អានតួអត្ថបទ
អូស្ត្រាលី-ចិន

ចិននិង​​អូស្ត្រាលីដំឡើងសម្ពាធ​​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ជុំ​វិញ​​រឿង​ហុងកុង

មួយ​សប្តាហ៍​ក្រោយ​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ ​នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក​ Scott Morrison បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ កក្កដា ២០២០ ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន និង​ពន្យារ​ទិដ្ឋាការឱ្យ​ពលរដ្ឋ​ហុងកុង​ជា​ច្រើនពាន់​នាក់​ ដែល​កំពុងស្នាក់នៅ​ក្នុង​ទឹក​ដី​អូស្ត្រាលី។ ​ដោយ​គ្មាន​បង្អង់ ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​យ៉ាង​ទាន់ហន់ ចាត់​​ទុក​វិធានការ​របស់​អូស្ត្រាលី​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​​របស់​ចិន​និង​ហុងកុង។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក Scott Morrison ប្រកាស​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​និង​ពន្យារ​ទិដ្ឋាការ​ឱ្យ​ពលរដ្ឋ​ហុងកុង
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក Scott Morrison ប្រកាស​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​និង​ពន្យារ​ទិដ្ឋាការ​ឱ្យ​ពលរដ្ឋ​ហុងកុង DAVID GRAY / AFP
ផ្សាយពាណិជ្ជកម្ម

“ចិន​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ចោទ​ប្រកាន់​ និង​វិធានការ​គ្មានមូលដ្ឋាន​​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ពាក់ព័ន្ធ​នឹង​ហុងកុង”។ នេះ​ជា​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​កង់បេរ៉ា តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សេចក្តី​សម្រេចរបស់​រដ្ឋាភិបាល​អូស្ត្រាលី ពន្យារ​ទិដ្ឋាការ​ឱ្យ​ពលរដ្ឋ​ហុងកុង​ និង​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង។

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បានប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ពន្យារ​ទិដ្ឋាការ ៥​ឆ្នាំ ​​ដល់​ពលរដ្ឋ​ហុងកុង​ប្រមាណ​១ម៉ឺននាក់ដែលកំពុង​ស្នាក់​នៅ​​លើ​ទឹកដី​អូស្ត្រាលី និងដែល​ភាគ​ច្រើន​ជា​និស្សិត​ ដោយ​ក្រោយ​មក​ទៀត​ពួកគេ​អាច​មាន​លទ្ធភាព​ឱ្យ​សុំ​សិទ្ធិ​ជ្រកកោន​ជា​អចិន្ត្រៃយ៍​តែ​ម្តង​ផង។ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ថែម​​ទាំង​សម្រេច​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័នជាមួយ​ហុងកុង ក្រោម​ហេតុផល​ថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នៅ​ហុងកុង ដាក់​បង្ខំ​ដោយ​ចិន គឺ​ជា​ការ​ប្តូរ​ផ្លាស់​មូលដ្ឋាន​គ្រឹះ​​នៅ​ហុងកុង​។ ​​ច្បាប់​សន្តិសុខ​ជាតិថ្មី ដែល​ទំនង​ជា​នឹង​មក​បំបិទ​សេរីភាព​និង​ស្វ័យភាព​ហុងកុង​ អតីត​ដែន​ដីក្រោម​អាណានិគម​អង់គ្លេស ត្រលប់​មក​ជា​របស់​ចិន​នៅថ្ងៃ​ទី ១កក្កដា ១៩៩៧​វិញ ក្រោម​គោលការណ៍​​​ដែនដី​ស្វ័យត មាន​ប្រព័ន្ធ​ដឹកនាំ​ដាច់​ដោយ​ឡែក​ពី​ចិន​ដី​គោក។ ​​​

ពីរ​បី​នាទី​មុន​សុន្ទរកថា​របស់​នាយករដ្ឋមន្ត្រី​ ក្រសួងការបរទេស​អូស្ត្រាលី​ ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទាំង​អស់ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅហុងកុង​ឱ្យ​​ពិចារណា​ឡើង​វិញ​។ អាជ្ញាធរ​កង់បេរ៉ា យល់​ថា​ពលរដ្ឋ​អូស្ត្រាលី​អាច​ប្រឈមខ្លាំង​​​នឹង​ហានិភ័យ​នៃ​ការ​ចាប់ខ្លួន នៅ​ពេល​ស្នាក់​នៅ​លើ​ទឹកដី​ហុងកុង ក្រោម​ហេតុផល​មិន​ច្បាស់​លាស់​ តែ​ដោយមាន​​ច្បាប់សន្តិសុខ​ជាតិ​ថ្មី​ដ៏​ស្រពិចស្រពិល​ជា​​សំអាង។

ហុងកុង​ជា​ដៃគូ​ពាណិជ្ជកម្មដ៏សំខាន់មួយ​​របស់​អូស្ត្រាលី​។ កាល​ពី​ខែ​មករា​២០២០ ហុងកុង​បាន​ចុះសន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​នឹង​គ្នា​ផង។ ចិនក៏​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏ចំបង​របស់​អូស្ត្រាលី​ដែរ តែ​​ទំនាក់ទំនងទ្វេភាគី​​បាន​ធ្លាក់​ចុះ​ជា​លំដាប់​  ភាព​តាន​តឹងបាន​កើន​ឡើង​ឥតដាច់តាំង​​ពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ