អានតួអត្ថបទ
ហុងកុង

ហុងកុង​ដក​សៀវភៅ​ស្តីពី​ប្រជាធិបតេយ្យ ចេញ​ពី​បណ្ណាល័យ

ច្បាប់​សន្តិសុខ​ជាតិ​ ចាប់​ចូល​ជា​ធរមាន ហុងកុង​ចាប់​ប្តូរ​ផ្លាស់​ ​សេរីភាព​នៃ​ការ​អាន​ក៏លែង​ដូច​មុន​ទៀត​ដែរ។ ​សៀវភៅដែល​​សរសេរ​ដោយ​សកម្មជន​ប្រជាធិបតេយ្យ​ល្បីៗ​នៅហុងកុង ត្រូវ​បាន​ដក​ចេញ​ជា​​បណ្តើរៗ​ពី​បណ្ណាល័យ​ក្រុង។ អ្នក​អាន​អាច​រក​ឃើញ​ចំណង​ជើង​សៀវភៅ​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ​ខ្លះ នៅ​ក្នុង​​បញ្ជី​រាយ​ឈ្មោះ​សៀវភៅ​របស់​បណ្ណាល័យ ប៉ុន្តែ​មិន​អាច​ខ្ចី​យក​ទៅ​អាន​បាន​ទៀត​ទេ។

បណ្ណាល័យ​ជាតិ​បារាំង​ (រូបថត​តំណាង)
បណ្ណាល័យ​ជាតិ​បារាំង​ (រូបថត​តំណាង) FRANCOIS GUILLOT / AFP
ផ្សាយពាណិជ្ជកម្ម

សៀវភៅ​របស់​អ្នក​និពន្ធ Joshua Wong សកម្មជន​ប្រជាធិបតេយ្យ​ដ៏​ល្បីល្បាញ​ជាង​គេ ស្នាដៃ​និពន្ធរបស់​អ្នក​ស្រី Tanya Chan សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ដ៏​ឆ្នើម ឬ​របស់​​បញ្ញាជន Chin Wan ត្រូវ​បានដក​ចេញពី​​បណ្ណាល័យ​ក្រុង​ហុងកុងហើយ។ នៅ​ពេល​អ្នក​អាន​ស្វែង​រក​តាម​អ៊ីនធ័រនែត ក្នុង​វេបសាយ​របស់​បណ្ណាល័យ លទ្ធផល​បង្ហាញ​អំពី​ឈ្មោះ​សៀវភៅ​​របស់​អ្នក​និពន្ធ​ខាង​លើ ពីរបី​ក្បាល​ដែរ នៅ​តាម​បណ្ណាល័យ​ជា​ច្រើន​របស់​ក្រុង ប៉ុន្តែ​គេ​មិនអាច​ខ្ចី​សៀវភៅ​ទាំង​នោះ​យក​មកអាន​បាន​​ទៀត​ទេ។

អ្នក​កាសែត​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង បាន​សាកល្បង​ទៅ​រកខ្ចី​សៀវភៅ​ទាំង​នោះ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៤​កក្កដាតាម​បណ្ណាល័យ​រដ្ឋ​ក្នុង​សង្កាត់​រស់​នៅរបស់​ខ្លួន តែ​រក​ពុំ​បាន​សោះ។ ការិយាល័យវប្បធម៌ និងកំសាន្ត​របស់​ក្រុង​ហុងកុង ទទួល​បន្ទុក​ផ្នែក​សេវា​បណ្ណាល័យ បានប្រកាស​ថា សៀវភៅ​ទាំង​នោះត្រូវ​បាន​ដក​ចេញ​ពី​បណ្ណាល័យ​ហើយ ព្រោះ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ច្បាប់​សន្តិសុខ​ជាតិ។ នៅពេល​ធ្វើ​បញ្ជី​សារពើភ័ណ្ឌឡើងវិញ សៀវភៅ​ទាំងនេះ នឹង​លែង​មាន​ឈ្មោះក្នុង​បញ្ជីអនឡាញ និង​ក្នុង​បញ្ជី​សៀវភៅ​សម្រាប់​ខ្ចី​ទៀត​ហើយ។

សូមបញ្ជាក់​ថា​បើ​តាម​ប៉េកាំង ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែលបាន​ចូល​ជា​ធរមាននៅល្ងាច​ថ្ងៃអង្គារ​ទី ៣០​មិថុនា​ ជា​ច្បាប់គ្រប់គ្រង​បទ​ឧក្រិដ្ឋ​​របស់​ជន​មួយ​ក្តាប់​តូច ដែល​ចង់​ធ្វើ​វិទ្ធង្សនា អបគមន៍ ភេរវនិយម​ និង​ឃុបឃិត​ជាមួយ​បរទេស។ ប៉ុន្តែ​ច្បាប់​នេះ​បាន​បង្ក​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំងនៅហុងកុង។ ប៉ូលិស​បាន​ចាប់ខ្លួនបាតុករ​ជា​ច្រើន​​ដែល​មានកាន់​ទង់ជាតិ ឬ​និម្មិត្តរូប​នៃ​ការទាមទារឯករាជ្យ​ ឬ​ស្វ័យភាព​ធំទូលាយ​ឱ្យ​​ហុងកុង ដែល​ជា​អតីតដែន​ដី​ក្រោមអាណានិគមអង់គ្លេស និង​ទើប​ប្រគល់​មកឱ្យ​ចិន​វិញ​នៅ​ថ្ងៃ​ទី ១កក្កដា​១៩៩៧ ក្រោមគោលការណ៍​ប្រទេសមួយ​ប្រព័ន្ធពីរ។​​ ការភ័យ​ខ្លាច​បាន​ជំរុញ​ឱ្យ​អ្នក​ជំនួញ​ទាំង​ឡាយ​​ចាប់​ផ្តើម​ដក​ផ្ទាំង​ការពារ​និង​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​។

​អ្នក​និពន្ធ Joshua Wong បាន​បញ្ចេញ​ប្រតិកម្មបាន​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ថា សៀវភៅ របស់​លោក​ត្រូវ​បាន​ដក​ចេញ​ពី​បណ្ណាល័យ​ដោយ​ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែលជា​ឧបករណ៍​សម្រាប់ ត្រួតពិនិត្យ “​បំបិទ​សេរីភាព” នៃ​ការ​បញ្ចេញ​មតិ។ បើតាមអ្នក​វិភាគ​និង​អ្នក​ច្បាប់​ជា​ច្រើន ច្បាប់​សន្តិសុខ​ជាតិ​ ចែង​​មិន​ច្បាស់​លាស់​​ ហាមឃាត់​ការ​បញ្ចេញ​ទស្សនៈនយោបាយ​ខ្លះ ទោះ​បី​ដោយ​សន្តិវិធី​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ