អានតួអត្ថបទ
ចិន-អូស្ត្រាលី

អ្នកនយោបាយ​អូស្ត្រាលីម្នាក់ ជាប់សង្ស័យធ្វើការបំរើប្រយោជន៍ចិន ត្រូវសមត្ថកិច្ចចុះឆែកឆេរដល់ផ្ទះ

លោក Shaoquett Moselmane អ្នកនយោបាយ​អូស្ត្រាលី ជាសមាជិកនៃសភារដ្ឋ New South Wales កំពុងជាប់ការសង្ស័យពីសមត្ថកិច្ចអូស្ត្រាលី ថាបានធ្វើការ​បំរើផលប្រយោជន៍របស់ប្រទេសចិន។ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេត គេហដ្ឋាននិងការិយល័យធ្វើការ​ របស់របស់អ្នកនយោបាយ​អូស្ត្រាលីរូបនេះ ត្រូវបានសមត្ថកិច្ចចុះឆែកឆេរ កាលពីថ្ងៃសុក្រកន្លងទៅ។ លោក Shaoquett Moselmane បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយ​បានចាត់​ទុកថា មានមនុស្សមួយក្រុម​ កំពុង​ព្យាយាមតាមប្រម៉ាញ់ និងបំផ្លាញរូបលោក។

ក្រុមស៊ើបអង្កេត កំពុងជញ្ជូនយកឯកសារ រឹបអូសបាននៅគេហដ្ឋានរបស់លោក 
 Shaoquett Moselmane ពាក់ព័ន្ធនឹងសំណុំរឿងចារកិច្ច បំរើផលប្រយោជន៍ចិន។ ក្រុងស៊ីដនី ថ្ងៃទី​២៦ មិថុនា២០២០
ក្រុមស៊ើបអង្កេត កំពុងជញ្ជូនយកឯកសារ រឹបអូសបាននៅគេហដ្ឋានរបស់លោក Shaoquett Moselmane ពាក់ព័ន្ធនឹងសំណុំរឿងចារកិច្ច បំរើផលប្រយោជន៍ចិន។ ក្រុងស៊ីដនី ថ្ងៃទី​២៦ មិថុនា២០២០ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតប្រកាសមួយ ដែលលោក Shaoquett Moselmane បាន​ផ្សាយនៅថ្ងៃចន្ទ ទី២៩មិថុនា អ្នកនយោបាយ​អូស្ត្រាលី​រូបនេះ បានអះអាងថា លោកគ្មានបានធ្វើអ្វីខុសទាល់តែសោះ តែគេនៅតែបន្តចោទប្រកាន់ លាបពណ៌ថាលោកជាអ្នកនយោបាយ​ ស៊ីឈ្នួលបំរើផល​ប្រយោជន៍ ឲ្យ​រដ្ឋាភិបាលចិនប៉េកាំង។

លោកបានទទួលស្គាល់ថា ការស៊ើបអង្កេតស្តីពីបញ្ហានេះ គឺជារឿងត្រឹមត្រូវហើយ តែការចោទប្រកាន់ទាំងឡាយដោយគ្មានភស្តុតាង មកលើរូបលោក គឺជារឿងមួយមិនអាចទទួលយកបានទេ។លោកបន្តថា ខ្លួនលោកត្រូវបាន​គណបក្ស​ពលករអូស្ត្រាលី សម្រេចព្យួរ សមាជិកភាពជាមន្ត្រី​របស់គណបក្ស ដែលនេះគឺវាហាក់ដូចជាទង្វើរបស់មនុស្សមួយក្រុម ដែលមានបំណងបំផ្លាញរូបលោក។

គួរកត់សំគាល់ថា រហូតមកទល់ពេលនេះ អាជ្ញាធរអូស្ត្រាលី មិនបានបញ្ចេញ​ធាតុផ្សំ ព្រមទាំងភស្តុតាង ទាក់ទិននឹងការចោទសង្ស័យ ថាលោក Shaoquett Moselmane បានធ្វើការបំរើរដ្ឋាភិបាលចិននោះទេ។ តែយ៉ាងណា គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាលោក Shaoquett Moselmane មានទំនោរនិងគាំទ្ររដ្ឋាភិបាលប៉េកាំង តាំងតែពីដើមរៀងមក។ សមាជិកគណបក្ស​ពលករអូស្ត្រាលីខ្លះ បានលើកឡើងថា ការដែលលោក​Shaoquett Moselmane ធ្វើដំណើរឡើងចុះញឹកញាប់ទៅប្រទេសចិន វាគឺជារឿងគួរឲ្យសង្ស័យ ហើយការរើសមនុស្សចូលធ្វើការ ក្នុងក្រុមការងារលោក ក៏ធ្វើឲ្យ​គេសង្ស័យដែរ។

គួររំលឹកថា ជាច្រើនខែមកហើយ ដែលអូស្ត្រាលី បានបើកប្រតិបត្តិការវែកមុខអ្នកនយោបាយ​ មិនថាក្នុងថ្នាក់រដ្ឋសមាជិក ឬរដ្ឋសហព័ន្ធទេ ដោយសង្ស័យថា មានជនបង្កប់ស៊ីឈ្នួល​បម្រើប្រយោជន៍របស់ប្រទេសផ្សេង គឺប្រទេសចិនជាពិសេសតែម្តង។ កាលពី​ឆ្នាំ២០១៩ អតីតប្រធានក្រុម​ស៊ើបការណ៍សម្ងាត់អូស្ត្រាលី បាន​ចោទដោយ​ចំៗថា ចិនប៉េកាំងបាន ទិញទឹកចិត្តអ្នកនយោបាយអូស្ត្រាលី​ ដើម្បីលួចយកព័ត៌មាន និងកិច្ចការសម្ងាត់ជាតិ​របស់អូស្ត្រាលី ហើយឈានទៅប្រើឥទ្ធិពល​លើរដ្ឋាភិបាលអូស្ត្រាលីទាំងមូលតែម្តង។

ក្រសួងការបរទេសចិន បានបញ្ជាក់ថាខ្លួនបានទទួលដំណឹងអំពីការចុះឆែកឆេរ ផ្ទះនិងការិយាល័យធ្វើការ​ របស់លោក​​ Shaoquett Moselmane ហើយចិនសូមបដិសេធចោលទាំងអស់ ចំពោះ​ការចោទប្រកាន់ ពាក់ព័ន្ធនឹងការទិញទឹកចិត្តបម្រើប្រយោជន៍។ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិន បាននិយាយ​ចោទថ្នាក់ដឹកនាំនយោបាយ​អូស្ត្រាលី ថាបានឆ្លងជំងឺរវើរវាយស្អប់ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ