អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ចង់​កំរិត​ហិរញ្ញវត្ថុ​សម្រាប់​វិនិយោគ​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​​ធ្យូងថ្ម នៅ​បរទេស

នៅថ្ងៃព្រហស្បតិ៍​ទី ៩​កក្កដា​២០២០​នេះ ជប៉ុន​បាន​ប្រកាស​ពង្រឹង​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​វិនិយោគ​គម្រោង​មជ្ឈមណ្ឌល​​ថាមពលដើរ​ដោយ​ធ្យូង​ថ្ម​ នៅបរទេស​។ ជា​វិធានការ​ ដើម្បី​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស ប៉ុន្តែ​ជប៉ុន​មិន​លុះ​ដល់ថ្នាក់​សម្រេច​ចិត្ត​លុប​នយោបាយ​គាំទ្រ​ថាមពលធ្យូង​ថ្ម​ដ៏​ចម្រូង​ចម្រាស​តែ​ម្តង​ឡើយ។

មជ្ឈមណ្ឌល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​ជាយ​ទីក្រុង​ប៉េកាំង (រូប​តំណាង)
មជ្ឈមណ្ឌល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​ជាយ​ទីក្រុង​ប៉េកាំង (រូប​តំណាង) REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

មហា​អំណាច​សេដ្ឋកិច្ច​លំដាប់ទី​បី​ពិភពលោក ​តែង​រង​ការ​រិះគន់​ជា​ញឹក​ញយ​ចំពោះ​នយោបាយ​គាំទ្រ​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ធ្យូង​ថ្ម​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ និង​ចំពោះ​ការ​បន្ត​ស្ថាបនានិង​​បន្ត​ប្រើ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅលើ​ទឹក​ផ្ទាល់​របស់​ខ្លួន។ ប៉ុន្តែ​នៅថ្ងៃ​នេះ ជប៉ុន​បាន​សម្រេចចាត់​វិធានការ​​រឹត​បន្តឹង​​​ការ​វិនិយោគ​ក្នុង​វិស័យ​ធ្យូងថ្ម​នៅ​បរទេស។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ឧស្សាហកម្មលោក​ Hiroshi Kajiyama នៅ​ក្នុង​សន្និសីទ​កាសែត នាទីក្រុង​តូក្យូ។

ដោយ​មិន​បានលម្អិត​អំពីការ​ពង្រឹង​លក្ខខណ្ឌវិនិយោគសម្រាប់ពេល​អនាគត លោក​រដ្ឋមន្ត្រីបានអះអាង​អំពី​ភាព​សំខាន់​និង​ចាំ​បាច់​នៃការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ប៉ុន្តែ​ជប៉ុន​ក៏​មិនអាច​នៅ​ស្ងៀម​មិន​ជួយ​​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​លើ​ពិភពលោក​ដែល​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ប្រើ​ថាមពល​ធ្យូង​ថ្ម​នោះ​ឡើយ។ បើ​តាម​សារព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន រដ្ឋ​ជប៉ុន​នឹង​បន្ត​គាំទ្រ​ការ​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ដើរ​ធ្យូងថ្ម​នៅ​បរទេស តែ​ចំពោះ​រោងចក្រណា​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​តិច​ជាង​រោងចក្រ​ធ្យូងថ្ម​បែប​បូរាណ​ យ៉ាង​ហោច​១៥% ឬ​ក៏​រោងចក្រ​ដើរ​ដោយ​​ធ្យូងថ្ម​លាយ​នឹង​​សំរាម។

នាយក​អង្គការការពារ​រ​បរិស្ថានជប៉ុន​បាន​សម្តែង​ការអបអរថា​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​​សេចក្តី​សម្រេចចិត្ត​ដ៏​ធំ​មួយ​ ប៉ុន្តែ​សោក​ស្តាយ​ដែល​រដ្ឋាភិបាល​មិនព្រម​ប្រកាសបញ្ឈប់​ទាំង​ស្រុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ផ្នែក​វិនិយោគរោង​ចក្រ​​ធ្យូងថ្ម។ ចំណែក​អង្គការ​ Greenpeace ជប៉ុន​បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បរិហារ​​ថា​រដ្ឋាភិបាល​មិនព្រមទទួល​ស្គាល់​ថា​​អាកាសធាតុ​ជា​បញ្ហា​ធ្ងន់ធ្ងរ និង​មិន​ប្រឹង​ប្រែង​គោរព​​កិច្ចព្រមព្រៀង​អាកាសធាតុ​​​ដែលជប៉ុន​​បាន​ចុះ​ហត្ថលេខា​​នៅទីក្រុង​ប៉ារីស​កាលពីឆ្នាំ​២០១៥ទេ។

មជ្ឈមណ្ឌលថាមពល​ដើរ​ធ្យូង​ថ្ម​ជំនាន់​ក្រោយ​ អភិវឌ្ឍ​ដោយ​បច្ចេកវិទ្យាជប៉ុន បញ្ចេញ​ឧស្ម័ន​ពុល​តិច​ជាង​មជ្ឈមណ្ឌល​ជំនាន់​មុន​មែន​ តែ​ច្រើន​ជាង​ពីរ​ដង​មជ្ឈមណ្ឌល​ថាមពលដើរ​ដោយ​ឧស្ម័ន​។ នេះ​បើ​តាម​អ្នក​ជំនាញ​បរិស្ថាន​នៃសាកលវិទ្យាល័យ​ជប៉ុន។

ជប៉ុន​ជាប់​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​រោង​ចក្រ​ធ្យូងថ្ម​ធំ​​ជាងគេ​លំដាប់​ទីពីរ​បន្ទាប់​ពី​ចិន។ កាលពី​ថ្ងៃ​សុក្រ​មុន ជប៉ុន​បានសន្យា​សិក្សា​រក​វិធានការ​ជាក់​ស្តែង​ដើម្បី​កាត់​បន្ថយ​ភាព​រំពឹង​លើ​ថាមពល​ធ្យូងថ្ម ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០។ សារព័ត៌មាន​ក្នុង​ស្រុក​បានលើក​ឡើង​ថា​រដ្ឋាភិបាល​ចង់​បិទ​រោងចក្រ​អគ្គីសនី​ដើរ​ធ្យូងថ្ម ចំនួន​១០០​ក្នុង​ចំណោមមជ្ឈមណ្ឌ​សរុបចំនួន​​១១៤​​។ តែ​រដ្ឋាភិបាលបដិសេធ​មិន​បញ្ជាក់​អំពី​តួលេខ​នេះ​ទេ។ សូម​បញ្ជាក់​ថា នៅ​ជប៉ុន​១/៣​នៃ​អគ្គីសនី​បានមក​ពី​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ