាមួយសត្រូវកូរ៉េខាងត្បូង មិនថាបណ្តាញទំនាក់ទំនងរវាងកងទ័ព ឬរវាងបក្សនយោបាយ​ដឹកនាំប្រទេសនោះទេ។

កូរ៉េខាងជើងខឹងខាងត្បូង រឿងបញ្ជូនខិតបណ្ណឃោសនាប្រឆាំងខ្លួន

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង បានលើកឡើងថា គឺមិនពីកូរ៉េខាងត្បូង បានធ្វើសកម្មភាព​បង្ហោះប៉េងប៉ោង នាំបញ្ជូននូវខិតបណ្ណចូលមកក្នុងទឹកដីកូរ៉េខាងជើង ដែលខិតបណ្ណទាំងនោះ មានខ្លឹមសារឃោសនាអូសទាញប្រជាជនកូរ៉េខាងជើង ព្រមទាំងបាន​រិះគន់ទៅលើរបបដឹកនាំកូរ៉េខាងជើង។ សកម្មទាំងនោះ គឺធ្វើដោយក្រុម​សកម្មជន​នៅកូរ៉េខាងត្បូង តែកូរ៉េខាងជើងចោទថា គឺអាជ្ញាធរ រួមទាំងកងទ័ពកូរ៉េខាងត្បូង បានបើកដៃឲ្យសកម្មជនធ្វើសកម្មភាពនេះ នៅតាមព្រំដែន។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងនេះ បានសរសេរបន្តថា សកម្មភាពឃោសនាប្រឆាំងកូរ៉េខាងជើងទាំងនេះ គឺវាមិនបានជួយអ្វីទេ ក្រៅតែពី​ធ្វើឲ្យ​ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២ ឈានទៅរកវិបត្តិកាន់តែជ្រៅឡើង។ ដូច្នេះ កូរ៉េខាងជើងបានសម្រេចថា វាគ្មានហេតុផលអ្វី ដែលត្រូវ​ប​ន្តរក្សាមធ្យោបាយ​ អង្គុយនិយាយទល់មុខគ្នាជាមួយកូរ៉េខាងត្បូងទៀតនោះទេ ព្រោះគ្មានអ្វីត្រូវនិយាយគ្នា ហើយ​មួយទៀតនោះ ទង្វើកន្លងមករបស់កូរ៉េខាងត្បូង គឺគ្មានអ្វីក្រៅតែពីធ្វើកូរ៉េខាងជើងហួសចិត្ត និយាយលែងចេញ​នោះទេ។

អមជាមួយនឹងការសម្រេច​ផ្តាច់បណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនេះ នៅថ្ងៃដដែលនេះ បណ្តាញ​​ព័ត៌មានកូរ៉េខាងជើង បានផ្សព្វផ្សាយនូវរូបភាពជាច្រើន ស្តីពី​សកម្មភាពដើរព្យុហយាត្រា ដ៏ធំសម្បើម របស់ប្រជាជនកូរ៉េខាងជើង អមដោយបដាឃោសនា បរិហារកូរ៉េខាងត្បូង ដែលជា​សត្រូវ។ បើតាម​ប្រភពពីកូរ៉េខាងត្បូង បណ្តាញទូរគមនាគមន៍ពិសេស ​ត្រូវបានកាត់ផ្តាច់មែន ដោយខាងត្បូងព្យាយាមទូរស័ព្ទទៅខាងជើង តែគ្មាននរណាលើកទេ។

ប្អូនស្រីគីម ជុងអ៊ុន ចេញមុខចាត់ចែងកិច្ចការរដ្ឋ

នាងគីម យូជុង ប្អូនស្រីរបស់គីម ជុងអ៊ុន គឺជាអ្នកផ្តើមគំនិត និងសម្រេច​ការផ្តាច់បណ្តាញទំនាក់ទំនងទាំងស្រុងនេះ ដោយមានការ​ស្របយោបល់ ពីអនុប្រធានបក្សកុម្មុយនីស្តកូរ៉េខាងជើង ឈ្មោះ គីម យុងឆុល។ នេះបើផ្អែកតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន KCNA ផ្ទាល់តែម្តង។

តាមពិតទៅវាគ្មានអ្វីចម្លែកប៉ុន្មានទេ ព្រោះថានៅក្នុងរបបដឹកនាំផ្តាច់ការរបៀបនេះ អំណាចឥទ្ធិពលនយោបាយ គឺគេតែងតែផ្ទេរបន្តក្នុងសមាជិកគ្រួសារគ្នាគេ ឪពុក កូន ម្តាយ បងប្អូនប្រុសស្រី គឺសុទ្ធតែអាចមានអំណាច ចាត់ចែងនយោបាយរបស់ប្រទេសទាំងមូល។

មួយរយៈនេះ យើងសង្កេតឃើញថា ប្អូនស្រី របស់ គីម ជុងអ៊ុន បានចេញមុខជាសាធារណៈ ចាត់​ចែង​កិច្ចការនយោបាយច្រើន​។ ជាក់ស្តែង កាលពីសប្តាហ៍កន្លងទៅ នាង គីម យូជុងនេះ បានចេញមុខ គំរាមកូរ៉េខាងត្បូងថា និងហែកចោលកិច្ចព្រមព្រៀងយោធា ដែលប្រទេសទាំង២បានចុះហត្ថលេខា កាលពីខែកញ្ញាឆ្នាំ២០១៨ ប្រសិនបើ​កូរ៉េខាងត្បូង មិន​ព្រមបញ្ឈប់សកម្មភាព​ បញ្ជូន​ខិតបណ្ណឃោសនាប្រឆាំងកូរ៉េខាងជើងទេនោះ។

យើងដឹងថា តាំងតែពីឆ្នាំ២០១៧មក នាង​​គីម យូជុង គឺជាលេខាផ្ទាល់របស់ គីម ជុងអ៊ុន។ នៅក្នុងជំនួបកំពូល​ ដែលគីម ជុងអ៊ុន ជួប​ជាមួយលោកដូណាល់ ត្រាំ ឬ ជាមួយលោក​ មូន ជាអ៊ូន គឺគេតែងតែឃើញវត្តមានរបស់ នាង គីម យូជុងនេះ នៅអែបជានិច្ច។ មានន័យថា គីម ជុងអ៊ុន ទុកចិត្តប្អូនស្រីខ្លួន  ហើយចង់ឲ្យ​ប្អូនស្រីខ្លួន មានឥទ្ធិពលនយោបាយ ទាំងនៅក្នុងចំណោមថ្នាក់ដឹកផ្ទៃក្នុងបក្ស ក៏ដូចជាក្នុងក្រសែរភ្នែក​អន្តរជាតិ។

ទាមទារចំណាប់អារម្មណ៍ ដាក់សំពាធចង់ចរចា

ការចរចាសន្តិភាពបានជាប់គាំងជាងមួយ១ឆ្នាំ ហើយពិភពលោកបច្ចុប្បន្ននេះ មិនសូវខ្វាយខ្វល់រឿងកូរ៉េខាងជើងប៉ុន្មានទេ គឺគេបារម្ភតែបញ្ហាសេដ្ឋកិច្ច បង្កឡើងដោយវិបត្តិជំងឺឆ្លងកូវីដ១៩។ លោក ស៊ីន បឹមឆុល អ្នកវិភាគនៅ​វិទ្យាស្ថានសិក្សាសន្តិសុខជាតិកូរ៉េ បានលើកឡើងថា កូរ៉េខាងជើង កំពុងតែប្រើស្នៀតរករឿង បន្ថែមការដាក់សំពាធមកលើកូរ៉េខាងត្បូង។ កាលពីខែឧសភា កូរ៉េខាងជើងបានរករឿង បាញ់គ្រាប់មកលើប៉ុស្តិយាមព្រំដែនកូរ៉េខាងត្បូង ក្នុងតំបន់​គ្មានអាវុធ បន្ទាប់ពីកងទ័ពកូរ៉េខាងត្បូង បាន​បាញ់ប្លោងដោយអចេត។

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា តាមពិត គឺកូរ៉េខាងជើង រកលេសដើម្បីរករឿងកូរ៉េខាងត្បូង ធ្វើឲ្យរញ្ជួយឆាកនយោបាយកូរ៉េខាងត្បូងតែ​ប៉ុណ្ណោះ។ ជាពិសេស​នោះ គឺជាមួយនឹងវត្តមានរបស់ប្អូនស្រីគីម ជុងអ៊ុន ជាអ្នកចេញមុខទៀត គឺមានន័យថា រឿងនេះកាន់តែល្បី និងមិនទាន់អស់ត្រឹមនេះទេ។ កូរ៉េខាងជើង នឹងរកវិធី ធ្វើឲ្យ​កម្រើករញ្ជួយ ទៅដល់សហរដ្ឋអាេមរិក ព្រោះថាកម្មវត្ថុរបស់​កូរ៉េខាងជើង គឺចង់បើកការចរចា ជាមួយអាេមរិក និងកូរ៉េខាងត្បូងឡើងវិញ។

ជាមួយនឹងបរិបទនយោបាយផ្ទៃក្នុងរបស់អាេមរិកបច្ចុប្បន្ន ដែលលោកដូណាល់ ត្រាំ មានភាពទន់ខ្សោយ ត្រូវគេរិះគន់កាន់តែខ្លាំង កូរ៉េខាងជើងប្រហែលជាសង្ឃឹមថា បើ​ចរចាជាមួយអាមេរិក ឲ្យ​បាន​មុនចប់អាណាត្តិលោកដូណាល់ ត្រាំ ប្រហែលជាចំណេញច្រើន ព្រោះលោកដូណាល់ ត្រាំ អាចធ្វើសម្បទានអោយច្រើន ព្រោះលោកដូណាល់ ត្រាំ អាចប្រញ៉ាប់យកឲ្យ​បានតែនាម ថាមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង  ដើម្បីយកទៅអួតឃោសនាការបោះឆ្នោតអាណត្តិថ្មី៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ