អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

កូរ៉េខាងជើង ត្រៀមបង្ហោះខិតបណ្ណរាប់លានសន្លឹកទៅកាន់កូរ៉េខាងត្បូង ដើម្បីសងសឹក

បណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើង បានផ្សព្វផ្សាយថា កូរ៉េខាងជើង កំពុងតែត្រៀមខិតបណ្ណជាច្រើនលានសន្លឹក ដើម្បីបង្ហោះតាមបាល់ខ្យល់ចូលទៅទំលាក់នៅក្នុងទឹកដីកូរ៉េខាងត្បូង។ ខិតបណ្ណនោះ គឺដើម្បី​សំដែងកំហឹង និងការស្អប់ខ្ពើម របស់ប្រជាជនកូរ៉េខាងជើងទាំងអស់​ ទៅលើរបបដឹកនាំកូរ៉េខាងត្បូង។ គួរកត់សំគាល់ថា នេះគឺជាវិធានការថ្មីមួយទៀត របស់កូរ៉េខាងជើងដើម្​បី​បង្កបញ្ហាជាមួយកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានសម្រេចកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់​ ជាមួយកូរ៉េខាងត្បូង ព្រមទាំងបានដាក់គ្រាប់បែកបំផ្ទុះកំទេចអាគារទំនាក់ទំនងប្រទេសទាំង២ចោលផង កាលពីសប្តាហ៍មុន។

ទេសចរណ៍កូរ៉េខាងត្បូង នៅតំបន់គ្មានអាវុធ ព្រំដែនកូរ៉េទាំង២ (DMZ) ថ្ងៃទី១៧ មិថុនា ២០២០
ទេសចរណ៍កូរ៉េខាងត្បូង នៅតំបន់គ្មានអាវុធ ព្រំដែនកូរ៉េទាំង២ (DMZ) ថ្ងៃទី១៧ មិថុនា ២០២០ REUTERS - Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សព្វផ្សាយថា កូរ៉េខាងជើង កំពុងតែត្រៀមយុទ្ធវិធី សងសិកចំពោះកូរ៉េខាងត្បូង ដែលបាន​បណ្តោយឲ្យ​ក្រុមមនុស្សមួយចំនួន បង្ហោះខិតបណ្ណប្រឆាំងរបបដឹកនាំកូរ៉េខាងជើង ចូលមកក្នុងទឹកដីកូរ៉េខាងជើង។ បណ្តាញព័ត៌មានបន្តថា ប្រជាជនកូរ៉េខាងជើង កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីផលិតខិតបណ្ណចំនួន​១២លានសន្លឹក ដែលខិតបណ្ណទាំងនោះ នឹងឆ្លុះបញ្ចាំងអំពីការចងកំហឹង របស់ប្រជាជនកូរ៉េខាងជើង ចំពោះកូរ៉េខាងត្បូង ដែលជាសត្រូវ។

"ពេលវេលានៃការដាក់ទោសពិន័យ ទៅលើកូរ៉េខាងត្បូង កំពុងខិតជិតមកដល់ហើយ"។ បណ្តាញព័ត៌មាន KCNA សរសរសបន្ថែមថា ខិតបណ្ណទាំងនោះ នឹងត្រូវបង្ហោះតាមបាល់ខ្យល់ចំនួន​៣០០០គ្រឿង ចូលជ្រៅទៅក្នុង​ទឹកដីកូរ៉េខាងត្បូង ហើយទំលាក់ផ្សព្វផ្សាយ​ ឲ្យប្រជាជនខាងត្បូងបានដឹង អំពីអំពើអាក្រក់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។

គួររំលឹកថា កូរ៉េទាំង២ តែងតែបានប្រើវិធីបង្ហោះខិតបណ្ណចូលទៅដីម្ខាងទៀត ដើម្បី​ឃោសនារិះគន់​គ្នា​ទៅវិញទៅមក។ តែទង្វើនេះ ត្រូវបានបញ្ឈប់ទៅវិញនៅឆ្នាំ២០១៨ រួមទាំងការដាក់ឧឃោសនសព្ទ តាមព្រំដែនផង ក្រោយពេលដែលមានជំនួបកំពូល ​រវាងលោកមូន ជាអ៊ីន និង លោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែថ្មីៗនេះ ក្រុមជនភៀសខ្លួនរត់គេចពីកូរ៉េខាងជើង បានបង្ហោះខិតបណ្ណជាច្រើនលើក ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ធ្វើឲ្យកូរ៉េខាងជើងក្តៅក្រហាយ​ ចាត់ទុកថាជាសង្រ្គាម​ចិត្តសាស្រ្ត។

គួរកត់សំគាល់ដែរថា សន្លឹកខិតបណ្ណអាចបង្កឲ្យមានភាពតានតឹង​ ឈានទៅប្លោងអាវុធ រវាងកូរ៉េបងប្អូនទាំង២។ ជាក់ស្តែង កាលពីខែតុលាឆ្នាំ២០១៤ កូរ៉េខាងជើងបានបាញ់កម្ទេច បាល់ខ្យល់ដែលយោង​ខិតបណ្ណ។ ទាហានព្រំដែនកូរ៉េខាងត្បូងក៏បានបាញ់តបតវិញ។

តែយ៉ាងណាក៏ដោយ ខិតបណ្ណរបស់កូរ៉េខាងជើង ដែលបង្ហោះមកកាន់​កូរ៉េខាងត្បូង គឺមិនសូវជាមានឥទ្ធិពលប៉ុន្មានទេ។ ប្រជាជនកូរ៉េខាងត្បូងភាគច្រើន មិនទាំងខ្វល់រើសយកមកអានផងទេ។ ជាទូទៅ ខិតបណ្ណ​កូរ៉េខាងជើង បានសរសេរអមដោយរូបភាព អួតសរសើរ អំពីសមិទ្ធិផលដ៏អស្ចារ្យរបស់កងទ័ពកូរ៉េខាងជើង ហើយពេលខ្លះខិតបណ្ណនោះ គ្មានអំណះអំណាងហេតុផលអ្វីច្រើនទេ ក្រៅតែ​ពី​ប្រើពាក្យ ជេរប្រមាថ​យ៉ាងអសុរស មកលើមេដឹកនាំកូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ